​សិក្ខាសាលា​ជី​អាយ​អេស​ លើក​ទី​២​របស់​អូ​ឌី​ស៊ី​៖​ ការ​ប្រមូល​ទិន្នន័យ​ និង​កម្មវិធី​ជី​អាយ​អេស​

​នៅ​ក្នុង​ប្លក់​មុន​ យើង​រៀបរាប់​នៅ​ក្នុង​ស៊េរី​ប្លក់​អំពី​សកម្មភាព​ និង​លទ្ធផល​ជោគជ័យ​របស់​សិក្ខាកាម​ចំនួន​ ២៤​ នាក់​ ដែល​បាន​ចូលរួម​ និង​ទទួល​បាន​វិញ្ញាបនបត្រ​ នៅ​ក្នុង​សិក្ខាសាលា​ចំនួន​ បី​ ថ្ងៃ​។​ បន្ទាប់​ពី​បាន​បង្ហាត់​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ ដែល​ប្រើប្រាស់​ជាមួយនឹង​កម្មវិធី​ QGIS​ រួច​មក​ ពេល​នេះ​សិក្ខាសាលា​នឹង​ផ្តោត​លើ​ការ​ប្រមូល​ទិន្នន័យ​ និង​ការ​ប្រើប្រាស់​ជី​អាយ​អេស​ (GIS)​។​

នៅ​ក្នុង​រយៈពេល​ បី​ ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​ ០៧​ ទៅ​ថ្ងៃ​ទី​ ០៩​ ខែឧសភា​ ស្ថិត​នៅ​ការិយាល័យ​អូ​ឌី​ស៊ី​ ក្នុង​រាជធានី​ភ្នំពេញ​ សិក្ខាកាម​ចំនួន​ ២១​ នាក់​ ដែល​កំពុងធ្វើការ​នៅ​ក្នុង​រាជរដ្ឋាភិបាល​ វិស័យ​ឯកជន​ ស្ថាប័ន​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សាកលវិទ្យាល័យ​នានា​ រួម​មាន​ដូច​ជា​ ក្រសួង​រ៉ែ​ និង​ថាមពល​ ក្រសួងផែនការ​ ក្រុមហ៊ុន​Smarter​ Solutions​ ក្រុមហ៊ុន​Sustinat​ Green​ ក្រុមហ៊ុន​Rising​ Phoenix​ ក្រុមហ៊ុន​Green​ Environment​ Group​ វិទ្យាស្ថាន​គ្រប់គ្រង​បស្ចិម​បូព៌ា​ (EWMI)​ មូលនិធិ​ Maddox​ Jolie​ Pittអង្គការ​សម្ព័ន្ធភាព​ដើម្បី​ការ​អភិរក្ស​ធនធាន​ជលផល​ (FACT)​ អង្គការ​សមាគម​ខ្មែរលើអង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជាសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ និង​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​សិក្សា​ពី​របៀប​ប្រើប្រាស់​កម្មវិធីជី​អាយ​អេស​ និង​កម្មវិធី​បើក​ទូលាយ​សម្រាប់​ការ​ប្រមូល​ទិន្នន័យ​។​ ក្នុងអំឡុងពេល​សិក្ខា​នេះ​ តំបន់​បឹង​ទន្លេសាប​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ត្រូវ​បាន​ប្រើ​ជា​ប្រធានបទ​សំខាន់​សម្រាប់​ការ​ពិភាក្សា​ និង​ការ​សិក្សា​។​

ថ្ងៃ​ដំបូង​នៃ​សិក្ខាសាលា​នេះ​ បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​វាយតម្លៃ​កម្រិត​ចំណេះដឹង​ ផ្នែក​ជី​អាយ​អេស​របស់​សិក្ខាកាម​ដែល​បាន​ចូលរួម​ទាំងអស់​ ហើយ​ប្រធានបទ​បន្ទាប់​គឺ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ប្រមូល​ទិន្នន័យ​ តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​ដ៏​ក្បោះក្បាយ​។​ បន្ទាប់​មក​ សិក្ខាកាម​ទាំងអស់​ត្រូវ​បាន​ណែនាំ​ឱ្យ​តំឡើងកម្មវិធី​ KoBoToolbox​ ដែល​ជា​កម្មវិធី​ប្រភព​បើកចំហ​ សម្រាប់​ការ​ប្រមូល​ទិន្នន័យ​ ហើយ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អង្គការ​ល្បីៗ​ ជា​ច្រើន​។​ ដើម្បី​ឱ្យ​វគ្គ​បណ្តុះបណ្តាល​នេះ​ទទួល​បាន​ជោគជ័យ​ វា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ឱ្យ​អ្នកចូលរួម​យល់​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ឧបករណ៍​ប្រមូល​ទិន្នន័យ​នីមួយៗ​ ដើម្បី​អាច​បង្កើត​ទម្រង់​សំណួរ​ផ្សេងៗ​។​

