សោក​នាដកម្ម​ ពលការិនី ​​ត្រឡប់​​ពី​​​ធ្វើការ​នៅ​ម៉ាឡេស៊ី

ស្ថិត​ក្នុង​សម្លៀក​បំពាក់​រយ៉េរយ៉ៃ ផាត សុខលាង អង្គុយ​នៅ​កូន​ខ្ទម​តូច​មួយ​ជើង​ជាប់​ច្រវាក់​ស្ថិត​នៅក្នុង​ភូមិ​ថ្មី ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​នាង​ត្រូវ​បាន​គ្រួសារ​សម្រេច​ដាក់​ច្រវាក់​ជើង​ដោយសារ​តែ​មាន​បញ្ហា​សុខភាព​តែងតែ​ដោះ​សម្លៀកបំពាក់​ចោល​រត់​ចោល​ផ្ទះ​ និង​ប្រើ​ហិង្សា​ទៅលើ​សមាជិក​គ្រួសារ​បន្ទាប់ពី​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ធ្វើការ​ជា​ស្ត្រី​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ចំនួន​ ២ ​ខែ។

ផាត សុខហៀង ជា​កូន​ទី​ ២ ​ក្នុង​ចំណោម​កូន​ ៧ នាក់​នៅក្នុង​គ្រួសារ​ក្រីក្រ​មួយ​បាន​សម្រេច​ចិត្ត​យួរ​វ៉ាលិស​ជាមួយ​នឹង​លិខិត​ឆ្លងដែន​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅក្នុង​ឆ្នាំ ២០០៤ ដោយ​សង្ឃឹម​ថា​នឹង​សន្សំ​ប្រាក់​កាក់​ដើម្បី​ជួយ​ទ្រទ្រង់​គ្រួសារ​ឲ្យ​មាន​ជីវភាព​ធូរធារ​ប៉ុន្តែ​ការ​រំពឹង​របស់​នាង​ និង​គ្រួសារ​របស់​នាង​មិន​បាន​ដូច​ការ​គិត​ទុក​ដោយសារ​តែ​នាង​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ភ្លេច​​ការ​ចងចាំ​ក្រោយពី​បាន​ទៅ​ធ្វើការ​នៅ​ទី​នោះ​បាន​រយៈពេល​ ២ ​ខែ​។

អង្គុយ​នៅ​ក្រោម​ផ្ទះ​ធ្វើ​អំពី​ឈើ​លោក សាន វ៉ាត អាយុ​ ៥៥​ ឆ្នាំ​ដែល​បាន​មើល​ថែ​កូនស្រី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​បាន​ថ្លែង​ថា សុខលាង រៀន​បាន​ត្រឹម​ថ្នាក់​ទី​ ៤ ​ប៉ុណ្ណោះ​ហើយ​មុន​នឹង​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នាង​បាន​ធ្វើការ​នៅ​តាម​​ផ្ទះ​គេ​នៅឯ​ទីរួមខេត្ត​កំពង់ចាម​។ ដោយសារ​តែ​បញ្ហា​ជីវភាព​ និង​​មាន​មិត្តភក្តិ​ជាច្រើន​បាន​បបួល​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ឆ្នាំ ២០០៤ នាង​ក៏​​បាន​សម្រេច​ចិត្ត​បោះបង់​ការងារ​នៅក្នុង​ស្រុក​​ចោល​ហើយ​ចាប់ផ្តើម​ឡើង​មក​ភ្នំពេញ​ដើម្បី​រៀន​រយៈពេល​បី​ខែ​មុន​នឹង​បញ្ជូន​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី​។

ក្រោយពី​ដោះ​ច្រវាក់​ចេញ​ពី​ជើង​​កូនស្រី​បន្ទាប់ពី​នាង​មាន​អាការ​ធូរស្រាល​បន្តិច​លោក​ក៏​បាន​ពន្យល់​ពី​មូលហេតុ​ដែល​កូនស្រី​របស់​លោក​ដឹង​ថា​មាន​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​ថា ​មិត្តភកិ្ត​នៅ​ក្បែរ​ភូមិ​គេ​មក​បបួល​ហើយ​កាល​នោះ​លោក​មិន​ចង់​​ឲ្យ​​ទៅ​ទេ​ប៉ុន្តែ​ដោយសារ​តែ​មាន​​អ្នក​ភូមិ​ទៅ​ច្រើន​លោក​ក៏​សម្រេច​ចិត្ត​ឲ្យ​កូន​ទៅ​ធ្វើការ​នឹង​គេ​ហើយ​សង្ឃឹម​ថា​បាន​ប្រាក់​​ខ្លះ​ដើម្បី​​ជួយ​គ្រួសារ​តែ​មិន​ត្រឹមតែ​មិន​បាន​ជួយ​គ្រួសារ​នោះ​ទេ​គឺ​ធ្វើ​ឲ្យ​គ្រួសារ​កាន់តែ​លំបាក​ជាង​មុន​​​ដោយសារ​ត្រូវ​ការ​ថវិកា​ក្នុង​ការ​ព្យាបាល​ជំងឺ​របស់​គេ​។ …

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1KEs6b1