អូឌីស៊ីចូលរួមសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៨
«យើងចង់ឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពីទស្សនវិស័យប្រកបដោយមហិច្ឆតានៃសេដ្ឋកិច្ចកម្ពុជា នៅឯសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៨ ដែលអង្គការទិន្នន័យអំពីការអភិវឌ្ឍបានចូលរួម។ សន្និសីទនេះបានប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែមីនា ឆ្នាំ ២០១៨ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ។ វាជាលើកទី ១២ ហើយដែលនាយករដ្ឋមន្ត្រីបានចូលរួមសន្និសីទនេះ។ ប្រធានបទនៃសន្និសីទចក្ខុវិស័យកម្ពុជាប្រចាំឆ្នាំនេះគឺ “វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍកម្ពុជា” ដែលរៀបចំដោយ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្នុងកិច្ចសហការជាដៃគូជាមួយធនាគារ អេអិនហ្សិតរូយ៉ាល់ (ANZ Royal)។
នៅក្នុងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីបានពន្យល់ពីតួនាទីរបស់បច្ចេកវិទ្យា និងវិទ្យាសាស្ដ្រក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។ រោងចក្រឆ្លាត ប្រព័ន្ធអ៊ិនធើណិត បដិវត្តឧស្សាហកម្ម ទាំងនេះ គឺជាបច្ចេកវិទ្យា និងគំនិតនាពេលអនាគត ដែលនឹងមានឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកនៅអនាគតកាល។ ចំពោះលោក ហ៊ុន សែន ការអភិវឌ្ឍនេះមិនត្រឹមតែមានភាពវិជ្ជមានប៉ុណ្ណោះទេ។ លោកក៏បានចង្អុលបង្ហាញពីហានិភ័យដែលអាចកើតមានឡើងជាមួយនឹងការផ្លាស់ប្តូរបច្ចេកវិទ្យា ជាឧទាហរណ៍៖ «តើយើងអាចផ្តល់អ្វីខ្លះដល់អ្នកដែលបាត់បង់ការងារ ដោយសារតែបច្ចេកវិទ្យាថ្មីៗនេះ?» លោក ហ៊ុន សែន បានស្នើឱ្យបង្កើនចំនួនអ្នកស្រាវជ្រាវ ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញឱ្យកាន់តែរឹងមាំ ការគាំទ្រដល់ភាពជាដៃគូ រវាងរដ្ឋ និងវិស័យឯកជន និងបន្តពង្រឹងច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា ដើម្បីគាំទ្រការច្នៃប្រឌិត។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភអំពីសង្គមឌីជីថល៖ «កាលពីដើមនេះ ខ្មែរយើងរួសរាយរាក់ទាក់ណាស់នៅពេលដែលជួបគ្នា គឺនិយាយគ្នាអត់ឈប់ទេ។ ប៉ុន្តែឥឡូវនៅពេលដែលជួបគ្នា គឺស្ងាត់អោយឈឹង។ ម្នាក់ៗ មើលតែទូរស័ព្ទ អត់មើលមុខគ្នាទេ។» លោកក៏បានបញ្ជាក់ដែរថា «នេះហើយជា សង្គមឌីជីថល!»
វាគ្មិនបន្ទាប់គឺ លោកបណ្ឌិត Jonathan Wong ប្រធានផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UNESCAP) បានសង្កត់ធ្ងន់លើតួនាទីរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់កំណើនសេដ្ឋកិច្ច។ នៅក្នុងបទបង្ហាញ គាត់បាននិយាយថា ការអភិវឌ្ឍន៍បច្ចេកវិទ្យា គឺជាការល្អសម្រាប់កំណើនសេដ្ឋកិច្ច ប៉ុន្តែជារឿយៗ វាត្រូវចំណាយទៅលើបរិស្ថាន និងបទដ្ឋានសង្គម។ លោកបានអំពាវនាវឱ្យមានការច្នៃប្រឌិតបញ្ចូលគ្នាដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា រួមទាំងមនុស្សចាស់ ស្ត្រី និងអ្នកក្រីក្រ។ លើសពីនេះទៅទៀត លោក Wong បានកត់សម្គាល់ថា ជំនាញឌីជីថល នៅក្នុងរាជរដ្ឋាភិបាល សាលារៀន អង្គការក្រៅរដ្ឋាភិបាល និងវិស័យដទៃទៀតទាំងអស់ គឺមានសារៈសំខាន់ណាស់សម្រាប់ដំណើរការនេះ។ នៅពេលអនាគត ប្រទេសកម្ពុជា អាចទទួលបានអត្ថប្រយោជន៍ពីការធ្វើឌីជីថលកម្ម លោកបាននិយាយថា «សាកស្រមៃថា អ្នកធ្វើការឱ្យក្រុមហ៊ុនមួយ នៅក្នុងប្រទេសកម្ពុជា ហើយអ្នកអាចផ្ញើព័ត៌មានលំអិតអំពីផលិតផលរបស់ក្រុមហ៊ុនអ្នក ទៅកាន់ទីក្រុងឡុងដ៍ ដែលអ្នកទទួលអាចធ្វើការបោះពុម្ពផលិតផលនៅក្នុងម៉ាស៊ីនបោះពុម្ព 3D ភ្លាមៗ។ នោះអ្នកនឹងមិនត្រូវចំណាយថ្លៃដឹកជញ្ជូនទៀតទេ។» ម្យ៉ាងទៀត លោកបណ្ឌិត Wong ក៏បានពន្យល់ពីកត្តាសំខាន់ៗជាច្រើន សម្រាប់ការអភិវឌ្ឍន៍ដោយជោគជ័យរបស់ប្រទេសកម្ពុជា។ ប្រទេសនេះមិនគួរតែផ្តោតធ្ងន់លើកំណើនសេដ្ឋកិច្ចតែមួយមុខទេ តែគួរគិតគូរទាំងលើការងារ និងបរិស្ថានផងដែរ។ លោកបានពន្យល់បន្ថែមទៀតថា «ប្រសិនបើប្រទេសកម្ពុជាចង់ធ្វើអ្វីមួយខុសពីប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដើម្បីអាចប្រកួតប្រជែងជាមួយពួកគេបាន វាគួរតែរួមបញ្ចូលទាំងស្ត្រីថែមទៀត។» ទោះបីជាសំណើនេះបានទទួលការគាំទ្រពីគណៈកម្មាធិការក៏ដោយ សន្និសីទនេះមិនអាចចូលរួមចំណែក ក្នុងគោលដៅការរួមបញ្ចូលស្ត្រីបានទេ ដោយហេតុថាមានតែស្ត្រីតែម្នាក់គត់ក្នុងចំណោមគណៈកម្មាធិការចំនួន ២១ នាក់។