បក្ស​ប្រឆាំង​រិះគន់​សវនាការ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​មណ្ឌល​ខេត្ត​សៀមរាប

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បើក​សវនាការ​បណ្ដឹង​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប ដោយ​កាត់​ក្តី​តម្រូវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដាក់​ទោស​មន្ត្រី​ក្រោម​ឱវាទ​ខ្លួន​ចំនួន ៧​ការិយាល័យ ដែល​អនុវត្ត​ការងារ​ខុស​នីតិវិធី​បោះ​ឆ្នោត។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ខក​ចិត្ត និង​រិះគន់​ចំពោះ​ការ​សម្រេច​ក្តី​នេះ​ថា មិន​អព្យាក្រិត និង​មិន​ឯករាជ្យ។ អ្នកស្រី កែ សុវណ្ណរតន៍ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្តសៀមរាប បាន​ខក​ចិត្ត​ចំពោះ​សម្រេច​ក្តី​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ទៅ​លើ​បណ្ដឹង​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ នៅ​មណ្ឌល​ខេត្ត​សៀមរាប ថា​មិន​យុត្តិធម៌​ទេ។ អ្នកស្រី​បញ្ជាក់​ថា សវនាការ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គឺ​បាន​អនុវត្ត​ផ្ទុយ​បណ្ដឹង​ខ្លួន ដែល​ប្ដឹង​ទាមទារ​ស្នើ​ឲ្យ គ.ជ.ប រៀប​ចំ​បោះ​ឆ្នោត​ឡើង​វិញ​ចំនួន ១៦​ការិយាល័យ​បោះ​ឆ្នោត។ បណ្ដឹង​ស្នើសុំ​រាប់​សន្លឹក​ឆ្នោត​មិន​បាន​ការ​ឡើង​វិញ​ចំនួន ២០០​ការិយាល័យ និង​បណ្ដឹង​ស្នើ​ឲ្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​បោះ​ឆ្នោត​ចំនួន ៧៥​ការិយាល័យ​ឡើង​វិញ។ អ្នកស្រី កែ សុវណ្ណរតន៍ ឲ្យ​ដឹង​ថា សវនាការ​នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ទៅ​លើ​បណ្ដឹង​ខ្លួន​នៅ​មណ្ឌល​ខេត្ត​សៀមរាប គឺ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ត្រឹម​តម្រូវ​ឲ្យ​ស្ថាប័ន គ.ជ.ប ដាក់​ទោស​ទណ្ឌ​មន្ត្រី​ក្រោម​ឱវាទ​ខ្លួន​ចំនួន ៧​ការិយាល័យ ដែល​អនុវត្ត​ការងារ​ខុស​នីតិវិធី​បោះ​ឆ្នោត គឺ​មិន​អាច​ទទួល​យក​បាន​ទេ៖ «សវនាការ ​ទាក់ទង​ទៅ​នឹង​ការ​បើក​កញ្ចប់​សុវត្ថិភាព “ក” ១២​ការិយាល័យ​នៅ​មណ្ឌល​ខេត្ត​សៀមរាប ពី​ថ្ងៃ​ទី៣០ ខែ​សីហា គឺ​ឃើញ​មាន​ភាព​មិន​ប្រក្រតី ៧​ការិយាល័យ​បោះ​ឆ្នោត។ ៦​ការិយាល័យ គឺ​កញ្ចប់​សុវត្ថិភាព “ក” បើក​ចំហ និង ១​ការិយាល័យ​កញ្ចប់​សុវត្ថិភាព “ក” រហែក និង ២​ការិយាល័យ​កញ្ចប់​សុវត្ថិភាព “ខ” មិន​មាន​សោ​ឃ្លុំ និង ៣​ការិយាល័យ​ខុស​ទិន្នន័យ​ធៀប​ទៅ​នឹង​ទម្រង់ ១១០៤ ទម្រង់ ១១០២ និង​ទម្រង់ ១១០៨។ ហើយ​យើង​ឃើញ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ថ្ងៃ​នេះ បាន​សម្រេច​ដាក់​ទោស​ទៅ​លើ​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត។ ក៏ប៉ុន្តែ បែរ​ជា​បង្វែរ​ការ​ដាក់​ទោស​ហ្នឹង ទៅ​ឲ្យ​ស្ថាប័ន គ.ជ.ប ជា​អ្នក​ដាក់​ទោស​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ទៅ​វិញ។ ទោស​នេះ​អត់​ធ្ងន់​ទេ ពីព្រោះ​ស្ថាប័ន​ខ្លួន​ដាក់​ទោស​មន្ត្រី​របស់​ខ្លួន»។…

ដែន អាយុធ្យា
http://www.rfa.org/khmer/news/politics/constitutional-council-hearing-irregularity-in-siemreap-09052013091723.html