លោក សម រង្ស៊ី បន្តស្នើប្រធានគ.ជ.បអនុញ្ញាតឲ្យលោកឈរឈ្មោះបោះឆ្នោត
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានតវ៉ាជាបន្តទៅទៀតដើម្បីបានទទួលសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត បើទោះបីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា លោកមិនអាចបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតក៏ដោយ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតមួយច្បាប់នៅថ្ងៃទី២៣ កក្កដា សុំឲ្យ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប ឲ្យដាក់បញ្ចូលឈ្មោះលោកជាស្វ័យប្រវត្តិទៅក្នុងបញ្ជីឈ្មោះអ្នក បោះឆ្នោត និងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោត ដោយសាររូបលោកជាអ្នកតំណាងរាស្ត្រដែលបានទទួលការលើកលែងទោសពី ព្រះមហាក្សត្ររួចហើយ។ ដូច្នេះ តាមមាត្រា ១៥ នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រ លោកត្រូវតែបានទទួលសុពលភាពអភ័យឯកសិទ្ធិ និងបុព្វសិទ្ធិឡើងវិញ។ នៅក្នុងលិខិតនោះ លោក សម រង្ស៊ី បានបញ្ជាក់ថា រូបលោកមិនមែនសុំចុះឈ្មោះជាថ្មីឡើងវិញនោះទេ ពីព្រោះរូបលោកជាអ្នកតំណាងរាស្ត្រដែលមានឈ្មោះនៅក្នុងបញ្ជីអ្នក បោះឆ្នោតរួចទៅហើយ ហើយការលុបឈ្មោះលោកកន្លងមក ដោយ គ.ជ.ប អាងលើអំណាចសាលដីការបស់តុលាការប៉ុណ្ណោះ។ ដូច្នេះ ការប្រើមាត្រា ៤៩ថ្មី របស់ច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រមកធ្វើការរារាំង មិនឲ្យលោកមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតនោះ គឺពុំត្រឹមត្រូវទេ។ ម៉្យាងវិញទៀត មាត្រាច្បាប់ស្ដីពីការបោះឆ្នោតរើសតំណាងរាស្ត្រនេះ ក៏មិនបានចែងហាមឃាត់មិនឲ្យធ្វើការកែប្រែបញ្ជីឈ្មោះអ្នក បោះឆ្នោត ដែល គ.ជ.ប បានផ្តល់សុពលភាពជាផ្លូវការហើយនោះដែរ។ លោក សម រង្ស៊ី សុំឲ្យ គ.ជ.ប អនុវត្តករណីលោកតាមមាត្រា ១៦ថ្មី ស្ដីពីសិទ្ធិអំណាចរបស់ គ.ជ.ប ភារកិច្ចរបស់ គ.ជ.ប ក្នុងការចាត់ចែង និងត្រួតពិនិត្យការបោះឆ្នោត។ ក្រៅពីផ្ញើលិខិតតវ៉ាទៅ គ.ជ.ប លោក សម រង្ស៊ី មានគម្រោងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញដែរ។…
កែវ និមល
http://www.rfa.org/khmer/news/politics/sam-rainsy-react-to-nec-on-register-name-07232013081955.html