ទិវា​ទិន្នន័យ​បើក​ទូលាយ​អន្តរជាតិឆ្នាំ ២០២១៖ ទិន្នន័យ​នៅ​ក្នុង​បរិបទ​​កូ​វី​ដ​-១៩

នៅ​ថ្ងៃ​ទី​ ០៦​ ខែមីនា​ ឆ្នាំ​២០២១​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​សមាគម​ន៍​អាយ​ស៊ី​ធី​ បាន​ប្រារព្ធ​ទិវា​ទិន្នន័យ​បើក​ទូលាយ​អន្តរជាតិ​ ដោយ​បាន​រៀបចំ​សិក្ខា​សិលា​ដែល​មាន​រយៈពេល​កន្លះ​ថ្ងៃ​ ក្រោម​ប្រធានបទ​ “​ទិន្នន័យ​នៅ​ក្នុង​​បរិបទ​​​កូ​វី​ដ​-១៩”​។​ សិក្ខា​សិលា​នេះ​បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អូ​ឌី​ស៊ី​សម្រាប់​សាធារណៈជន​ដែល​នៅ​ក្នុង​បណ្តាញ​អ៊ីនធឺណិត​។​

​សិក្ខា​សិលា​នេះ​ ត្រូវ​បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​គោរព​ភ្លេងជាតិ​នៃ​ប្រទេស​កម្ពុជា​ និង​ការ​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​ពី​សំណាក់​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​អង្គការ​អូ​ឌី​ស៊ី​ និង​ លោក​ John​ Weeks​ អ្នកឯកទេស​ខាងទិន្នន័យ​បើក​ទួ​លាយ​ដែល​មក​ពី​ Internews​។​ នៅ​ក្នុងឆ្នាំ​ ២០២១​ នេះ​គឺជា​ឆ្នាំគម្រប់​ខួប​ទី ៧​​ ដែល​អូ​ឌី​ស៊ី​បាន​ចូលរួម​ក្នុង​ទិវា​ទិន្នន័យ​បើក​ទួ​លាយ​។​ លោក​ ធី​ ទ្រី​ បាន​ពន្យល់​បន្ថែម​ទៀត​ថា​ ទិវា​ទិន្នន័យ​បើក​ទូលាយ​ក្នុងឆ្នាំនេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ខុស​ពី​មុន​ ខណៈ​កម្មវិធី​សិក្ខា​សិលា​ផ្សេងៗ​នៅ​កម្ពុជា​ត្រូវធ្វើ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​។​ សិក្ខា​សិលា​នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​មក​ជា​ទម្រង់​ធ្វើ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​វិញ​ ដោយសារ​តែ​អត្រា​កើនឡើង​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ក្នុង​គោលបំណង​ដើម្បី​ទទួល​បាន​អ្នកចូលរួម​កាន់តែ​ទូលំទូលាយ​ និង​ច្រើន​ជាង​មុន​ផង​ដែរ​។​

​លោក​បាន​មាន​ប្រសាសន៍​ថា​ សិក្ខា​សិលា​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​មានការ​ចូលរួម​ពី​សំណាក់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដែល​ធ្វើការ​ពឹងផ្អែក​លើ​ទិន្នន័យ​ ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍន៍​គោលនយោបាយ​ និង​ផ្តល់​បរិយាកាស​សម​ស្រប​ សម្រាប់​ការ​បើក​ទូលាយ​នូវ​ទិន្នន័យ​ដែល​អាច​ចូល​ទៅ​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល​។​ លោក​ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ ប្រធានបទ​ “​ទិន្នន័យ​នៅ​ក្នុង​បរិបទ​​ជំងឺ​កូ​វី​ដ​-១៩”​ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន​ នៅ​ពេល​ដែល​ជំងឺ​រាតត្បាត​បាន​ជះ​ឥទ្ធិពល​ដល់​សុខុមាលភាព​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​របស់​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ដូច្នេះ​ ទិន្នន័យ​បើក​ទូលាយ​មាន​សារៈសំខាន់​ណាស់​សម្រាប់​រដ្ឋាភិបាល​ និង​អ្នក​ជាប់​ពាក់ព័ន្ធ​ដទៃ​ទៀត​ ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ដាក់​ចេញ​នូវ​គោលនយោបាយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​ឱ្យ​បាន​ទាន់​ពេលវេលា​ និង​មាន​ប្រសិទ្ធិ​ភាព​។​

