លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ត្រៀម​ខ្លួន​ធ្វើ​បាតុកម្ម

កណ្តាលៈ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ម្សិលមិញ បាន​ប្រាប់​ទៅ​ក្រុម​អ្នក​គាំទ្រ​ក្នុង​ខេត្ត កណ្តាល​ឲ្យ​រៀបចំ កន្ទេល ខ្នើយ អង្ករ និង​ត្រៀម​ខ្លួន​សម្រាប់​ការ​តវ៉ា​រយៈ​ពេល​យូរ​ជាង​មុន ខណៈ​ដែល​លោក និង​លោក កឹម សុខា ដែល​ជា​ប្រធាន និង​អនុ​ប្រធាន​បាន​គូស​បង្ហាញ​អំពី​ផែនការ​សម្រាប់​ការ​តវ៉ា​នៅ​ទីលាន​ ប្រជាធិបតេយ្យ​ដែល​អាច​អូស​បន្លាយ​រយៈ​ពេល​ច្រើន​ថ្ងៃ​ឬ​យូរ​ជាង​នេះ។ ថ្លែង​ទៅ​កាន់​ប្រជាជន​ប្រមាណ ២០០០ នាក់​ក្នុង​ស្រុក ខ្សាច់កណ្តាល មួយ​ថ្ងៃ​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​ លទ្ធផល​ផ្លូវ​ការ​បញ្ជាក់​ពី​ការ​ឈ្នះ​របស់​គណបក្ស​កាន់​អំណាច​នៅ ក្នុង​ការ​បោះឆ្នោត​ខែ កក្កដា លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ចូល​រួម​នៅ​ក្នុង​បាតុកម្ម ទូទាំង​ប្រទេស ដែល​ធ្វើ​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១៥ កញ្ញា និង​បន្ត​យ៉ាង​ហោច​ណាស់​រហូត​ដល់​ថ្ងៃ​ទី១៧។ លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «យើង​នឹង [ធ្វើ​បាតុកម្ម] ច្រើន​ថ្ងៃ​ច្រើន​សប្តាហ៍។ ប្រសិន​បើ​ចាំ​បាច់​នឹង​ដើរ​ហែ​យើង​នឹង​ហែ»។ «សូម​បង​ប្អូន រៀបចំ​វេច​អង្ករ [សម្រាប់​ពេល​ដែល] យើង​នឹង​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ កុំ​ភ័យ យើង​នឹង​ជួប​ជុំ​គ្នា​នៅ​ភ្នំពេញ ធ្វើ​បាតុកម្ម​ខ្លាំងៗ»។ លោក កឹម សុខា ក៏​បាន​សង្កត់​លើ​សារ​នេះ​ផង​ដែរ​ថា បាតុកម្ម​នឹង​បន្ត​រហូត​ទាល់​តែ​ភាព​រីក​ចម្រើន​កើត​មាន​ឡើង​លើ​ការ​ ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។ លោក សុខា បាន​ថ្លែង​បន្ត​ថា៖ «យើង​នឹង​មិន​ចូល​រួម​សម័យ​ប្រជុំ​សភា​ទេ»។…

មាស សុខជា និង Stuart White
http://www.postkhmer.com/index.php/national/1-national-news/103700-2013-09-10-04-02-02