អង្គការទិន្នន័យអំពីការអភិវឌ្ឍ ចូលរួមសិក្ខាសាលារបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារសម្រាប់គ្រប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ដំណាក់កាលទី២)

រូបភាពពីទំព័រ facebook របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣។
ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ក្នុងគោលបំណងផ្តល់ការកសាងសមត្ថភាពដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិមកពីគ្រប់មន្ទីរតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។
តាមរយៈភាពជាដៃគូជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្នងការបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យសម្រាប់មន្ត្រីរដ្ឋាភិបាល (ជាផ្នែកមួយនៃកម្មវិធីជំនាញឌីជីថលសំខាន់ៗរបស់ CADT) - លោកគ្រូបណ្តុះបណ្តាលរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីសុី) - លោក វង្ស ពិសិដ្ឋ មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)/អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព និងលោក បាន ចន្ទផល្លា បណ្ណាធិការ-អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម - ត្រូវបានអញ្ជើញជាវាគ្មិនសម្រាប់វគ្គចែករំលែក “អក្ខរកម្មទិន្នន័យ” ។

រូបភាពពីទំព័រ facebook របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣។
សិក្ខាសាលានេះគឺស្របតាមសកម្មភាពសំខាន់មួយរបស់អូឌីសុី ដែលជាកម្មវិធីពង្រឹងសមត្ថភាព និងបណ្តុះបណ្តាល។ អូឌីសុីទទួលស្គាល់ពីតម្រូវការដែលកំពុងកើនឡើង និងតួនាទីសំខាន់ក្នុងការកសាងសមត្ថភាពសម្រាប់ជំនាញឌីជីថល ដើម្បីតាមទាន់និន្នាការបច្ចុប្បន្ននៃការផ្លាស់ប្តូរឌីជីថល ហើយបានផ្តួចផ្តើម និងអនុវត្តការបណ្ដុះបណ្ដាលឌីជីថលលើអក្ខរកម្មទិន្នន័យ (Data Literacy), GIS, និង ទស្សនីយកម្មទិន្នន័យ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តល់ជូនអ្នកពាក់ព័ន្ធផ្សេងៗ រួមមានមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន អ្នកសារព័ត៌មានប្រជាពលរដ្ឋ អ្នកស្រាវជ្រាវ និស្សិត និងប្រជាពលរដ្ឋ។