​គោលបំណង​របស់​សិក្ខា​សិលា​នេះ​រួម​មាន​ ទី​១)​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​សក្តានុពល​នៃ​ទិន្នន័យ​បើក​ទូលាយ​ និង​សារៈសំខាន់​នៃ​ភាព​អាច​រក​ទិន្នន័យ​បាន​ ការ​ផ្សព្វផ្សាយ​ និង​ការ​ប្រើប្រាស់​ទិន្នន័យ​និង​ព័ត៌មាន​ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត​។​ ទី​២)​ ដើម្បី​ប្រមូលផ្តុំ​ក្រុម​មនុស្ស​ផ្សេងៗ​គ្នា​មក​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ ក្នុង​ការ​ទទួល​បាន​ទិន្ន័យ​ស្ដី​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ និង​សង្គម​នៅ​ប្រទេស​កម្ពុជា​ និង​ ទី​៣)​ ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ និង​រឿងរ៉ាវ​ដែល​ពឹងផ្អែក​លើ​ទិន្នន័យ​ ដើម្បី​ពង្រឹង​ការ​ការពារ​សុវត្ថិភាព​សង្គម​នៅ​កម្ពុជា​ និង​ការ​ងើបឡើង​វិញ​ក្រោយ​ពេល​ជំងឺ​រាតត្បាត​។​

​លោក​ John​ Weeks​ បាន​ធ្វើ​សេចក្តីណែនាំ​នៃ​វគ្គ​បន្ទាប់​ ស្តី​ពី​ការ​ដាក់​បង្ហាញ​នូវ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ទិន្នន័យ​បើក​ទូលាយ​នៅ​ឆ្នាំ​ ២០២០​ ដែល​មាន​បទ​បង្ហាញ​ត្រូវ​បាន​ថត​ទុកជា​មុន​ពី​សំណាក់​លោក​ វ៉ា​មឿ​ន​ និមល​ និង​កញ្ញា​ Julia​ Garcia​ Puig​។​ គោលបំណង​នៃ​ការ​សិក្សា​ ទី​១)​ ដើម្បី​វិភាគ​បរិបទ​បច្ចុប្បន្ន​នៃ​ទិន្នន័យ​បើក​ទូលាយ​នៅ​កម្ពុជា​ និង​ ទី​២)​ ដើម្បី​ស្វែងរក​ឱកាស​ក្នុង​ការ​អភិវឌ្ឍន៍ភាព​ដែល​អាច​ចូល​ទៅ​ប្រើប្រាស់​បាន​នៃ​ទិន្នន័យ​បើក​ទូលាយ​នៅ​កម្ពុជា​។​ លោក​ និមល​ បាន​បង្ហាញ​ថា​ទិន្នន័យ​បើក​ទូលាយ​មាន​លក្ខណៈ​ចម្បង​ចំនួន​ ៣​ គឺ​ភាព​អាច​រកបាន​ និង​ភាព​អាច​ចូល​ប្រើប្រាស់​បាន​ ការ​ប្រើប្រាស់​ឡើង​វិញ​ និង​ការ​ចែកចាយ​ឡើង​វិញ​ និង​ការ​ចូលរួម​ជាស​កល​។​ ធាតុ​ចូល​ទាំងនេះ​ ត្រូវ​បាន​ប្រមូល​ពី​គេហទំព័រ​ និង​សំណុំ​ទិន្នន័យ​ពី​ស្ថាប័ន​ចម្រុះ​រួម​មាន​សកល​វិទ្យាល័យ​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ អ្នក​សារព័ត៌មាន​ ស្ថាប័ន​រដ្ឋាភិបាល​ និង​សាធារណៈជន​ទូទៅ​។​

