សង្គមស៊ីវិលបារម្ភពីបញ្ហាអសន្តិសុខសង្គមក្រោយការបោះឆ្នោត
ប្រជាពលរដ្ឋកម្ពុជា ងាយភ័យខ្លាចពីបញ្ហាសង្គម និងនយោបាយដែលកើតឡើងនៅក្នុងប្រទេស។ ភាពភ័យខ្លាចនេះ នឹងធ្វើឲ្យខាតប្រយោជន៍ដល់ប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ សង្គមនិងសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា ភាគច្រើនងាយនឹងជឿពាក្យចចាមអារ៉ាម ដោយសារតែមធ្យោបាយផ្ដល់ព័ត៌មានឯករាជ្យត្រូវបានរឹតត្បិត និងបទពិសោធន៍ហិង្សាដែលធ្លាប់កើតឡើងពីអតីតកាល។ មជ្ឈដ្ឋានអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល មានការព្រួយបារម្ភចំពោះស្ថានការណ៍ក្រោយការបោះឆ្នោតនីតិកាលទី៥ ថាអាចនឹងបង្កឲ្យមានបញ្ហាអសន្តិសុខនៅក្នុងសង្គម ប្រសិនបើគូប្រកួតប្រជែងសំខាន់ដោះស្រាយមិនត្រូវរ៉ូវគ្នានោះ។ អ្នកវិភាគសង្គម លោក កែម ឡី មានប្រសាសន៍ថា នៅពេលមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រម្ដងៗ ប្រជាពលរដ្ឋកម្ពុជា តែងតែភ័យខ្លាចនឹងមានសង្គ្រាមកើតឡើង។ ប្រជាពលរដ្ឋមួយចំនួនបានអះអាងអំពីការចល័តទ័ពរបស់រដ្ឋាភិបាល នៅអំឡុងពេលបោះឆ្នោត និងក្រោយបោះឆ្នោត ជាទិដ្ឋភាពបង្កឲ្យមានការភ្នាក់ផ្អើលនៅក្នុងសង្គម។ លោកបញ្ជាក់ថា ស្ថានភាពនយោបាយនៅប្រទេសកម្ពុជា អាចងាយបង្កើតឲ្យអំពើហិង្សាកើតឡើងទាក់ទងនឹងរឿងនយោបាយ។ លោក កែម ឡី មានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋដែលឆាប់ជឿលើពាក្យចចាមអារ៉ាមដោយសារតែខ្វះព័ត៌មាន គ្រប់គ្រាន់ បទពិសោធន៍បាក់ស្បាតពីអតីតកាល និងសមត្ថភាពយល់ដឹងអំពីបញ្ហាសង្គមនិងនយោបាយរបស់ប្រជាពលរដ្ឋនៅ មានកម្រិត។ ប្រធានមជ្ឈមណ្ឌលសិទ្ធិកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា មូលដ្ឋានដែលធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចដោយសារតែកងកម្លាំងប្រដាប់ អាវុធខ្វះភាពឯករាជ និងស្ថិតនៅក្រោមកណ្ដាប់ដៃរបស់គណបក្សគ្រប់គ្រងប្រទេស។ លោកបញ្ជាក់ថា ដើម្បីធ្វើឲ្យសង្គមមួយធានាបាននូវស្ថិរភាព លុះត្រាតែកងកម្លាំងប្រដាប់អាវុធមិនមែនជារបស់គណបក្សនយោបាយ។ ប្រជាពលរដ្ឋកម្ពុជា ភាគច្រើន តែងតែជឿលើពាក្យចចាមអារ៉ាម ដោយសារតែខ្វះខាតប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់គ្រាន់ទៅកាន់ ប្រជាពលរដ្ឋ។ លោក អ៊ូ វីរៈ មានប្រសាសន៍បន្ថែមថា បណ្ដាញសង្គមមួយចំនួនក៏ជាកត្តាមួយញុះញង់បង្កឲ្យមានអំពើហិង្សា កើតឡើយដែរ ដោយសារព័ត៌មានមួយចំនួនបានផ្សាយនូវព័ត៌មានមិនពិត។ ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតអាណត្តិទី៥នេះ មានសញ្ញាវិជ្ជមានច្រើនដែលឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋពិត ប្រាកដដែលទាមទារឲ្យមានកំណែទម្រង់ដើម្បីផលប្រយោជន៍ជាតិនិង សង្គម។…
http://www.rfa.org/khmer/news/politics/political-uncertainty-07302013055611.html