ព្រះមហាក្សត្រ​កោះ​ប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃ​២៣ កញ្ញា

ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជសារ​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា ព្រះអង្គ​នឹង​កោះ​ប្រជុំ​សមាជិក​សភា​ជាប់​ឆ្នោត​ថ្មី​ចំនួន ១២៣​រូប នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ខាង​មុខ​នេះ។ នៅ​ក្នុង​ព្រះរាជសារ​ផ្ញើ​ជូន​លោក អ៊ឹម សួស្ដី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ឡាយព្រះហស្តលេខា​ដោយ​ ព្រះមហាក្សត្រ នរោត្តម សីហមុនី មាន​ខ្លឹមសារ​ថា ព្រះអង្គ​នឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ទាំង​អស់​ប្រជុំ​ដំបូង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​វិមាន​រដ្ឋ​សភា។ ការ​សម្រេច​ព្រះទ័យ​កោះ​ប្រជុំ​សមាជិក​សភា​ថ្មី​នេះ នៅ​បន្ទាប់​ពី​ព្រះអង្គ​បាន​ទទួល​លិខិត​ពី​លោក អ៊ឹម សួស្ដី ចុះ​ថ្ងៃ​ទី​៨ កញ្ញា អំពី​សេចក្ដី​សម្រេច​ស្ដីពី​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ ជ្រើស​តាំង​តំណាងរាស្ត្រ​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ។ ការ​កោះ​អញ្ជើញ​ប្រជុំ​សភា​ដំបូង​របស់​ព្រះមហាក្សត្រ​នេះ នៅ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​មិន​ទទួល​លទ្ធផល​បោះ​ឆ្នោត ហើយ​ប្រកាស​នឹង​ធ្វើ​មហា​បាតុកម្ម​អហិង្សា​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា​ចាប់​ ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ កញ្ញា ខាង​មុខ ដើម្បី​ទាមទារ​យុត្តិធម៌​លទ្ធផល​បោះ​ឆ្នោត​ជូន​ម្ចាស់​ឆ្នោត៕

ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/king-convenes-first-meeting-on-sept23-09092013075948.html