ការ​ប្រមូល​ទិន្នន័យ​ និង​កម្មវិធីជី​អាយ​អេស​ ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​គឺជា​ប្រធានបទ​សំខាន់​នៃ​ថ្ងៃ​ទី​ ពីរ​ ដែល​រួម​បញ្ចូល​ការ​បង្ហាញ​អន្តរ​កម្ម​ជា​ច្រើន​ ក៏​ដូច​ជា​ការ​ប្រមូល​ទិន្នន័យ​នៅ​ទីវាល​ ដែល​អ្នកចូលរួម​អាច​យល់​ដឹង​បន្ថែម​អំពី​របៀប​ប្រើប្រាស់​ទិន្នន័យ​នៅ​ក្នុង​ QGIS​ ។​ សិក្ខាកាម​បាន​សិក្សា​ពី​វិធី​គ្រប់គ្រង​ទិន្នន័យ​ វិភាគ​ទិន្នន័យ​នៅ​លើ​គេហទំព័រ​ និង​បញ្ចេញ​ទិន្នន័យ​សម្រាប់​ការ​វិភាគ​នៅ​កម្មវិធី​ផ្សេងៗ​ទៀត​។​ បន្ទាប់​ពី​សម្រាក​អាហារ​ថ្ងៃត្រង់​រួច​ សិក្ខាកាម​នេះ​បាន​ផ្តោត​ទៅ​លើ​ការ​ប្រើប្រាស់​កម្មវិធីជី​អាយ​អេស នៅ​ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ តាម​រយៈ​សេចក្តីណែនាំ​នៃ​ការ​វិភាគ​ទិន្នន័យ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​ពិ​ជ​គណិត​ផែនទី​។​ នៅ​ចុងបញ្ចប់​ អ្នកចូលរួម​មានការ​រំភើប​ក្នុង​ការ​ធ្វើការ​លើ​គម្រោង​ជាក់ស្តែង​មួយ​ ដែល​ប្រធានបទ​និយាយ​អំពី​៖​ សាលារៀន​ដែល​រង​ផល​ប៉ះពាល់​នៅ​តំបន់​ដែល​ងាយ​រង​គ្រោះ​ដោយ​ទឹកជំនន់​ នៅ​ជុំវិញ​បឹង​ទន្លេសាប​។​ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​សិក្ខាសាលា​ត្រូវ​បាន​បន្ត​ទៅ​លើ​ការ​អនុវត្ត ​ជី​អាយ​អេស​ ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ប៉ុន្តែ​លើក​នេះ​គឺ​ផ្តោត​លើ​ការ​ណែនាំ​អំពី​ការ​វិភាគ​គោល​ពីរ​ និង​ការ​គ្រប់គ្រង​ទឹកជំនន់​។​

