ក្រុមកាងារអូឌីស៊ីបានចូលរួមសន្និសីទតំបន់ ស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន៖ វឌ្ឍនភាព និងបញ្ហាប្រឈមចាប់តាំងពីឆ្នាំ ២០១៥
សន្និសីទតំបន់ ស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន៖ វឌ្ឍនភាព និងបញ្ហាប្រឈមចាប់តាំងពីឆ្នាំ ២០១៥ ត្រូវបានរៀបចំដោយវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព នៅថ្ងៃទី២៣ ខែមីនា នៅសណ្ឋាគារ រ៉ាហ្វិល ឡឺរ៉ូយ៉ាល់ នាទីក្រុងភ្នំពេញ។ នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្ដមអតីតឯកអគ្គរាជទូត ពូ សុធីរៈ នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរ សំរាប់សហប្រតិបត្តិការ និងសន្តិភាព បានគូសបញ្ជាក់ពីការរួមចំណែកដ៏សំខាន់របស់ប្រទេសជប៉ុនក្នុងនាមជាអ្នកវិនិយោគចម្បងក្នុងការអភិវឌ្ឍតំបន់។ នៅក្នុងការលើកឡើងរបស់ ឯកឧត្តម កេនតារ៉ូ សូនូរ៉ា (Kentaro Sonoura) ទីប្រឹក្សានាយក រដ្ឋមន្ត្រីជប៉ុន និងជាសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យសេរីជប៉ុន នៃប្រទេសជប៉ុន បានធ្វើអត្ថាធិប្បាយស្តីពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលប្រទេសក្នុងតំបន់បានសំរេចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដូចដែលបានកត់សម្គាល់ចាប់តាំងពីឆ្នាំ ២០១៥ យុទ្ធសាស្ត្រតូក្យូថ្មីត្រូវបានបង្កើតឡើងនៅលើសសរស្តម្ភសំខាន់ៗចំនួនបួនគឺ “កិច្ចខិតខំប្រឹងប្រែងផ្នែករឹង” (ផ្តោតលើការតភ្ជាប់ឧស្សាហកម្មនៅលើដី សមុទ្រ និងអាកាស) “កិច្ចខិតខំប្រឹងប្រែងផ្នែកទន់” (ផ្តោតលើការអភិវឌ្ឍធនធានមនុស្សនៅក្នុងតំបន់) “មេគង្គបៃតង” (សង្កត់ធ្ងន់លើនិរន្ដរភាពនៅក្នុងតំបន់) និងការសម្របសម្រួលពីរដ្ឋទៅរដ្ឋនៅក្នុងចំណោមភាគីពាក់ព័ន្ធ។ សេចក្តីថ្លែងការណ៍នេះត្រូវបានរៀបរាប់បន្ថែមដោយ ឯកឧត្តមបណ្ឌិត សុខ ស៊ីផាណា ទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ២ ភាគ ៣ នៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់ចំនួន ៧៥០ ពាន់លានយ៉េន ក្នុងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់មហាអនុតំបន់ទន្លេមេគង្គត្រូវបានចំណាយរួចហើយ និងមានលទ្ធផលវិជ្ជមាននៅក្នុង ការកែលម្អគួរឱ្យកត់សម្គាល់ដល់ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពនៅក្នុងតំបន់រួមមាន ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុប្រទេសកម្ពុជា ផ្លូវដែកយ៉ាងហ្គន - ម៉ាន់ដាឡៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផ្លូវរថភ្លើងល្បឿនលឿននៅក្នុងប្រទេសថៃ។
បន្ទាប់ពីវគ្គបើកសន្និសីទ សន្និសីទនេះមានកិច្ចពិភាក្សាអន្តរកម្មចំនួន ៣ ដោយមានការពិភាក្សាដោយផ្អែកលើប្រធានបទរងដែលមានមតិទី១ផ្តល់យោបល់អំពីសមិទ្ធផល បញ្ហាប្រឈមដែលកំពុងតែកើតមាន និងការរំពឹងទុកនៃ “យុទ្ធសាស្ត្រតូក្យូថ្មីឆ្នាំ ២០១៥ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុន (MJC2015)“។ សន្និសីទនេះមានអ្នកជំនាញដូចជា លោកសាស្ត្រាចារ្យ Manabu Fujimura មកពីសាកលវិទ្យាល័យ Aoyama Gakuin នៃទីក្រុងតូក្យូ បានបង្ហាញពីចំណុចសំខាន់ៗនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅក្នុងតំបន់ ខណៈលោកបណ្ឌិត Bradley J. Murg មកពីសកលវិទ្យាល័យស៊ីថលប៉ាស៊ីហ្វិកបានរៀបរាប់លំអិតអំពីដំណើរការវិនិយោគទុននៅក្នុងប្រទេស។ សន្និសីទវគ្គទី២ ដែលដឹកនាំដោយ កញ្ញា ពេជ្រ ចារ៉ាឌីន ជំនួយការនាយកប្រតិបត្តិ និងសមាជិកជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរ សំរាប់សហប្រតិបត្តិការ និងសន្តិភាពតំណាងឱ្យទស្សនវិស័យស្តីពី បញ្ហាប្រឈមដ៏មានសក្តានុពលរបស់បណ្តាប្រទេសជាក់លាក់នៅក្នុងតំបន់។ ឧទាហរណ៍ លោកបណ្ឌិត Thitinan Pongsudhirak មកពីសាកលវិទ្យាល័យជូឡាឡុងកនបានពិនិត្យឡើងវិញនូវបញ្ហាប្រឈមដែលប្រទេសថៃជួបប្រទះទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាការធ្វើអត្ថាធិប្បាយស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងថៃ និងជប៉ុន។ ជាកិច្ចបញ្ចប់ វគ្គទីបី បានសង្ខេបសមិទ្ធផលគន្លឹះនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់កាលពីអតីតកាល និងបានស្នើនូវជំហានថ្មីៗដើម្បីកែលំអការអភិវឌ្ឍន៍មនុស្ស អភិវឌ្ឍន៍បៃតង និងហេដ្ឋារចនាសម្ព័ន្ធរឹង / ទន់នៅក្នុងប្រទេសក្នុងតំបន់។