ODC​ និង​ ODM​ បាន​សហការ​គ្នា​លើ​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​ ដើម្បី​បង្កើន​ការ​ស្រាវជ្រាវ​ផ្អែក​លើ​ភស្តុ​តាង​ និង​ការ​សរសេរ​រឿង​ ឬ​អត្ថបទ​ដែល​ប្រើប្រាស់​ទិន្នន័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​កម្ពុជា​ (ODC)​ និង​ Open Development Mekong​ (ODM)​ បាន​សហការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​ជា​លើក​ដំបូង​ស្តី​ពី​ការ​វិនិយោគ​បរទេស​ដល់​អង្គការ​សង្គម​ស៊ី​វិល​ អ្នក​សារព័ត៌មាន​ និង​អ្នក​ស្រាវជ្រាវ​នៅ​កម្ពុជា​។​ កម្មវិធី​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​បង្កើន​ជំនាញ​ ចំណេះដឹង​ ការ​យល់​ដឹង​អំពី​ទិន្នន័យ​ និង​តម្លៃ​របស់​ទិន្នន័យ​ ព្រមទាំង​ណែនាំ​ឧបករណ៍​ និង​កម្មវិធី​សម្រាប់​ការ​ប្រមូល​ និង​គ្រប់គ្រង​ទិន្នន័យ​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ដំណាក់កាល​ ដោយ​ដំណាក់កាល​ទី​មួយ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៧-២០​ ខែតុលា​ ឆ្នាំ​២០២៣​ និង​មាន​អ្នកចូលរួម​ចំនួន​ ១១​នាក់​ (​ក្នុង​នោះ​មាន​៣​នាក់​ជា​ស្ត្រី​)​។​ ដំណាក់កាល​ទី​ពីរ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣-១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ដោយ​មាន​អ្នកចូលរួម​ចំនួន​៧​នាក់​ (​ក្នុង​នោះ​មាន​២​នាក់​ជា​ស្ត្រី​)​។​

​លោក​ Arran​ Ridley​ អ្នកគ្រប់គ្រង​មាតិកា​ស្រាវជ្រាវ​ និង​វិចារណកថា​របស់​ ODM​ និង​ក្រុមការងារ​ ODC​ មាន​លោក​ វង្ស​ ពិសិដ្ឋ​ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ និង​ជា​អ្នកសម្របសម្រួល​ផ្នែក​កសាង​សមត្ថភាព​ និង​លោក​ បាន​ ចន្ទ​ផល្លា​ បណ្ណាធិការ​ –​ អ្នក​ស្រាវជ្រាវ​ ផ្នែក​អភិវឌ្ឍន៍​សង្គម​ បាន​សហការ​គ្នា​ជា​លើក​ដំបូង​លើ​កម្មវិធី​ទាំង​ពី​រស​ប្តា​ហ៍​នេះ​។​ អ្នក​ទាំង​បី​បាន​ធ្វើការ​រួម​គ្នា​ដើម្បី​ដឹកនាំ​វគ្គ​បណ្តុះបណ្តាល​ និង​ណែនាំ​សិក្ខាកាម​ពី​ដំណើរ​នៃ​ការ​សិក្សា​ជំនាញ​ទិន្នន័យ​ បង្កើត​សម្មតិកម្ម​ និង​សំណួរ​សម្រាប់​ការ​សរសេរ​រឿង​ទិន្នន័យ​ និង​បង្កើត​គំនិត​គម្រោង​។​ ការ​សរសេរ​រឿង​អាច​មាន​លក្ខណៈ​ច្នៃប្រឌិត​ ស៊ើបអង្កេត​ ឬ​ផ្អែក​លើ​របាយការណ៍​។​

