ក្រុមការងារ​អូ​ឌី​ស៊ី​ បាន​ចូលរួម​ កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី​៧​ស្តីពី «​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»

កិច្ច​ពិគ្រោះ​យោបល់​នេះ​ រៀបចំ​ឡើង​នៅ​សណ្ឋាគារ​ សូ​ហ្វី​តែ​ល​ ភូ​គី​ត្រា​ ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ២២​ មីនា​ ឆ្នាំ​២០១៨​ ដែល​ជា​កិច្ចការ​ពិភាក្សា​ជា​សាធារណៈ​លើក​ចុង​ក្រោយ​នៃ​ការ​បង្កើត​ក្រម​បរិស្ថាន​ មុន​នឹង​សម្រេច​អនុវត្ត​។​ កិច្ច​ពិភាក្សា​នេះ​ រៀបចំ​ឡើង​ដោយ​ការ​សហ​ការណ៍​ពី​ ក្រសួងបរិស្ថាន​ និង​ ក្រុម​មេធាវី​វិស្ណុ​នា​។​ អ្នកចូលរួម​ប្រមាណ​ ៤០០​នាក់​ បាន​ចុ​ល​រួម​ក្នុង​កិច្ច​ពិភាក្សា​នេះ​ ដែល​មាន​ដូច​ជា​ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ អង្គការ​ជាតិ​ និង​អន្តរជាតិ​ ក្រុមហ៊ុន​ឯកជន​ និង​តំណាង​សហគមន៍​នានា​។​

តំណាងមន្ត្រី​ក្រសួង​បរិស្ថាន ក្រុមមេធាវីវិស្ណុ និង​ម្ចាស់​ជំនួយ។​

​កិច្ច​ពិភាក្សា​នេះ​ទទួល​កិច្ច​ស្វាគមន៍​ដោយ​ ឯកឧត្តម​ ឃុ​ត​ ចាន់​ដា​រ៉ា​ អនុរដ្ឋលេខាធិការ​ និង​ជា​ប្រធាន​ក្រុមការងារ​ពិនិត្យ​ និង​កែសម្រួល​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​។​ ក្រោម​តំណាង​ ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​បាន​ថ្លែង​ថា​ សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​ ពី​បច្ចុប្បន្នភាព​នៃ​ដំណើរការ​តាក់តែង​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ ជូន​ដល់​ជូន​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។​ ដំណើរការ​នៃ​ការ​ចងក្រង​ក្រម​បរិស្ថាន​នេះ​ ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៥​ ហើយ​បាន​ឆ្លងកាត់​កិច្ច​ពិភាក្សា​ផ្តល់​យោបល់​ចំនួន​១១​លើក​មក​ហើយ​ ជាមួយ​ជួរ​រដ្ឋាភិបាល​ និង​សហគមន៍​មូលដ្ឋាន​។​ បន្ថែម​ពី​នេះ​ សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ទី​១០​នេះ​ ត្រូវ​បាន​ដាក់​ជូន​ឱ្យ​មានការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ សម្រាប់​ចែករំលែក​ការ​មតិយោបល់​ ដែល​មាន​កាល​អវសាន​ចុង​ក្រោយ​ថ្ងៃ​ទី​២២​ មីនា​ ២០១៨​ ​កិច្ច​ពិគ្រោះ​យ​ប​ល់​នេះ​ មាន​បទ​បង្ហាញ​ជា​ច្រើន​ ទៅ​តាម​ប្រធានបទ​ដែល​បាន​ចងក្រង​នៅ​ក្នុង​សេចក្តី​ព្រាង​ទី​១០​។​

បទ​បង្ហាញ​ទាំងនោះ​បាន​ល​លើក​ឡើង​នូវ​ចំណុច​សំខាន់ៗ​នៃ​សេចក្តីព្រាងច្បាប់​ ដែល​មាន​ដូច​ជា​ ខ្លឹមសារ​ទូទៅ​នៃ​សេ​ចក្រី​ព្រាង​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​ ការ​គ្រប់គ្រង​សំណល់​និង​ការ​បំពុល​ ការ​អប់រំ​ស្រាវជ្រាវ​ពី​បរិស្ថាន​ ការ​ប្រែប្រួល​អាកាសធាតុ​ គោលការណ៍​ទូទៅ​នៃ​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​ យន្តការ​ដោះស្រាយ​វិវាទ​បរិស្ថាន​និង​សំណូមពរ​។​ បទ​បង្ហាញ​ទាំងនេះ​ បាន​ផ្តល់​ជា​ព័ត៌មាន​ ព្រមទាំង​ការ​ផ្សព្វផ្សាយ​ ដល់​សាធារណៈ​អំពី​ខ្លឹមសារ​លម្អិត​នៃ​ក្រម​បរិស្ថាន​ ទៅ​តាម​ប្រធានបទ​ ដើម្បី​ទាញ​យក​មតិយោបល់​បន្ថែម​ និង​សំណូមពរ​ពី​សាធារណៈ​ ដើម្បី​កែ​លម្អ​សេចក្តី​ព្រាង​ក្រម​បរ​ស្ថាន​ ដើម្បី​ឱ្យ​មាន​សង្គតិភាព​ បាន​គ្រប់​ជ្រុងជ្រោយ​ ដើម្បី​យក​ទៅ​អនុវត្ត​ដោយ​មាន​ប្រសិទ្ធិ​ភាព​។​