​លោក​ និមល​ ក៏​បាន​កត់សម្គាល់​ផង​ដែរ​ពី​មាន​បញ្ហា​ទាក់ទង​នឹង​ការ​វិភាគ​លើ​ប្រភព​ព័ត៌មាន​ដែល​ចេញពី​ស្ថាប័ន​រដ្ឋាភិបាល​ ពីព្រោះ​ព័ត៌មាន​ទាំងនោះ​មាន​ទម្រង់​ជា​ប្រភេទ​ឯកសារ​ដែល​មិន​អាច​វាយតម្លៃ​បាន​ដោយ​ការ​ប្រើប្រាស់​កុំព្យូទ័រ​។​ លោក​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ផ្តល់​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ទិន្នន័យ​របស់​ពួក​គេ​ ពីព្រោះ​យោង​តាម​ការ​សិក្សា​ប្រមាណ​ ៧០%​ នៃ​អ្នក​ដែល​បាន​ស្ទង់​មតិ​បាន​ទទួល​ទិន្នន័យ​ពី​រដ្ឋាភិបាល​។​ លោក​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ ពួក​គេ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន​ ដូច​ជា​ទិន្នន័យ​ឆៅ​ដែល​អាច​រកបាន​នៅ​មាន​កម្រិត​ កង្វះ​កិច្ច​សហប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ និង​ចំណេះដឹង​មាន​កម្រិត​ស្តី​អំពី​ទិន្នន័យ​បើក​ទូលាយ​។​ លោក​បាន​បង្ហាញ​ជា​អនុសាសន៍​គោលនយោបាយ​ ដូច​ជា​ការ​រៀបចំ​បង្រួម​ស្ថាប័ន​រដ្ឋាភិបាល​ដើម្បី​សម្រប​សម្រួលការ​អភិវឌ្ឍ​ទិន្នន័យ​បើក​ទូលាយ​ កសាង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ​បើក​ទូលាយ​ និង​បង្កើន​ចំណេះដឹង​ផ្នែក​ទិន្នន័យ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ និង​អ្នក​ផ្ដល់​ទិន្នន័យ​។​

​នៅ​វគ្គ​បន្ទាប់​គឺជា​កិច្ច​ពិភាក្សា​តុមូល​ដែល​សម្របសម្រួល​ដោយ​ លោក​ បាន​ ចន្ទ​ផល្លា​ ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​សង្គម​ និង​ការ​អភិវឌ្ឍ​នៅ​អូ​ឌី​ស៊ី​។​ ក្នុង​ចំណោម​វាគ្មិន​កិត្តិយស​រួម​មាន​ លោក​ ឡុ​ច​ កល្យាណ​ ជា​អ្នកជំនាញ​ឯកទេស​ខាង​ផែនទី​ និង​ទិន្នន័យ​នៃ​អូ​ឌី​ស៊ី​ លោក​ ណុ​ប​ វី​ ជា​នាយក​របស់​ខេ​ម​បូ​ចា​ និង​លោក​ អ៊ូ​ក​ថូន​ បញ្ញា​ ជា​ប្រធាន​ផ្នែក​នៃ​ UNDP​ Accelerator​ Lab​។​ លោក​ ផល្លា​ បាន​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ដោយ​សួរ​សំណួរ​ដំបូង​ទៅ​កាន់​ លោក​ កល្យាណ​ អំពី​អត្ថប្រយោជន៍​នៃ​ទិន្នន័យ​សម្រាប់​បុគ្គល​ និង​សង្គម​។​

​លោក​ កល្យាណ​ បាន​សង្កេត​ឃើញ​ថា​ទិន្នន័យ​មាន​សារៈសំខាន់​ណាស់​ ព្រោះ​វា​ជួយ​យើង​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។​ លោក​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ ការងារ​របស់​លោក​ត្រូវការ​ជំនាញ​ផ្នែក​ទិន្នន័យ​ដើម្បី​បង្កើត​ទៅ​ជា​ផែនទី​ និង​ប្រភេទ​ទស្សនី​យ​កម្ម​ទិន្នន័យ​ផ្សេង​ទៀត​ និង​ដាក់​បង្ហាញ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​អូ​ឌី​ស៊ី​។​