រូបភាពពីទំព័រ facebook របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣។
សិក្ខាសាលានេះធ្វើឡើងនៅខេត្តចំនួនបួន៖ ថ្ងៃទី ២៥ដល់២៧ ខែមេសា ឆ្នាំ២០២៣ នៅក្នុងខេត្តសៀមរាប ថ្ងៃទី ៩ដល់១១ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងខេត្តប៉ៃលិន ថ្ងៃទី ១៦ដល់១៨ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងខេត្តកំពង់ធំ និងថ្ងៃទី២៥ដល់២៧ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងខេត្តព្រះសីហនុ។ ប្រធានបទសំខាន់ៗចំនួនបីត្រូវបានណែនាំនៅក្នុងសិក្ខាសាលាដែលមានដូចជា៖ ការតភ្ជាប់ និងគុណភាពនៃសេវាកម្ម កម្មវិធីផ្លាស់ប្តូរឌីជីថលរបស់រដ្ឋាភិបាល ឧស្សាហកម្ម ៤.០ និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។ (ចំណេះដឹងផ្នែកទិន្នន័យស្ថិតនៅក្រោមប្រធានបទឧស្សាហកម្ម ៤.០ និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន)
វគ្គអក្ខរកម្មទិន្នន័យនេះ មានគោលបំណងផ្តល់នូវទិដ្ឋភាពសាមញ្ញមួយចំនួនអំពីអ្វីដែលជាទិន្នន័យ។ អ្នកចូលរួមអាចទទួលបាននូវទិដ្ឋភាពទូទៅមួយ និងការយល់ដឹងអំពីលំហូរនៃចំណេះដឹងទិន្នន័យ ដែលជាផែនទីបង្ហាញផ្លូវក្នុងការរៀបចំ និងជំរុញតួនាទីបច្ចុប្បន្នរបស់ពួកគេ។ អ្នកចូលរួមភាគច្រើនបានជក់ចិត្តនឹងខ្លឹមសារនេះហើយប្រាថ្នាចង់បន្តជំនាញនេះបន្ថែមទៀត។
ក្នុងវគ្គចែករំលែក លោកគ្រូរបស់អូឌីសុី បានផ្តល់នូវខ្លឹមសារដូចជា៖
- ការយល់ដឹងអំពីទិន្នន័យ៖ ផ្តោតលើទិន្នន័យជាក់ស្តែងដែលអាចត្រូវបានប្រើសម្រាប់ដំណើរការចុះក្រោម ជាជាងនិយាយអំពីនិយមន័យមិនច្បាស់លាស់របស់វា។ ទិន្នន័យដែលប្រើជាទូទៅក្នុងរចនាសម្ព័ន្ធតារាង និងទម្រង់ដូចជា CSV និង Excel ។
- ការប្រមូលទិន្នន័យ៖ ផ្តោតលើការស្ទង់មតិជាមូលដ្ឋាន និងការស្វែងរកទិន្នន័យតាមអ៊ីនធឺណិត។ ការស្ទង់មតិជាមូលដ្ឋានផ្តល់នូវទិដ្ឋភាពទូទៅនៃការរចនាកម្រងសំណួរ និងការណែនាំអំពីការផលិតកម្រងសំណួរដ៏ល្អ។
- ការស្វែងរកទិន្នន័យតាមអ៊ីនធឺណិត៖ ផ្តោតលើការប្រើប្រាស់ Google Advanced Search ដើម្បីស្វែងរកធនធានប្រកបដោយប្រសិទ្ធភាព និងការប្រើប្រាស់វិបផតថលទិន្នន័យដើម្បីរុករកទិន្នន័យ។
- ការសម្អាតទិន្នន័យ៖ ផ្តោតលើការយល់ដឹងអំពីស្តង់ដារទិន្នន័យ និងបច្ចេកទេសសម្រាប់សម្អាតសំណុំទិន្នន័យតារាង។
- ការវិភាគទិន្នន័យ៖ ផ្តោតលើលំហូរនៃការវិភាគទិន្នន័យ តម្រូវការជាមុនក្នុងការវិភាគទិន្នន័យ និងការបង្ហាញដោយប្រើ MS Excel ។
- ទស្សនីយកម្មទិន្នន័យ៖ ផ្តោតលើការកំណត់គោលបំណងនៃទស្សនីយកម្ម ការជ្រើសរើសតារាងត្រឹមត្រូវ និងការអនុវត្តនៅក្នុង MS Excel។

រូបភាពពីទំព័រ facebook របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣។
ក្រៅពីខ្លឹមសារនៃវគ្គអក្ខរកម្មទិន្នន័យបច្ចុប្បន្ន វាក៏សំខាន់ផងដែរក្នុងការផ្តល់បច្ចុប្បន្នភាពដល់អ្នកចូលរួមអំពីភាពជឿនលឿនចុងក្រោយបង្អស់នៃបច្ចេកវិទ្យាឌីជីថល។ គ្រូរបស់អូឌីសុី ក៏បានឆ្លៀតឱកាសដើម្បីណែនាំការច្នៃប្រឌិតបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ ChatGPT និងបង្ហាញការប្រើប្រាស់របស់វាដល់អ្នកចូលរួមផងដែរ។ អ្នកចូលរួមមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបច្ចេកវិទ្យានេះ ហើយចង់ស្វែងយល់បន្ថែមព្រោះវាហាក់ដូចជាពន្លឿនការងាររបស់ពួកគេប្រសើរឡើង។