តំណាងគណបក្សសង្គ្រោះជាតិ ត្រៀមជួបអាជ្ញាធររាជធានីភ្នំពេញ នៅរសៀលនេះ
នៅរសៀល ម៉ោង ៣ និង ៣០ នាទី ថ្ងៃសុក្រ ទី១៨តុលានេះ អាជ្ញាធររាជធានីភ្នំពេញ នឹងជួបប្រជុំជាមួយតំណាងគណបក្សសង្គ្រោះជាតិ អំពីគម្រោងធ្វើបាតុកម្មជាថ្មី របស់បក្សប្រឆាំងរយៈពេល ៣ថ្ងៃ ៤យប់ ចាប់ពីថ្ងៃទី២៣តុលា។ គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦តុលា បានផ្ញើរលិខិតមួយ ជូនអភិបាលរាជធានីភ្នំពេញ ស្តីពីការធ្វើមហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ និងការដង្ហែក្បួនបាតុកម្មដោយសន្តិវិធី នៅថ្ងៃទី២៣-២៤-២៥ខែតុលាខាងមុខ។
ជាមហាបាតុកម្មអហិង្សា ដែលនឹងប្រព្រឹត្តទៅចាប់ពីវេលាម៉ោង ៧ព្រឹក នៅថ្ងៃទី២៣តុលា ដល់វេលាម៉ោង ៦ល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ដោយមានការសម្តែងមតិរបស់បាតុករ ការសម្តែងសិល្បៈ ចម្រៀង និងការបញ្ចាំងខ្សែភាពយន្តឯកសារ ការអង្គុយដោយស្ងៀមស្ងាត់ និងការដង្ហែក្បួនយកញត្តិទៅប្រគល់ជូនអង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងស្ថានទូតនានា ដូចជា៖ ស្ថានទូតបារាំង ជប៉ុន សហរដ្ឋអាមេរិក ចិន ឥណ្ឌូនេស៊ី អង់គ្លេស និងស្ថានទូតអូស្រ្តាលី។…
លី ម៉េងហួរ
http://www.khmer.rfi.fr/cnrp-meet-pp-municiple