​លោក​ បញ្ញា​ បាន​មាន​ប្រសាសន៍​ថា​ទិន្នន័យ​អាច​ត្រូវ​បាន​ប្រើ​ខុស​គ្នា​អាស្រ័យ​លើ​គោលបំណង​ និង​លក្ខណៈ​នៃ​គម្រោង​។​ លោក​បាន​បន្ថែម​ទៀត​ថា​ទិន្នន័យ​ដែល​បាន​ប្រមូល​ អាច​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ស្ថាប័ន​រដ្ឋាភិបាល​ និង​មិនមែន​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​សង្គម​ផ្សេងៗ​។​

​អ្នកសម្របសម្រួល​បាន​លើក​ជា​សំណួរ​មួយទៀត​ទៅ​កាន់​ លោក​ ណុ​ប​ វី​ អំពី​បញ្ហា​ប្រឈម​នៃ​ការ​ស្រង់​ទិន្នន័យ​នៅ​ប្រទេស​កម្ពុជា​។​ លោក​ ណុ​ប​ វី​ បាន​បញ្ជាក់​ថា​ទិន្នន័យ​ពិតជា​មាន​សារៈសំខាន់​ណាស់​ព្រោះ​វា​នឹង​ផ្តល់​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ដំណើរការ​នៃ​ការ​សម្រេចចិត្ត​ និង​ការ​ធ្វើ​គោលនយោបាយ​។​ លោក​បាន​បន្ថែម​ទៀត​ថា​ ទិន្នន័យ​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​ការ​បញ្ជាក់​ការ​ពិត​លើ​អំណះអំណាង​ និង​បកស្រាយ​អំណះអំណាង​ទាំងនោះ​តាម​បែប​វិទ្យាសាស្ត្រ​។​ នៅ​ក្នុង​វិស័យ​សារព័ត៌មាន​ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ពី​ប្រភព​ផ្សេងៗ​គ្នា​ ដើម្បី​បង្កើត​ជា​អំណះអំណាង​ដែល​អាច​ទុកចិត្ត​បាន​ និង​ត្រឹមត្រូវ​នៅ​ក្នុង​អត្ថបទ​ ក្នុង​ការ​ដោះស្រាយ​ការ​លេចឡើង​នូវ​ព័ត៌មាន​ក្លែងក្លាយ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ លោក​ក៏​បាន​ផ្តល់​នូវ​គន្លឹះ​មួយ​ចំនួន​ផង​ដែរ​ទៅ​ដល់​អ្នក​ទស្សនា​អំពី​របៀប​ដែល​ពួក​គេ​អាច​វិភាគ​ពី​ភាព​ត្រឹមត្រូវ​នៃ​ព័ត៌មាន​ ដោយ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​អក្ខរកម្ម​សារព័ត៌មាន​។​ អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​ពី​ប្រភព​ កាលបរិច្ឆេទ​ និង​សាវតា​របស់​អ្នកនិពន្ធ​អត្ថបទ​យ៉ាង​ម៉ត់ចត់​។​

​លោក​ បញ្ញា​ បាន​បញ្ជាក់​ដែរ​ថា​នៅ​​ក្នុងបរិបទ​​​ជំងឺ​កូ​វី​ដ​-១៩​ ទិន្នន័យ​ពិតជា​មាន​អត្ថប្រយោជន៍​ណាស់​ ព្រោះ​វា​អាច​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​រាតត្បាត​។​ ដូច្នេះ​ទិន្នន័យ​អាច​ផ្តល់​ឱ្យ​ប្រជាជន​កម្ពុជា​នូវ​មូលដ្ឋាន​នៃ​ការ​យល់​ដឹង​ ដើម្បី​ចាត់វិធានការ​សម​ស្រប​ក្នុង​ការ​ទប់ទល់​នឹង​ជំងឺ​កូ​វី​ដ​-១៩​ នេះ​បាន​។​