​ក្រុម​អ្នក​បណ្តុះបណ្តាល​បាន​រចនា​មេរៀន​បណ្តុះបណ្តាល​ចំនួន​ ៥​ ជាមួយនឹង​សកម្មភាព​ផ្សេងៗ​ដើម្បី​ឱ្យ​អ្នកចូលរួម​បង្កើត​ទស្សនី​យ​កម្ម​ទិន្នន័យ​ជា​ច្រើន​ និង​ សរសេរ​រឿង​ ឬ​អត្ថបទ​ដែល​ប្រើប្រាស់​ទិន្នន័យ​ដែល​ពួក​គេ​បាន​ទទួល​។​

  • មេរៀន​ទី​ ១៖​ ពី​ភស្តុ​តាង​ទៅ​ជា​ការ​សរសេរ​រឿង​ –​ ការ​ណែនាំ​ទិន្នន័យ​ និង​របៀប​ដែល​ប្រើ​វា​ដើម្បី​បង្កើត​រឿង​។​ តាម​រយៈ​ការ​វិភាគ​លើ​ករណី​សិក្សា​មួយ​ចំនួន​ អ្នកចូលរួម​នឹង​ស្វែង​យល់​ពី​របៀប​ដែល​ទិន្នន័យ​ពី​វិស័យ​ផ្សេងៗ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្កើត​នូវ​រឿង​ ឬ​អត្ថបទ​។​
  • ​មេរៀន​ទី​ ២៖​ ការ​ស្វែងរក​ទិន្នន័យ​ ការ​ប្រមូល​ទិន្នន័យ​ និង​ទម្រង់​ទិន្នន័យ​ –​ ដើម្បី​ផ្តល់​ចំណេះដឹង​មូលដ្ឋាន​ពី​ទម្រង់​ទិន្នន័យ​ ជំនាញ​ក្នុង​ការ​ស្វែងរក​ទិន្នន័យ​តាម​អ៊ីនធឺណិត​ ឧបករណ៍​គំរូ​សម្រាប់​ការ​ប្រមូល​ទិន្នន័យ​ និង​គោល​គំនិត​ដើម្បី​បំប្លែង​ទិន្នន័យ​ទៅ​ជា​រឿង​។​ ដោយ​ចាប់ផ្តើម​ជាមួយនឹង​ការ​ពិនិត្យ​ឡើង​វិញ​នៃ​ទម្រង់​ទិន្នន័យ​ វគ្គ​បណ្តុះបណ្តាល​បាន​បន្ត​ទៅ​បច្ចេកទេស​ដែល​ប្រើ​ដើម្បី​ស្វែងរក​ ប​ម្លែ​ង​ និង​ដំណើរការ​ទិន្នន័យ​ដែល​មាន​ទម្រង់​ផ្សេងៗ​គ្នា​ របៀប​បង្កើត​សម្មតិកម្ម​ និង​សំណួរ​សម្រាប់​រឿង​ទិន្នន័យ​។​
  • ​មេរៀន​ទី​ ៣៖​ ការ​យល់​ដឹង​អំពី​ទិន្នន័យ​ –​ ដើម្បី​សិក្សា​ពី​គោល​គំនិត​មូលដ្ឋាន​នៃ​ការ​រៀបចំ​ទិន្នន័យ​ និង​ការ​សម្អាត​ ព្រមទាំង​សំណួរ​ដើម្បី​ជួយ​ដល់​ការ​វាយតម្លៃ​ប្រភព​ទិន្នន័យ​។​
  • មេរៀន​ទី​ ៤៖​ ទស្សនី​យ​កម្ម​ទិន្នន័យ​ –​ ដើម្បី​ផ្តល់​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយនឹង​ទស្សនី​យ​កម្ម​ទិន្នន័យ​ ដោយ​ផ្តោត​លើ​ការ​អនុវត្ត​ល្អ​បំផុត​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ​សម្រាប់​ទំនាក់ទំនង​ ដោយ​សង្កត់ធ្ងន់​លើ​បច្ចេកទេស​ និង​ឧបករណ៍​ដែល​អាច​ប្រើ​ដើម្បី​បញ្ជូន​ចំណេះដឹង​ និង​ព័ត៌មាន​តាម​រយៈ​រឿងរ៉ាវ​ដែល​មាន​ទស្សនីយភាព​ ដែល​មិនមែន​គ្រាន់តែ​ជា​ស្ថិតិ​ស្ងួត​។​
  • ​មេរៀន​ទី​ ៥៖​ ការ​គិត​ដូច​អ្នកកាសែត​ទិន្នន័យ​ –​ ដើម្បី​ប្រើ​ជំនាញ​ទិន្នន័យ​ទាំងអស់​ដែល​បាន​រៀន​នៅ​ក្នុង​មេរៀន​មុនៗ​ អ្នកចូលរួម​បាន​ចែក​ជា​ក្រុម​ទៅ​តាម​ចំណាប់អារម្មណ៍​របស់​ពួក​គេ​ និង​ប្រើប្រាស់​សំណុំ​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​ ដើម្បី​ផលិត​នូវ​រឿង​ ឬ​អត្ថបទ​ដែល​ប្រើប្រាស់​ទិន្នន័យ​ទាំងនោះ​។​

