ការអប់រំនៅកម្ពុជានៅតែមានកម្រិត
នៅពេលលោក ស៊ីម សុខតឿ អាយុ ៣២ ឆ្នាំ បានវិលត្រឡប់មកវិញកាលពីខែ មេសា ឆ្នាំមុន បន្ទាប់ពីបានសិក្សានៅប្រទេស អូស្ត្រាលី លោកបាននាំមកជាមួយនូវចក្ខុវិស័យសម្រាប់ប្លង់អគារនៅរាជធានីភ្នំពេញ។ លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «រូបរាងអគារមិនសំខាន់ [ចំពោះស្ថាបត្យករនៅទីនេះទេ]។ ខ្ញុំបានសិក្សាពីការអភិវឌ្ឍ និងប្លង់ទីក្រុង បន្ថែមលើវិជ្ជាស្ថាបត្យកម្មដើម្បីទទួលបានទស្សនៈកាន់តែទូលំទូលាយថែមទៀត និងដើម្បីកែលម្អរបៀបអភិវឌ្ឍន៍ទីក្រុងនៅទីនេះ»។ … យុវជនវ័យក្មេងកាន់តែច្រើនថែមទៀត បានសម្រុកទៅសាកលវិទ្យាល័យកម្ពុជា នៅពេលចាកចេញពីសាលារៀន។ ប៉ុន្តែ និស្សិតមួយចំនួនដែលស្វែងរកការអប់រំកាន់តែល្អប្រសើរនៅកន្លែងផ្សេងទៀត ជាការក្រើនរំឭកអំពីគម្លាតដែលមានរវាងវិទ្យាស្ថាន កម្ពុជា និងវិទ្យាស្ថាននៅក្រៅប្រទេស។ តាមការទទួលស្គាល់ផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គម្លាតនេះទាក់ទងនឹងគុណភាព និងភាពជាប់ពាក់ព័ន្ធនៃសញ្ញាបត្រដែលបង្រៀននៅកម្ពុជា ហើយកំពុងបង្កើតនូវប្រព័ន្ធ ដែលមិនផលិតនិស្សិតបញ្ចប់ការសិក្សាដែលត្រូវការដើម្បីបំពេញសេចក្តីត្រូវការរបស់ កម្ពុជា។ លោក ហ៊ុន សែន បានថ្លែងក្នុងសុន្ទរកថា កាលពីដើមខែនេះទៅកាន់និស្សិតបញ្ចប់ការសិក្សាថា៖ «យើងមាននិស្សិតប្រហែលជា ២ សែន នាក់ ប៉ុន្តែវិស័យឯកជនមិនអាចរកអ្នកជំនាញដែលពួកគេត្រូវការបានទេ។ ការណ៍នេះប្រាប់យើងឲ្យយកចិត្តទុកដាក់ថែមទៀតលើគុណភាពនៃការអប់រំ»។ ការអង្កេតរបស់លោកនាយករដ្ឋមន្ត្រីមិនមែនជារឿងថ្មីទេ។ យោងតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ឆ្នាំ ២០១១ ស្តីពីកំណើនសេដ្ឋកិច្ចនៅថ្ងៃអនាគតនៅកម្ពុជា និស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅ កម្ពុជា ជាញឹកញាប់ត្រូវបាន «រកឃើញថា គ្មានជំនាញនិងបទពិសោធដែលត្រូវការសម្រាប់ការងារក្នុងផែ្នកដែលពួកគេគួរតែមានលក្ខណសម្បតិ្តនោះទេ។ ម្យ៉ាងទៀត ទិន្នន័យពីវិទ្យាស្ថានស្ថិតិរបស់អង្គការ យូណេស្កូ បានបង្ហាញថា កម្ពុជា នៅពីក្រោយប្រទេសជិតខាងនៅអាស៊ាន ទាក់ទងនឹងការផ្តល់ថវិកាដល់វិស័យអប់រំ។ ការប្រៀបធៀបរវាងប្រទេស ក្នុងឆ្នាំ ២០១០ បានបង្ហាញថា កម្ពុជា ចំណាយប្រាក់ស្មើនឹង ២,៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបលើវិស័យអប់រំនៅពីក្រោមប្រទេស ឡាវ (២,៨) ថៃ (៣,៨) និង វៀតណាម (៦,៣)។ ប្រទេសលោកខាងលិចភាគច្រើនស្ថិតក្នុងរង្វង់ ៥,៥ ទៅ ៦,៤ ភាគរយ។ បន្ទាប់ពីសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្សរ៍ដែលក្នុងរយៈពេលនេះ ប្រព័ន្ធអប់រំបានរងការបំផ្លិចបំផ្លាញយ៉ាងដំណំ ហើយបានបិទទ្វារទាំងស្រុង ដំណើរការសាងសង់ឡើងវិញ គឺជាដំណើរការដ៏ពិបាកមួយ។
Maria Wirth
http://www.postkhmer.com/national/1-national-news/111145-2014-02-26-02-09-38