​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ លោក​ ផល្លា​ អំពី​របៀប​ដែល​ទិន្នន័យ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជូនដំណឹង​ទៅ​ដល់​សាធារណៈជន​ លោក​ កល្យាណ​ បាន​ពន្យល់​ថា​អូ​ឌី​ស៊ី​ធ្វើការ​ប្រមូល​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​ ហើយ​បន្ទាប់​មក​ប​ម្លែ​ង​វា​ទៅ​ជា​ទម្រង់​ផ្សេងៗ​មាន​ដូច​ជា​ រូបភាព​ និង​ផែនទី​ជាដើម​ ក្នុង​គោលបំណង​ឱ្យ​អ្នក​ចូល​មើលងាយ​ស្រួល​ទទួលយក​ និង​ស្វែង​យល់​ពី​ទិន្នន័យ​។​ លោក​ ណុ​ប​ វី​ ក៏​បាន​ឯកភាព​ផង​ដែរ​ថា​ការ​បង្ហាញ​ពី​ទិន្នន័យ​ (​ឧទាហរណ៍​៖​ ជា​រូបភាព​)​ ពិតជា​មាន​ប្រយោជន៍​ណាស់​សម្រាប់​អ្នក​អាន​ ពីព្រោះ​ពួក​គេ​អាច​ផ្ញើ​សារ​ទៅ​កាន់​អ្នក​ចូល​មើល​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​ទិន្នន័យ​ជាតា​រាង​ ឬ​ក៏​ស្ថិតិ​ស្មុគស្មាញ​។​

​លោក​ ផល្លា​ បាន​លើក​ឡើង​នូវ​សំណួរ​មួយទៀត​អំពី​ថា​តើ​យូ​អិន​ឌី​ភី​អាច​ជួយ​យ៉ាងដូចម្តេច​ខ្លះ​ ដើម្បី​លើកទឹកចិត្ត​ស្ថាប័ន​ផ្សេងៗ​ទៀត​ឱ្យ​ផ្ដល់​នូវ​ទិន្នន័យ​របស់​ពួក​គេ​។​ លោក​ បញ្ញា​ បាន​ឆ្លើយ​តប​ថា​ យូ​អិន​ឌី​ភី​បាន​បង្កើត​ផ្ទាំង​គ្រប់គ្រង​ទិន្នន័យ​ ក្នុង​គោលបំណង​ចែករំលែក​ទិន្នន័យ​ និង​ព័ត៌មាន​ដែល​អាច​ឱ្យ​ស្ថាប័ន​ផ្សេងៗ​ទៀត​បាន​ផ្តល់​នូវ​ធនធាន​ ឬ​ទិន្នន័យ​ដែល​ពួក​គេ​មាន​។​ ទិន្នន័យ​ដែល​ប្រមូល​បាន​មាន​ពីរ​ប្រភេទ​ ប្រភេទ​ទី​មួយ​ គឺ​សំដៅ​ទៅ​លើ​ទិន្នន័យ​បែប​ប្រពៃណី​ដូច​ជា​ការ​ស្ទង់​មតិ​ ចំណែក​ប្រភេទ​មួយ​ផ្សេង​ទៀត​ហៅ​ថា​ “​ទិន្នន័យ​ធំ​ ឬ​ Big​ Data”​ ដែល​ត្រូវ​បាន​ស្រង់​ចេញពី​ប្រព័ន្ធ​អ៊ីនធឺណិត​។​

