ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​១​រូប​នឹង​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​១១ តុលា

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា (Rohingya) ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អូស្ត្រាលី បញ្ជូន​មក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា កាល​ពី​ពេល​កន្លង​ទៅ នឹង​ត្រូវ​រដ្ឋាភិបាល​កម្ពុជា បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) វិញ​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា តាម​ការ​ស្នើ​សុំ​របស់​ជនភៀសខ្លួន​នោះ។ ក្នុង​ពេល​ជាមួយ​គ្នា មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ថ្មី ២​រូប​ទៀត​នៅ​កោះ​ណាវរូ (Nauru) បាន​យល់​ព្រម​មក​រស់​នៅ​ប្រទេស​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ថា រដ្ឋាភិបាល​ប្រទេស​មីយ៉ាន់ម៉ា បាន​ផ្ដល់​លិខិតឆ្លងដែន​ទៅ​ឲ្យ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា នោះ​រួច​ហើយ ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​របស់​គេ​នៅ​ទី​នោះ​វិញ។ លោក​បន្ត​ថា ជនភៀសខ្លួន​នោះ​នឹង​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ក្នុង​លក្ខណៈ​ជា​អ្នក​ដំណើរ​ធម្មតា គឺ​មិន​មាន​ការ​ហែហម​ពី​សំណាក់​មន្ត្រី ឬ​អាជ្ញាធរ​រដ្ឋាភិបាល​អ្វី​នោះ​ឡើយ។ …

យាង សុជាមេត្តា
http://www.rfa.org/khmer/news/human-rights/Rohingya-refugee-to-send-back-on-Oct11-10102015082816.html