សហជីពអំពាវនាវកម្មករចូលរួមទាមទារឲ្យគ.ជ.បផ្ដល់យុត្តិធម៌ដល់ម្ចាស់ឆ្នោត
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់កម្មករកម្មការិនីជាសមាជិកប្រមាណ ១០ម៉ឺននាក់ និងកម្មករគាំទ្រដទៃទៀត ឲ្យចូលរួមធ្វើពហិការ ឬផ្អាកធ្វើការថែមម៉ោង ចាប់ពីថ្ងៃព្រហស្បតិ៍ ទី៥ កញ្ញា រហូតដល់ថ្ងៃកំណត់ធ្វើបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៧ កញ្ញា ខាងមុខនេះ។ មន្ត្រីតំណាងខាងរោងចក្រកាត់ដេរ បានបង្ហាញថា បញ្ហានេះនឹងមានផលប៉ះពាល់ខ្លះៗលើវិស័យវាយនភ័ណ្ឌ។
សេចក្តី អំពាវនាវរបស់សហជីពសេរីកម្មករ មានគោលដៅស្របគ្នាជាមួយបក្សប្រឆាំង ដែលទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ ផ្តល់យុត្តិធម៌ដល់ម្ចាស់ឆ្នោត និងទាមទារឲ្យដោះលែងបុគ្គលិកសហជីពសេរីកម្មករ រួមទាំងកម្មករសរុប ៨នាក់ ដែលកំពុងជាប់ឃុំខ្លួន។
ប្រធានសហជីពសេរីកម្មករ លោក ជា មុនី មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី៥ កញ្ញា ថា នេះជាសារមួយដែលបង្ហាញថា ម្ចាស់ឆ្នោតចង់បានយុត្តិធម៌ ជាពិសេសកម្មករចង់បានភាពប្រសើរឡើងក្នុងជីវភាពរស់នៅ និងសិទ្ធិការងារ ការគោរព និងផ្តល់នូវសេចក្តីថ្លៃថ្នូរ ហើយទាំងអស់នេះ ភាគច្រើននៃកម្មករបានរំពឹងទៅលើបក្សសង្គ្រោះជាតិ។
ក្រុម កម្មករភាគច្រើនបានគាំទ្រសេចក្តីអំពាវនាវនេះ បើទោះបីពួកគេដឹងថា ការផ្អាកមិនធ្វើការបន្ថែមម៉ោង នឹងបាត់បង់ប្រាក់ចំណូលមួយផ្នែក នៅពេលដែលជីវភាពរបស់ពួកគេកំពុងស្ថិតក្នុងភាពយ៉ាប់យ៉ឺនយ៉ាងណា ក្តី។
កម្មការិនីនៅរោងចក្រ អេ.អែស.ឌី (ASD) ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ ជាយរាជធានីភ្នំពេញ លោកស្រី គឹម សាន បានឲ្យដឹងថា ទោះបីមានការខាតបង់ប្រយោជន៍ផ្ទាល់ខ្លួនខ្លះ តែសង្ឃឹមថាអ្វីៗទៅថ្ងៃមុខ នឹងមានភាពប្រសើរជាងពេលនេះ។
ទាក់ទង ទៅនឹងដំណើរការនៃផលិតកម្មក្នុងវិស័យកាត់ដេរនេះវិញ លោក ជាតិ ខេមរា មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា មានប្រសាសន៍ថា បើសិនកម្មករធ្វើពលិការមិនធ្វើការបន្ថែមម៉ោងមែននោះ អ្នកខាតបង់ដំបូងគេ គឺកម្មករខ្លួនឯង បន្ទាប់មកប៉ះពាល់ទៅដល់រោងចក្រណាដែលត្រូវចេញផលិតផលប្រញាប់ប្រមាណ ២០% ក្នុងចំណោមជាង ៧០០រោងចក្រ។
តែទោះយ៉ាងណា លោកថា ការធ្វើពហិការរបស់កម្មករនេះ មិនអាចយូរអង្វែងបានទេ ព្រោះពាក់ព័ន្ធនឹងបញ្ហាជីវភាព។…
សេក បណ្ឌិត និង ជិន ជេដ្ឋា
http://www.rfa.org/khmer/news/politics/Union-calls-for-supporters-to-joint-CNRP-demonstration-09052013090125.html