​នៅ​ក្នុង​វគ្គ​សំណួរចម្លើយ​ អ្នកចូលរួម​ម្នាក់​បាន​សួរ​ថា​ តើ​ទិន្នន័យ​នៅ​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​-១៩​ អាច​ចូល​ទៅ​ប្រើប្រាស់​បាន​ទូ​ទាំង​ប្រទេស​ដែរ​ឬទេ​?​ លោក​ បញ្ញា​ បាន​អះអាង​ថា​ទិន្នន័យ​មិន​ទាន់​អាច​ចូល​ប្រើប្រាស់​បាន​យ៉ាង​ទូលំទូលាយ​ដោយសារ​តែ​គម្លាត​ប្រព័ន្ធ​ឌី​ជី​ថ​ល​ និង​កត្តា​ទីតាំង​ភូមិសាស្ត្រ​នៅ​តាម​តំបន់​ជនបទ​។​ ក្នុង​នេះ​ដែរ​លោក​ ណុ​ប​ វី​ បាន​ទទួលស្គាល់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ផ្តល់​ទិន្នន័យ​ ហើយ​ក៏​បាន​បង្ហាញ​ថា​នៅ​មាន​ចំណុច​កែ​លំអ​បន្ថែម​លើ​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត​ដូច​ជា​ កង្វះ​ធនធានមនុស្ស​ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដទៃ​ផ្សេង​ទៀត​។​

​នៅ​ក្នុង​វគ្គ​បន្ទាប់​ លោក​ តុង​ គី​ម​ស៊ុន​ ជា​តំណាង​មក​ពី​ធនាគារពិភពលោក​បាន​បង្ហាញ​ពី​ការ​សិក្សា​ថ្មីៗ​របស់​លោក​ស្តី​អំពី​លទ្ធផល​នៅ​ជុំ​ទី​ ៣​ លើ​ការ​ស្រង់​មតិ​របស់​លោក​ទៅ​លើ​ប្រធានបទ​ “​ផល​ប៉ះពាល់​សង្គម​-​សេដ្ឋកិច្ច​នៃ​ជំងឺ​កូ​វី​ដ​-១៩​ មក​លើ​ប្រទេស​កម្ពុជា​”​។​ លទ្ធផល​នៃ​ការ​សិក្សា​សំខាន់ៗ​រួម​មាន​ ១)​ ប្រជាជន​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ក្នុង​ការ​ធ្វើតេស្ត​ និង​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ ដោយ​ឥត​គិតថ្លៃ​។​ ខណៈ​អ្នកឆ្លើយ​តប​ភាគច្រើន​ដែល​បង្ហាញ​ពី​ការ​មិន​ចង់​ចាក់​វ៉ាក់សាំង​ បាន​លើក​ឡើង​ពី​សុវត្ថិភាព​ និង​ផល​ប៉ះពាល់​របស់​វ៉ាក់សាំង​ដែល​ជា​ក្តី​បារម្ភ​ចម្បង​របស់​ពួក​គេ​។​ ២)​ ស្ទើរតែ​ ១០០%​ នៃ​ប្រជាជន​នៅ​តែ​ទទួល​បាន​នូវ​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ​ដូច​ជា​អាហារ​ និង​ថ្នាំពេទ្យ​។​ ទាក់ទិន​ទៅ​នឹង​ការ​អប់រំ​នៅ​កម្រិត​បឋម​ កុមារ​បាន​ចូលរួម​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​សកម្មភាព​អប់រំ​នៅ​ពេល​សាលារៀន​ត្រូវ​បាន​បើក​ជា​បណ្តើរៗ​ មុន​ពេល​មានការ​ផ្ទុះ​ឡើង​វិញ​នៃ​ការ​ឆ្លង​ចូល​សហគមន៍​ជា​លើក​ទី​ ៣​។​ ៣)​ ការងារ​នៅ​មាន​ស្ថេ​រ​ភាព​ ដោយ​ក្នុង​នោះ​ ៨២%​ បាន​ឆ្លើយ​តប​ថា​ពួក​គេ​នៅ​តែ​មានការ​ងារ​ធ្វើ​។​ ៤)​ កំណើន​សមាមាត្រ​គ្រួសារ​ក្រីក្រ​ និង​ជន​ងាយ​រង​គ្រោះ​ទទួល​បាន​ជំនួយ​សង្គម​ពី​រដ្ឋាភិបាល​។​ ហើយ​ជា​ចុង​ក្រោយ​ ៥)​ សន្តិសុខ​ស្បៀងអាហារ​ ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​។​

