លក្ខខណ្ឌអាកាសធាតុអាចជាក្តីបារម្ភដែលរំខានដល់ដំណើរការបោះឆ្នោត
លក្ខខណ្ឌអាកាសធាតុដែលធ្វើអោយមានភ្លៀងធ្លាក់ខ្លាំង ក៏ជាបញ្ហារំខានមួយ ដែលគ.ជ.ប ព្រួយបារម្ភដែរ។ ប៉ុន្តែទោះយ៉ាងនេះក្តីគ.ជ.ប បានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់នឹងបញ្ហាមួយនេះ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នឹងអាចមានភ្លៀងធ្លាក់នៅតំបន់ទំនាបកណ្តាល។ រីឯនៅតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម។ លក្ខខណ្ឌអាកាសធាតុបែបនេះ បាននាំឲ្យមានការព្រួយបារម្ភថា អាចបណ្តាលអោយរំខានដល់ដំណើរការនៃការបោះឆ្នោតខាងមុខនេះ។ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា គ.ជ.ប បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទប់ទល់នឹងស្ថានភាពភ្លៀងធ្លាក់ និងការជន់លិចនៅរដូវវស្សា នេះ។ គ.ជប. បានត្រៀមបោះទីតាំងការិយាល័យបោះឆ្នោតនៅតំបន់ទីទួលមានសុវត្ថិភាព ដូចជា វត្តអារាម និងសាលារៀននៅក្នុងភូមិស្រុក។ លើសពីនេះ គ.ជ.ប ក៏ណែនាំអោយមន្រី្តរៀបចំការបោះឆ្នោតប្រុងប្រយត្ន័ក្នុងការ ថែរក្សាសន្លឹកឆ្នោតអោយបានល្អ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង។ ប៉ុន្តែគ.ជ.ប នៅតែមានការព្រួយបារម្ភអំពីផលវិបាកជាយថាហេតុមួយចំនួនដែលបង្កឡើងដោយ ស្ថានភាពធម្មជាតិ ដែលអាចរំខានដល់ដំនើរការនៃការបោះឆ្នោត។ ទោះបីជាយ៉ាងនេះក្តី លោក ទេព នីថា អះអាងថា គ.ជ.ប នឹងខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាព ដើម្បីធ្វើអោយដំណើរការបោះឆ្នោតមានភាពល្អប្រសើរ។…
រិទ្ធិ ម៉ូនីកា
http://www.khmer.rfi.fr/cambodia/20130722-problem-rainy-in-election-day