អង្គការ​អន្តរជាតិ​ចេញ​របាយការណ៍​ស្ដីពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត

ស្រប​ពេល​ដែល​លទ្ធផល​បោះឆ្នោត​នីតិកាល​ទី​៥ នៅ​មាន​ភាព​ចម្រូងចម្រាស​នៅ​ឡើយ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​ផ្សាយ​របាយការណ៍​បន្ទាន់​មួយ ស្ដីពី​ការ​បន្លំ​សន្លឹក​ឆ្នោត​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ការ​បោះ​ ឆ្នោត​កាល​ពី​ថ្ងៃ​​​២៨ កក្កដា ដែល​​រៀប​ចំឡើង​ដោយ​គណបក្ស​ប្រជាជន សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បាន​ចេញ​របាយ​ការណ៍​បន្ទាន់​មួយ​នៅ​ថ្ងៃ​ទី​៣១ កក្កដា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​មាន​លក្ខណៈ​ជា​ ប្រព័ន្ធ​ក្នុង​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ។របាយការណ៍​នេះ​រៀប​រាប់​អំពី​ករណី​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ដ៏​ ធ្ងន់ធ្ងរ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ហើយ​ថែម​ទាំង​មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​បម្រើ​ ការ​ក្នុង​ជួរ​រដ្ឋាភិបាល​ទៀត​ផង។ អង្គការ​នេះ​បាន​ស៊ើប​អង្កេត​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​បម្រើ​ការ​ឲ្យ​គណបក្ស​កាន់​អំណាច មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​ចេញ​ឯកសារ​ក្លែងក្លាយ និង​បាន​រៀបចំ​ឲ្យ​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​អាច​បោះ​ឆ្នោត​បាន​ច្រើន​ កន្លែង។ មេ​ភូមិ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ផ្ដល់​បទសម្ភាសន៍​ដល់ ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មួយ​នេះ​ ដោយ​​បង្ហាញ​ពី​របៀប​ដែល​អាជ្ញាធរ​មូលដ្ឋាន​របស់​គាត់​ក្លែង​បន្លំ​ឯកសារ​ បញ្ជាក់​អត្តសញ្ញាណ​ដល់​អ្នក​បោះ​ឆ្នោត។ ឯកសារ​នេះ​អាច​ឲ្យ​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​បោះ​ឆ្នោត​បាន ទោះ​បី​ជា​មិន​មាន​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​ស្រប​ច្បាប់​ក៏​ដោយ។ កិច្ចការ ​នោះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ដោយ​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គ្រប់​គ្រង​ដោយ​មេបញ្ជាការ​យោធា​ម្នាក់ និង​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ម្នាក់ ហើយ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ត្រូវ​ធ្វើ​ការ​ក្រោម​បង្គាប់​របស់​ពួក​គេ។ របាយការណ៍​របស់​អង្គការ​នោះ​បាន​បន្ត​ទៀត​ថា សមាជិក​ម្នាក់​ក្នុង​ក្រុម​ការងារ​ថ្នាក់​មជ្ឈិម​នោះ​​បាន​ចាត់​ចែង​ប្រមូល​ ​ទាហាន​ពី​បញ្ជា​ការដ្ឋាន​មួយ​ក្នុង​ខេត្ត រួម​ទាំង​ភរិយា​​របស់​ពួកគេ ឲ្យ​មក​ថត​រូប​ ហើយ​បន្ទាប់​មក​សាលា​ឃុំ និង​មន្ត្រី​ដែល​ធ្វើ​ការ​នៅ​ក្រសួង​មហាផ្ទៃ ចេញ​ឯកសារ​ទាំង​នោះ​ឲ្យ​ពួក​គេ​ដើម្បី​អាច​ទៅ​បោះ​ឆ្នោត​បាន។ មាន​ករណី​មិន​ប្រក្រតី​មួយ​ទៀត​ បាន​កើត​ឡើង​នៅ​ក្នុង​ឃុំ​គគីរធំ ខេត្ត​កណ្ដាល​ ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាច​បោះ​ឆ្នោត​បាន​ច្រើន​កន្លែង។ នៅ​ថ្ងៃ​បោះ​ឆ្នោត អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​នេះ​បាន​សម្ភាស​ប្រជាពលរដ្ឋ​ជា​ច្រើន​ ដែល​រស់​នៅ​ទី​នោះ ហើយ​អ្នក​ភូមិ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា លោក ង៉ោ សុវណ្ណ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ រួម​ទាំង​លោក ហេង សិក្សា អនុ​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ព្រម​ទាំង​សមាជិក​ដទៃ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​នៅ​ទី​នោះ។…

http://www.rfa.org/khmer/news/politics/hrw-releases-irregularity-of-cam-election-07312013071054.html