លោក អាត់ ធន់ បង់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ទាំង​បង្ខំ​ចិត្ត

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) ឲ្យ​ដឹង​ម្សិលមិញ​ថា លោក​និង​មេធាវី​ត្រៀម​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បាន​បង្គាប់​លោក​បង់​ប្រាក់ ២ ម៉ឺន ៥ ពាន់​ដុល្លារ​ដើម្បី​ធានា​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​លើ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​បាតុកម្ម​នៅ​រោងចក្រ អេសអិល។ លោក​ថ្លែង​ថា៖ «ការ​សម្រេច​នេះ យើង​មិន​ពេញ​ចិត្ត យើង​បាន​រៀបចំ​បណ្តឹង​ទៅ​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​នេះ​ឲ្យ​ដក​សេចក្តី​សម្រេច​នេះ​ចោល។ យើង​ក៏​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ដក​ចោល​ទាំង​ស្រុង​លើ​បទ​ចោទ​នេះ»។ ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​ក្រោយ​ពេល​ដែល​លោក​បាន​ចំណាយ​ពេល​ជាង ២ ម៉ោង​កន្លះ​នៅ​ក្នុង​បន្ទប់​ចៅក្រម​ធ្វើ​ការ​ប្រគល់​ថវិកា​ចំនួន ២ ម៉ឺន ៥ ពាន់​ដុល្លារ​មាន​ជា​ប្រាក់​ខ្មែរ និង​ដុល្លារ​គ្រប់​ចំនួន​ដាក់​ក្នុង​ថង់​ប្លាសិ្ទក​ថ្លា​ចំនួន​ពីរ​ថង់​ប្រគល់​ជូន​នៅ​ចំពោះ​មុខ​ចៅក្រម ជា សុខហ៊ាង ដើម្បី​ធានា​រូប​លោក​ផ្ទាល់។ លោក​បាន​និយាយ​ថា ថវិកា​នេះ​បាន​គ្រប់​ចំនួន​តប​តាម​ការ​បង្គាប់ គឺ​បាន​មក​ពី​កម្មករ​រោងចក្រ​កាត់​ដេរ​ជា​សមាជិក​សហជីព ស៊ីខៅឌូ ដែល​មាន​ប្រមាណ ៧ ម៉ឺន​នាក់ និង​កម្មករ​មិន​មែន​សមាជិក​ព្រម​ទាំង​បាន​ពី​សប្បុរស​ជន​នានា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ …  

ឆាយ ច័ន្ទនីដា
http://postkhmer.com/national/1-national-news/114229-2014-05-13-03-18-48