គ.ជ.ប កោះអញ្ជើញបក្សឈ្នះឆ្នោតទាំងពីរប្រជុំពិនិត្យភាពមិនប្រក្រតី
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសអញ្ជើញជាថ្មីម្តងទៀត ដល់គណបក្សឈ្នះឆ្នោតទាំងពីរ ឲ្យចូលរួមប្រជុំដើម្បី សម្រេចបង្កើតគណៈកម្មការពិសេសមួយ សម្រាប់ត្រួតពិនិត្យ ផ្ទៀងផ្ទាត់របាយការណ៍អំពីភាពមិនប្រក្រតីទាំងឡាយ ក្នុងថ្ងៃបោះឆ្នោត។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប ចេញផ្សាយនៅថ្ងៃទី ០៩ ខែសីហានេះ។
គ.ជ.ប បានទទួលពាក្យបណ្តឹងអំពីភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៥ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ កន្លងមកដែលមានចំនួន ១២៥បណ្តឹង។
ក្នុងសេចក្តីអំពាវនាវបានសរសេរថា ចំពោះមុខការទទួលខុសត្រូវ និងក្នុងស្មារតីស្ថាបនាសំដៅធ្វើឲ្យសម្រេចនូវយន្តការមួយមាន តម្លាភាព គ.ជ.ប មានជំនឿយ៉ាងមុតមាំ ចំពោះសុឆន្ទៈរបស់គណបក្សនយោបាយទាំងពីរគឺ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ក្នុងការចូលរួមប្រជុំបង្កើតគណៈកម្មការនេះ ឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហា ដែលមាននៅក្នុងរបាយការណ៍ នៃភាពមិនប្រក្រតី ដែលគណៈកម្មាធិការរៀបចំការបោះឆ្នោត បានទទួល។
ខណៈតួលេខលទ្ធផលបឋម ប្រកាសដោយ គ.ជ.ប ត្រូវគ្នាទៅនឹងការអះអាងរបស់គណបក្សប្រជាជនកម្ពុជា ដែលអះអាងថា បានឈ្នះ ៦៨ អាសនៈ ទល់នឹង ៥៥ អាសនៈ សម្រាប់គណបក្សសង្គ្រោះជាតិក៏ដោយ ក៏គណបក្សប្រឆាំងបានអះអាងតាំងពីដំបូងថា ចំនួនអាសនៈ ដែលពួកគេឈ្នះ គឺមានចំនួនច្រើនជាងនេះ។ កាលពីសប្តាហ៍មុន គណបក្សនេះប្រកាសថា ខ្លួនបានឈ្នះយ៉ាងហោចណាស់ ៦៣ អាសនៈ នៃអាសនៈ ១២៣ របស់សភា ដោយផ្អែកទៅលើតួលេខដែលប្រមូលបានពីអ្នកសង្កេតការណ៍នៅតាម ការិយាល័យបោះឆ្នោត។…
http://www.postkhmer.com/index.php/online/102160-2013-08-09-05-31-36