រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មព្រមានថា ការធ្វើបាតុកម្មអាចបំផ្លាញសេដ្ឋកិច្ចជាតិ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ចម ប្រសិទ្ធ កាលពីម្សិលមិញបានព្រមានថា ការធ្វើបាតុកម្មណាមួយប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនៅ ប៉ុន្មានសប្ដាហ៍ខាងមុខនេះ អាចបណ្ដាលឲ្យមានការលួចទ្រព្យសម្បត្តិ និងនាំឲ្យមានបញ្ហាអសន្តិសុខសង្គម ដែលអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាគ្មានស្ថិរភាព។ ការលើកឡើងរបស់លោក ចម ប្រសិទ្ធដែលបានធ្វើឡើងនៅក្នុងពិធីតាំងពិព័រណ៍ ឧស្សាហកម្មគ្រឿងយន្តអន្តរជាតិលើកទី៣នៅក្នុងសាលសន្និសីទនិង មជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ គឺមានការផ្ទុយគ្នាយ៉ាងខ្លាំងពីអ្វីដែលលោកបានថ្លែងនៅមុន ការបោះឆ្នោត កាលពីខែមិថុនា ដែលនៅពេលនោះលោកបានធានាចំពោះវិនិយោគិនអន្តរជាតិថា ពួកគេគួរតែមានទំនុកចិត្តលើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយធានាថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច នឹងឈ្នះការបោះឆ្នោត។ ទោះបីជាគណបក្សប្រជាជនកម្ពុជាបានប្រកាសថា ខ្លួនជាអ្នកឈ្នះការបោះឆ្នោតបន្ទាប់ពីការបោះឆ្នោតកាលពី ថ្ងៃទី២៨ ខែកក្កដា ក៏ដោយ ក៏គណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងបានជំទាស់ នឹងលទ្ធផលនេះដែរ ដោយចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោតធ្ងន់ធ្ងរនៅទូទាំងប្រទេស ហើយគណបក្សសង្គ្រោះជាតិបានលើកឡើងថា តាមពិតខ្លួនបានឈ្នះសំឡេងភាគច្រើននៅក្នុងសភា។ គណបក្សប្រឆាំងក៏បានលើកឡើងថា នឹងមានមហាបាតុកម្មកើតឡើងប្រសិនបើមានការជាប់គាំងផ្នែកនយោបាយ ហើយថា នេះគឺជាជម្រើសចុងក្រោយ។…