មតិ​ពលរដ្ឋ​ចំពោះ​ការ​ធ្វើ​សមាជ​មហាជន​របស់​បក្ស​សង្គ្រោះ​ជាតិ

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​គាំទ្រ​ចង់​អោយ​គណបក្ស​សង្គ្រោះ​ជាតិ រៀប​ចំ​សមាជ​មហាជន និង​បាតុកម្ម​ជា​បន្តបន្ទាប់ ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​រក​យុត្តិធម៌​ការ​បោះ​ឆ្នោត។ ពួក​គេ​ថា បើ​មិន​ស្វែង​រក​យុត្តិធម៌​អោយ​បាន​នៅ​ពេល​នេះ​ទេ ពលរដ្ឋ​ខ្មែរ​នឹង​ត្រូវ​រង​ទុក្ខ​លំបាក​បន្ត​ទៀត។ បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សមាជ​មហាជន​នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រុង​ភ្នំពេញ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត មក​ជួប​ជុំ​សម្ដែង​មតិ និង​ផ្ដល់​អនុសាសន៍​សំខាន់ៗ ក្នុង​ការ​ទាមទារ​ស្វែង​រក​ការ​ពិត និង​យុត្តិធម៌​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត។ ស្រប​ពេល​ជាមួយ​គ្នា ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ក៏​បាន​សម្តែង​មតិ​គាំទ្រ​ចំពោះ​ជំនួប​មហាជន​នេះ​ដែរ។ ពលរដ្ឋ​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​នៅ​ភ្នំពេញ ឈ្មោះ ហែម សុខា បាន​និយាយ​ថា លោក​គាំទ្រ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ រៀប​ចំ​ជំនួប​មហាជន​នេះ​ឡើង ដើម្បី​ទាមទារ​អោយ​មាន​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ លោក​បន្ថែម​ថា ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធនធាន​ធម្មជាតិ​គ្រប់​សព្វ​បែប​យ៉ាង ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី ហើយ​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់ ក៏​មាន​វត្តមាន​លើ​ទឹក​ដី​ខ្មែរ​រឹត​តែ​ច្រើន​ឡើងៗ។ លោក សុខា គិត​ថា សមាជ​មហាជន និង​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ធ្វើ​អោយ​មាន​អំពើ​ហិង្សា​ឡើយ៖ «គាត់ ​ធ្វើ​ស្រួល​ដែរ​ហ្នឹង ឃើញ​កាល​ធ្វើ​បាតុកម្ម​ស្រួល​ដែរ​ហ្នឹង មិន​ដែល​ទៅ​រញ៉េរញ៉ៃ​ណា ទៅ​បោក​គ្រាប់​បែក ឬ​ទៅ​ផ្ទះ​ប្រជាជន​ណា​ផង​ហ្នឹង អត់​ដែល​មាន​អំពើ​ហិង្សា​ណា​ផង​ហ្នឹង ហើយ​អ្នក​ខ្លះ​ចេះ​តែ​ចោទ​ថា ខាង​គណបក្ស​សង្គ្រោះ​ជាតិ រញ៉េរញ៉ៃ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ប្រជាជន មាន​ណា តាម​ផ្សារ​តាម​អី លក់​ដូរ​ធម្មតា​ពេល​បាតុកម្ម​ហ្នឹង ហើយ​អ្នក​ថា​ចេះ​តែ​ថា​ទៅ គេ​មិន​ចង់​អោយ​ធ្វើ»។…

យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/people-view-on-cnrp-congress-10052013090510.html