​នៅ​ក្នុង​វគ្គ​ចុង​ក្រោយ​ លោក​ វង្ស​ ពិ​សិទ្ធ​ ជា​មន្ត្រី​ស្រាវជ្រាវ​ទិន្នន័យ​ និង​ផែនទី​ជាន់ខ្ពស់​នៃ​អូ​ឌី​ស៊ី​ បាន​ចែករំលែក​ការ​យល់​ដឹង​ខ្លះ​ទាក់ទង​ទៅ​នឹង​ “​ការ​បង្កើត​រឿងរ៉ាវ​ដោយ​ផ្អែក​លើ​ទិន្នន័យ​”​។​ លោក​ ពិ​សិទ្ធ​ បាន​ពន្យល់​ថា​ទិន្នន័យ​គឺ​មាន​លក្ខណៈ​ទូលំទូលាយ​ណាស់​ ព្រោះ​វា​រួម​បញ្ចូល​គ្រប់​ទិដ្ឋភាព​ទាំងអស់​ដែល​យើង​អាច​សង្កេត​ និង​វាស់វែង​នៅ​ក្នុង​សង្គម​។​ លោក​បន្ត​ទៀត​ថា​ ជា​ញឹកញាប់​ទិន្នន័យ​ និង​ព័ត៌មាន​ត្រូវ​បាន​ប្រើប្រាស់​ផ្លាស់​ប្តូរ​គ្នា​បាន​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ បើ​តាម​ន័យ​បច្ចេកទេស​ ព័ត៌មាន​គឺជា​លទ្ធផល​នៃ​ទិន្នន័យ​ដែល​ត្រូវ​បាន​ស្រង់​ចេញ​ និង​វិភាគ​។​ ត្រឡប់​មក​ប្រធានបទ​សំខាន់​វិញ​ លោក​ ពិ​សិទ្ធ​ បាន​ពន្យល់​ថា​ការ​បង្កើត​រឿងរ៉ាវ​ដោយ​ផ្អែក​លើ​ទិន្នន័យ​គឺជា​ដំណើរការ​នៃ​ការ​ប្រមូល​ និង​វិភាគ​ទិន្នន័យ​ ដើម្បី​បង្កើត​ជា​រឿងរ៉ាវ​ជាក់លាក់​ណាមួយ​សម្រាប់​អ្នក​អាន​។​ លោក​ក៏​បាន​ពន្យល់​បន្ថែម​ទៀត​ផង​ដែរ​ថា​ ការ​បង្កើត​រឿងរ៉ាវ​ដោយ​ផ្អែក​លើ​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ដំណាក់កាល​ជា​ច្រើន​រួម​មាន​ ការ​ស្រាវជ្រាវ​ ប្រមូល​ទិន្នន័យ​ ការ​ចម្រោះ​ធាតុ​ដែល​មិន​ចាំបាច់​ចេញ​តាម​រយៈ​ការ​សម្អាត​ទិន្នន័យ​ និង​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ដើម្បី​បង្កើត​រឿងរ៉ាវ​នៃ​អត្ថបទ​។​

