បញ្ជី​អ្នក​បោះឆ្នោត​មាន​លើស​ពី​ចំនួន​មនុស្ស​ពិត​ប្រាកដ

ភ្នំពេញៈសង្កាត់​ស្ទើរ​តែ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ មាន​អត្រា​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​លើស​ពី ១០០ ភាគរយ​ដែល​ស្មើ​នឹង​ឈ្មោះ​បន្ថែម​ជាង ១៤៥ ០០០ នាក់ ដោយ​សង្កាត់​មួយ មាន​ចំនួន​លើស​ពី ២០០ ភាគរយ។ នេះ​បើ​យោង​តាម​ការ​វិភាគ​លើ​ទិន្នន័យ​ប្រជាជន ដែល​មិន​ដែល​បាន​ឃើញ​កន្លង​មក​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង។ ការ​វិភាគ​បន្ថែម​ទៀត​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​មាន​ជា​សាធារណៈ​រួច​ហើយ បាន​បង្ហាញ​ថា មាន​ឈ្មោះ​ជាន់​គ្នា​ជាង ២៥ ០០០ នាក់ ក្នុង​រាជធានី​ភ្នំពេញ បើ​ទោះ​បី​ជា គ.ជ.ប បាន​ធានា​កន្លង​មក​ថា ឈ្មោះ​ជាន់​គ្នា​នោះ បាន​លុប​ចោល​រួច​ហើយ​ក៏​ដោយ។ ទិន្នន័យ​នោះ ព្រម​ជាមួយ​នឹង​តួលេខ​ថ្នាក់​ឃុំ ដែល​លេច​ចេញ​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន បាន​គូស​ផែនទី​លម្អិត អំពី​ការ​ចុះ​ឈ្មោះ​ហួស​កម្រិត។ តួ​លេខ​ចុះ​ឈ្មោះ​បោះឆ្នោត​បំប៉ោង​ទាំង​នេះ បាន​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​ថា ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត អាច​ធ្វើ​ទៅ​បាន​ក្នុង​តំបន់​ជាក់​លាក់​តាម​រយៈ​វិធីសាស្រ្ត​ជា​ច្រើន​គឺ ការ​ប្រើ​ឯកសារ​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​បែប​ទំនើប​និង​ការ​បោះឆ្នោត​ច្រើន ​ដង។ ដូច​ចំនួន​ឈ្មោះ​ច្រើន​ក្នុង​រាជធានី ដែល​សង្កាត់ ៨៣ នៃ​សង្កាត់​ទាំង ៩៦ មាន​អត្រា​ចុះ​ឈ្មោះ​លើស​ពី ១០០ ភាគរយ ក្នុង​ខេត្ត​សំខាន់ៗ​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​ក៏​កើត​មាន​បញ្ហា​ដូច​គ្នា ​ផង​ដែរ។ ក្នុង​ខេត្ត កំពង់ចាម អ្នក​បោះឆ្នោត​សរុប​ប្រហែល ១២៩ ០០០ នាក់​ច្រើន​ជាង​ប្រជាជន​ដែល​មាន​អាយុ​បោះឆ្នោត បាន​ចុះ​ឈ្មោះ​ក្នុង​ឃុំ​ចំនួន ១៣៧ នៃ​ឃុំ​ទាំង​អស់ ១៧៣។ ចំពោះ​ខេត្ត កណ្តាល និង​ខេត្ត ព្រៃវែង​វិញ ចំនួន​អ្នក​បោះឆ្នោត​លើស​ក្នុង​ឃុំ ១២២ នៃ ១២៧ ឃុំ មាន​ចំនួន​សរុប​ជាង ១១៤ ០០០ នាក់ សម្រាប់​ខេត្ត កណ្តាល និង​ក្នុង​ឃុំ ៩៦ នៃ ១១៦ ឃុំ មាន​ចំនួន​សរុប​ជាង ៦៤ ០០០ នាក់ សម្រាប់​ខេត្ត ព្រៃវែង។… លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​អះអាង​ថា តួលេខ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ការ​បោះឆ្នោត​ខ្ពស់ ចាប់​តាំង​ពី​ការ​ចុះ​ឈ្មោះ ត្រូវ​ចេញ​សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​អាច​បាត់​បង់​អត្តសញ្ញាណ​របស់​ខ្លួន។ លោក​ថ្លែង​កាល​ពី​ម្សិលមិញ​ថា៖ «យើង​បាន​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បោះឆ្នោត​ចំនួន ៤៨ ម៉ឺន​នាក់ ចាប់​តាំង​ពី​ពេល​ចុះ​ឈ្មោះ។ ពី​ខែ​មករា រហូត​មក​ដល់​ពេល​នេះ យើង​កំពុង​បូក​សរុប ហើយ​នឹង​ទទួល​បាន​តួលេខ​ឆាប់ៗ»។ លោក នីថា បាន​បន្ថែម​ថា គ.ជ.ប បាន​លុប​ឈ្មោះ​ជាន់​គ្នា​ជា​ច្រើន​នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត បើ​ទោះ​បី​ជា​ឈ្មោះ​ខ្លះ​មិន​ត្រូវ​បាន​លុប​ចេញ ដោយ​សារ​អក្ខរាវិរុទ្ធ​ខុស​គ្នា​បន្តិច ដែល​ធ្វើ​ឲ្យ​ពិបាក​កំណត់​អត្តសញ្ញាណ​ក្តី។ ប៉ុន្តែ លោក នីថា បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ អំពី​ឈ្មោះ​ជាន់​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​ទេ ហើយ​លោក​ថា លោក​នឹង​ពិនិត្យ​មើល​តួលេខ​នៃ​ការ​ចុះ​ឈ្មោះ​ហួស​កម្រិត​មុន​ពេល​ផ្តល់​ការ​ អត្ថាធិប្បាយ។ អត្រា​ចុះ​ឈ្មោះ​ហួស​កម្រិត​នេះ​បាន​កើត​ឡើង ស្រប​គ្នា​នឹង​រឿង​ពីរ​យ៉ាង គឺ​ក្នុង​ខេត្ត​ដែល​មាន​អាសនៈ​ច្រើន និង​ខេត្ត​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ចាត់​ទុក​ថា មាន​ឱកាស​ឈ្នះ​ច្រើន​។ ក្នុង​ខេត្ត​ដាច់​ស្រយាល​របស់​គណបក្ស​ប្រជាជន​អត្រា​ចុះ​ឈ្មោះ​លើស​កម្រិត មាន​កម្រិត​ទាប​ខ្លាំង។ តាម​ចំនួន ឈ្មោះ​ចុះ​បញ្ជី លើស​ពី​តួលេខ​ប្រជាជន​របស់​រដ្ឋាភិបាល សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​លេច​ធ្លោ ដោយ​សង្កាត់ ទឹកថ្លា ក្នុង​ខណ្ឌ សែនសុខ មាន​ចំនួន ៩ ៤៧២ នាក់​(១៣៦,៩ ភាគរយ) ហើយ​សង្កាត់ ទន្លេ​បាសាក់ ក្នុង​ខណ្ឌ ចំការមន គឺ ៩១៩ ៧ (១៦៨,០ ភាគរយ)។…  

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/national/1-national-news/101331-2013-07-25-02-56-02