​ការ​វាយតម្លៃ​មុន​ និង​ក្រោយ​បណ្តុះបណ្តាល​ត្រូវ​បាន​ប្រើ​ ដើម្បី​វាយតម្លៃ​កម្រិត​នៃ​ចំណេះដឹង​របស់​អ្នកចូលរួម​និង​ស្វែងរក​ផ្នែក​ដែល​គួរ​ពង្រឹង​នៅ​ក្នុង​ការ​បណ្តុះបណ្តាល​នា​ពេល​អនាគត​។​ បន្ទាប់​ពី​វគ្គ​នីមួយៗ​ អ្នកចូលរួម​មានឱកាស​អនុវត្ត​លំ​ហាត់​ជាមួយនឹង​ទិន្នន័យ​ដែល​បាន​ផ្តល់​ឱ្យ​ជា​លក្ខណៈ​បុគ្គល​ និង​ជា​ក្រុម​។​

​នៅ​ស​ប្តា​ហ៍​ទី​ពីរ​នៃ​វគ្គ​បណ្តុះបណ្តាល​ អ្នកចូលរួម​បាន​បង្កើត​សំណើ​គម្រោង​ផ្ទាល់ខ្លួន​របស់​ពួក​គេ​សម្រាប់​ការ​សរសេរ​រឿង​ឬ​អត្ថបទ​ដែល​ប្រើប្រាស់​ទិន្នន័យ​ អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​ធំៗ​លើ​មនុស្ស​ និង​បរិស្ថាន​ ហើយ​ពួក​គេ​មានឱកាស​បញ្ជូន​គំនិត​គម្រោង​ទាំងនោះ​សម្រាប់​ជំនួយ​ខ្នាត​តូច​ និង​ស្នើ​សុំ​ការ​ណែនាំ​។​

​នៅ​ពេល​បញ្ចប់​វគ្គ​ ក្រុម​អ្នក​បណ្តុះបណ្តាល​បាន​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ឱ្យ​បំពេញ​ទម្រង់​វាយតម្លៃ​វគ្គ​បណ្តុះបណ្តាល​ ក៏​ដូច​ជា​ផ្តល់​ឱកាស​ដល់​សិក្ខាកាម​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ពួក​គេ​។​ អ្នកចូលរួម​បាន​សម្តែង​ការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​ ដោយសារ​ពួក​គេ​អាច​ទទួល​បាន​ចំណេះដឹង​ និង​បច្ចេកទេស​សម្រាប់​ភាព​រីក​ចម្រើន​ផ្ទាល់ខ្លួន​ និង​វិជ្ជាជីវៈ​របស់​ពួក​គេ​ ជា​ពិសេស​ដើម្បី​អនុវត្ត​ការងារ​ជាក់ស្តែង​។​ កម្មវិធី​បណ្ដុះបណ្ដាល​បាន​បញ្ចប់​ទៅ​ដោយ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​ ជូន​ដល់​អ្នកចូលរួម​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ប្រាំបី​ថ្ងៃនេះ​។​