​គួរ​ជម្រាប​ជូន​ផង​ដែរ​ថា​ អូ​ឌី​ស៊ី​បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​របស់​ខ្លួន​ទាក់ទង​នឹង​ទិវា​ទិន្នន័យ​បើក​ទូលាយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ មុន​នឹង​កម្មវិធី​នេះ​បាន​កើតឡើង​។​ អូ​ឌី​ស៊ី​បាន​បង្កើត​កម្មវិធី​សំណួរ​មួយ​ “​ថ្ងៃ​ទិន្នន័យ​បើក​ទូលាយ​”​ ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ និង​ប្រមូល​បានការ​ចាប់អារម្មណ៍​ឱ្យ​កត់សម្គាល់​ពី​សំណាក់​សាធារណៈជន​ដែល​មានការ​ចែករំលែក​ចំនួន​ ២៨៦​ ដង​ និង​មាន​មតិយោបល់​ចំនួន​ ៣៤១​។​ នៅ​មួយ​ថ្ងៃមុន​កម្មវិធី​នេះ​ អូ​ឌី​ស៊ី​បាន​ជ្រើសរើស​ដោយ​ចៃដន្យ​នូវ​អ្នក​ឈ្នះ​ចំនួន​ ៥​ នាក់​ ដែល​បាន​ផ្តល់​រង្វាន់​ក្នុង​ម្នាក់ៗ​នូវ​ដប​ទឹក​មួយ​ និង​អាវយឺត​អូ​ឌី​ស៊ី​មួយ​។​

​កម្មវិធី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយទៀត​ គឺ​ការ​ផ្សាយ​ផ្ទាល់​លើ​ហ្វេ​ស​ប៊ុ​ក​ពី​វគ្គ​ចែករំលែក​ចំណេះដឹង​នៅ​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ឆ្នាំ​ ២០២១​។​ វាគ្មិន​គឺ​លោក​ David​ Benaim​ ជា​អ្នក​វិទ្យាសាស្ត្រ​ខាង​ទិន្នន័យ​ដែល​ល្បីល្បាញ​ខាង​ការងារ​លើ​ទិន្នន័យ​ ជា​ពិសេស​អត្ថបទ​របស់​គាត់​ស្តី​ពី​ “​មួយ​ឆ្នាំ​នៃ​តួលេខ​៖​ ស្ថិតិ​កូ​វី​ដ​-១៩​ របស់​ប្រទេស​កម្ពុជា​”​ ដែល​ក្នុង​នោះ​មាន​ប្រភព​ទិន្នន័យ​មួយ​ចំនួន​ត្រូវ​បាន​ដកស្រង់​ចេញពី​ សំណុំ​ទិន្នន័យ​នៃ​កូ​វី​ដ​-១៩​ របស់​អូ​ឌី​ស៊ី​។​ នៅ​ក្នុង​កម្មវិធី​នេះ​ លោក​បាន​ធ្វើការ​ចែករំលែក​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​លើ​ប្រធានបទ​ “​ស្ថិតិ​លំដាប់​អន្តរជាតិ​ស្តី​ពី​កូ​វី​ដ​-១៩​ របស់​ប្រទេស​កម្ពុជា​”​ ដែល​ការ​ផ្សាយ​ផ្ទាល់​ទទួល​បានការ​ចូល​ទស្សនា​ច្រើន​ជាង​ ៣០០​ នាក់​។​ គាត់​បាន​ពន្យល់​ពី​វិធី​ដែល​គាត់​ប្រមូល​ប្រភព​ទិន្នន័យ​ សម្អាត​ និង​វិភាគ​ទិន្នន័យ​ ក៏​ដូច​ជា​ការ​ទាញ​ការ​ស្វែង​យល់​ព​ទី​ន្ន​ន័យ​ស្ដី​ពី​កូ​វី​ដ​-១៩​ ដោយ​បង្ហាញ​ពី​ជំហាន​នីមួយៗ​យ៉ាង​ល្អិតល្អន់​។​

​តាម​រយៈ​សកម្មភាព​ផ្សព្វផ្សាយ​ទាំងនេះ​ រួម​ជាមួយ​ប្រធានបទ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​នៃ​ទិវា​ទិន្នន័យ​បើក​ទូលាយ​ក្នុងឆ្នាំនេះ​ និង​ការ​ចូលរួម​ពី​អ្នកជំនាញ​ក្នុង​វិស័យ​ទិន្នន័យ​ កម្មវិធី​សិក្ខា​សិលា​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ដោយ​មាន​ទស្សនិកជន​សាធារណៈ​ចូលរួម​ទស្សនា​ច្រើន​ជាង​មួយ​ពាន់​នាក់​។​