លោក ស ខេង គោរព​សន្យា​នឹង​អ្នក ព្រៃវែង កម្រិត​ណា?

ភ្នំពេញៈ ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​ពី​ថ្ងៃ​អាទិត្យ​រដ្ឋ​មន្រ្តី​ក្រសួង​ មហាផ្ទៃ លោក ស ខេង បាន​សន្យា​ផ្តល់​ប្រាក់​ផ្ទាល់​ខ្លួន​លោក​ជួយ​ដល់​ប្រជាជន​ក្រីក្រ ក្នុង​ខេត្ត ព្រៃវែង ឲ្យ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត។ ការ​សន្យា​នេះ​ត្រូវ​មើល​ឃើញ​ដោយ​ក្រុម​សង្កេត​ការណ៍​ថា​ជា​ទម្រង់​នៃ «ការ​ទិញ​សំឡេង​ឆ្នោត​» ដើម្បី​បង្កើន​ការ​គាំទ្រ​នៅ​ក្នុង​ខេត្ត​ជា «សមរភូមិ​ប្រកួត​ប្រជែង» ខ្លាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ខេត្ត ព្រៃវែង ធ្លាក់​ពី ៧ អាសនៈ ទៅ ៥ អាសនៈ ប៉ុន្តែ គណបក្ស​ប្រជាជន​នៅ​តែ​ដឹក​នាំ​ប្រទេស​។ ដូច្នេះ តើ​ការ​សន្យា​ផ្តល់​ប្រាក់ ១០ ម៉ឺន​រៀល​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​និង ២០​ម៉ឺន​រៀល​សម្រាប់​ការ​ធ្វើ​បុណ្យ​សព​និង​រហូត ៥០ ម៉ឺន​ទៅ​ប្រជាជន​ណា​ដែល​មាន​អាយុ​ចាប់​ពី ៦៥ឆ្នាំ​ឡើង​ទៅ​ដែល​មាន​ជំងឺ​និង​ត្រូវ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ តើ​អាច​ជួយ​បាន​រហូត​ដែរ​ទេ? លោក​រដ្ឋ​មន្រ្តី​ដែល​បាន​ឈ្នះ​អាសនៈ​នៅ​ខេត្ត បាត់ដំបង កាល​ពី​ថ្ងៃ អាទិត្យ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ខេត្ត ព្រៃវែង ជា​ស្រុក​កំណើត​លោក​មិន​អាច​ទាក់​ទង​បាន​ទេ។ ដោយ​បាន​ចោទ​ជា​សំណួរ​ដូច​គ្នា​មន្រ្តី​ខុទ្ទកាល័យ​របស់​លោក ជាវ មង្គល និង ចៅ សុធី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។ លោក ឈាង ម៉ាប់ អាយុ ៤១ ឆ្នាំ​ជា​អ្នក​ភូមិ​នៅ​ស្រុក កញ្ជ្រៀច ខេត្ត ព្រៃវែង បាន​ថ្លែង​ថា លោក​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ពីព្រោះ​គាត់​មិន​ជឿ​គណបក្ស ប្រជាជន​កម្ពុជា​ទៀត​ទេ។…

http://www.postkhmer.com/index.php/national/1-national-news/101616-2013-07-31-03-17-21