សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០១៧
ចាប់ពីថ្ងៃទី ២៥-២៩ ខែវិចិ្ឆកា ឆ្នាំ ២០១៧ បន្ទាប់ពីការចូលរួមកម្មវិធីបារខែមបាត់ដំបងដោយជោគជ័យ ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានបន្តធ្វើដំណើរដើម្បីធ្វើសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០១៧ នៅខេត្តសៀមរាប។ នៅថ្ងៃទីមួយ និងទីពីរនៃសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ ក្រុមការងារអូឌីស៊ីបានចំណាយពេលពីរថ្ងៃពេញ ដើម្បីធ្វើកិច្ចពិភាក្សាក្នុងក្រុមទាក់ទងនឹងការងារដែលអូឌីស៊ីបានធ្វើ និងសម្រេចនៅក្នុងឆ្នាំ ២០១៧នេះ ក៏ដូចជាការឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលកើតមាននៅក្នុងក្រុមការងារនីមួយៗ និងស្វែងរកដំណោះស្រាយ បន្ថែមពីនេះទៀតក៏មានការពិភាក្សាពីផែនការការងារសម្រាប់ឆ្នាំ២០១៨ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។ បន្ទាប់ពីការពិភាក្សាប្រកបដោយផ្លែផ្កា នៅថ្ងៃទីបី ក្រុមការងារអូឌីស៊ីបានធ្វើទស្សនៈកិច្ចសិក្សានៅប្រាសាទបេងមាលា ប្រាសាទបន្ទាយស្រី និងឧទ្យានជាតិភ្នំគូលែន។ នៅថ្ងៃទីបួនដែលជាថ្ងៃចុងក្រោយនៃសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ និងជាថ្ងៃត្រឡប់មកវិញ ក្រុមការងារអូឌីស៊ីបានឆ្លៀតឳកាសមួយព្រឹកទៅទស្សនាកំពង់ភ្លុកដែលជាភូមិបណ្តែតទឹក ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់អ្នកភូមិដែលផ្ញើខ្លួននៅលើបឹងទន្លេសាប។