សិក្ខាសាលា​រយៈពេល​ បី​ ថ្ងៃនេះ​ បាន​ទទួលលទ្ធផល​សំខាន់ៗ​។​ អ្នកចូលរួម​ ភាគច្រើន​បាន​និយាយ​ថា​ ពួក​គាត់​យល់​ឃើញ​ថា​ សិក្ខាសាលា​ស្ដី​ពី​ជី​អាយ​អេស (GIS)​ របស់​អូ​ឌី​ស៊ី​នេះ​ មាន​ភាព​គួរ​ឱ្យ​ចាប់អារម្មណ៍​ មិន​ត្រឹមតែ​អាច​សិក្សា​អំពី​របៀប​ប្រើប្រាស់​កម្មវិធី​ជី​អាយ​អេស​ ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​នូវ​ចំណេះដឹង​ទូលំទូលាយ​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ផង​ដែរ​។​ អ្នកចូលរួម​ទាំងអស់​បាន​ទទួល​វិញ្ញាបនបត្រ​ នៅ​ថ្ងៃ​ចុងបញ្ចប់​នៃ​សិក្ខាសាលា​ ដែល​ជា​ភស្តុ​តាង​បង្ហាញ​ថា​ ពួកគាត់​បាន​បញ្ចប់​វគ្គ​សិក្សា​ដោយ​ជោគជ័យ​ ហើយ​បាន​ទទួល​ចំណេះដឹង​ និង​ជំនាញ​អំពី​ការ​ប្រើប្រាស់​កម្មវិធីជី​អាយ​អេស​ និង​ការ​ប្រមូល​ទិន្នន័យ​ចល័ត​។​ ដោយ​ផ្អែក​លើ​មតិយោបល់​នៅ​ក្នុង​ទម្រង់រ​ង្វា​យ​តម្លៃ​ អ្នកចូលរួម​ភាគច្រើន​ប្រាកដ​ក្នុង​ចិត្ត​ថា​ ពួកគាត់​អាច​ប្រើប្រាស់​ជំនាញ​ទាំងនេះ​ នៅ​ក្នុង​អាជីព​របស់​ពួក​គាត់​បាន​ ហើយ​បាន​អះអាង​អំពី​សារៈ​ប្រយោជន៍​នៃ​សិក្ខាសាលា​រយៈពេល​បី​ថ្ងៃនេះ​ទៀត​ផង​។​ លោក​ លីឈាង សីហា​ បុគ្គលិក​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​បាន​សរសេរ​ថា​ «សិក្ខាសាលា​នេះ​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​ខ្ញុំ​ ក្នុង​ការ​អនុវត្ត​គម្រោង​រៀបចំ​របស់ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​ចែករំលែក​មេរៀន​ទាំងនេះ​ដល់​មិត្ត​រួម​ការងារ​របស់ខ្ញុំ​។​»​ បន្ទាប់​ពី​សិក្ខាសាលា​នេះ​ គាត់​នឹង​ប្រើប្រាស់​ចំណេះដឹង​ក្នុង​ការ​ប្រមូល​ទិន្នន័យ​អំពី​សេវា​ទឹក​ស្អាត​ និង​អនាម័យ​ (WASH)​ និង​ដើម្បី​ផលិត​ផែនទី​ GIS​ សម្រាប់​អង្គការ​របស់​គាត់​។​ លើស​ពី​នេះ​ទៀត​ លោក​ ជា​ សុភា​ មក​ពី​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​ និង​លោក​ ហួ ប៉ុក មក​ពី​ក្រុមហ៊ុន​ Rising​ Phoenix​ បាន​លើក​ឡើង​ថា​ ​ពួកគាត់មាន​ភាព​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ចូលរួម​សិក្ខាសាលា​នេះ​ ពីព្រោះ​ពួក​គាត់​បាន​យល់​ដឹង​អំពី​ទំនាក់ទំនង​រវាង​បរិស្ថាន​ និង​កម្មវិធី​ជី​អាយ​អេស​។​ ក្រៅពី​នេះ​ សិក្ខាសាលា​បាន​បង្កើត​នូវ​បរិយាកាស​សិក្សា​នៅ​លើ​ទម្រង់​ជា​គេហទំព័រ​ ឬ​ប្រព័ន្ធ​គ្រប់គ្រង​ការ​រៀនសូត្រ​ (LMS)​ ជាមួយ​ Google​ Classroom​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្ហោះ​ឯកសារ​សិក្សា​ ផ្សា​ភ្ជាប់​សិក្ខាកាម​ទាំងអស់​ទៅ​ក្នុង​បណ្តាញ​មួយ​ ដែល​លើកទឹកចិត្ត​ដល់​ការ​ពិភាក្សា​ ការ​ចែករំលែក​បទ​ពិសោធន៍​ និង​រង្វង់​អ្នកជំនាញ​នានា​។​ តាម​រយៈ​ប្រព័ន្ធ​ LMS​ នេះ​ ការ​ធ្វើ​បច្ចុប្បន្នភាព​ណាមួយ​ ដែល​ទាក់ទង​ទៅ​នឹង​សម្ភារៈ​សិក្សា​ អាច​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​អ្នកចូលរួម​ទាំងអស់​ទាន់​ពេលវេលា​ និង​មាន​ភាព​ងាយស្រួល​។​ លើស​ពី​នេះ​ទៀត​ សិក្ខាកាម​បាន​រៀន​ពី​របៀប​ធ្វើ​បទ​បង្ហាញ​ សំណួរ​សាកល្បង​ សំណួរ​នៅ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ និង​ឱកាស​ជា​ច្រើន​ទៀត​ ដើម្បី​សាកល្បង​ជម្រើស​ដែល​កម្មវិធី​ QGIS​ ផ្តល់​ឱ្យ​។​

​ដំណឹង​ល្អ​​សម្រាប់​អ្នក​ដែល​ខកខាន​សិក្ខាសាលា​ចំនួន​ពីរ​លើក​ដំបូង​របស់​យើង​ស្តី​ពីជី​អាយ​អេស៖ នៅ​ក្នុង​ខែកក្កដានឹង​មាន​សិក្ខាសាលា​ចុង​ក្រោយ​មួយ​ស្តី​អំពី​ការ​ប្រើប្រាស់​ជី​អាយ​អេស​ ក្នុង​វិស័យ​រៀបចំ​ដីធ្លី​ និង​ការ​រួម​បញ្ចូល​បច្ចេកវិទ្យា​ជី​អាយ​អេស​ ទៅ​ក្នុង​វិស័យ​អប់រំ​។​ សូម​រង់ចាំ​ទទួល​ព័ត៌មាន​ពិស្ដារ​អំពី​វគ្គ​បណ្ដុះបណ្ដាល​បន្ទាប់​!