លក់អស់ទ្រព្យសម្បត្តិដើម្បីស្វែងរកយុត្តិធម៌ក្នុងជម្លោះជាមួយក្រុមហ៊ុនស្ករស
អ្នកស្រី ហុយ ម៉ៃ បានបាត់បង់គ្រប់យ៉ាង ដោយសារតែតម្រូវការលើពិភពលោកដែលត្រូវការស្ករ និងជីវឥន្ធនៈតម្លៃថោក។ ស្រ្តីអាយុ ៥៤ ឆ្នាំ មានកូន ៨ នាក់រូបនេះ បានខិតខំតស៊ូប្រឆាំងជាមួយក្រុមហ៊ុន Mitre Phol ដែលជាក្រុមហ៊ុនស្ករសដ៏ធំបំផុតនៅអាស៊ី និងអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយក្នុងចំណោមអ្នកផ្គត់ផ្គង់ធំបីរបស់ក្រុមហ៊ុន កូកាកូឡា។ គ្រួសាររបស់អ្នកស្រីក្លាយជាគ្រួសារអនាថា និងគ្មានប្រាក់ចំណូលប្រកបដោយនិរន្តរភាព នៅក្នុងឆ្នាំ ២០០៩ បន្ទាប់ពីកងរាជអាវុធហត្ថបានដុតផ្ទះរបស់អ្នកស្រី ព្រមទាំងប្រជាជន ១០០ គ្រួសារផ្សេងទៀត នៅភូមិបុស្ស សង្កាត់កូនក្រៀល។ កូនៗរបស់អ្នកស្រី ត្រូវបានបង្ខំឲ្យចាកចេញពីសាលាដើម្បីទៅស្វែងរកការងារធ្វើ និងកូនពៅរបស់អ្នកស្រីបានចាប់កំណើត ក្នុងពន្ធនាគារ ដែលអ្នកស្រី ម៉ៃ បានជាប់ពន្ធនាគារ ដោយសារតែបទចោទប្រកាន់ពាក់ព័ន្ធនឹងការជំទាស់ជាមួយនឹងក្រុមហ៊ុនដែលដាំដំណាំអំពៅដើម្បីការពារផ្ទះ និងដីចម្ការ។ ប្តីរបស់អ្នកស្រីបានស្លាប់ កាលពីដើមឆ្នាំនេះ។ ការស្លាប់របស់ប្តីអ្នកស្រីដោយសារ ភាពតានតឹងផ្លូវចិត្ត ព្រោះគាត់មិនដឹងថា នឹងបានអ្វីដើម្បីផ្គត់ផ្គង់គ្រួសារ ហើយម្យ៉ាងទៀតដោយសារតែតុលាការដាក់សម្ពាធចេញដីកាឲ្យចាប់ខ្លួន។ រឿងរបស់អ្នកស្រី គឺជារឿងធម្មតាចំពោះប្រជាជនរាប់រយគ្រួសារ ដែលត្រូវបានក្រុមហ៊ុន Mitro Phol ធ្វើឲ្យបាត់បង់លំនៅ ដែលជាក្រុមហ៊ុនរបស់លោក Isara Vongkusolkit ប្រធានសភាពាណិជ្ជកម្មរបស់ថៃ ជាបុរសម្នាក់ដែលមានតម្លៃខ្លួន ១,៥ ពាន់លានដុល្លារ គឺគាត់ជាសេដ្ឋីមានបំផុតទី ២០ នៅក្នុងប្រទេសថៃ។ ប៉ុន្តែ អ្នកស្រី ម៉ៃ បានបន្ទោសលើក្រុមហ៊ុនផលិតភេសជ្ជៈធំបំផុត នៅលើពិភពលោកថា៖ «ខ្ញុំគិតថាអ្វីដែលក្រុមហ៊ុនកូកាកូឡាបានធ្វើនៅទីនេះ គឺជាអំពើ ខុសច្បាប់ ព្រោះពួកគេបានទិញស្ករពីក្រុមហ៊ុនដែលប្រើអំពើហិង្សាលើអ្នកភូមិ យកដីអ្នកភូមិ បន្ទាប់មកក្រុមហ៊ុន Coca-Cola បានធ្វើជាភេសជ្ជៈ លក់មកវិញឲ្យអ្នកភូមិ។ ពួកគេគួរតែស្វែងរកកន្លែងផ្សេង ដើម្បីដាំ [អំពៅ] ដែលមិនប៉ះពាល់ដល់ប្រជាជនបែបនេះ»។ …
ម៉ៃ ទិត្យថារ៉ា និង Daniel Pye
http://bit.ly/1G5VNj0