លើកកម្ពស់​ការ​យល់​ដឹង​របស់​សហគមន៍​លើ​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​

​នៅ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២៤​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ សហការ​ជាមួយ​អង្គការ​ភូមិ​ខ្ញុំ​ បាន​រៀបចំ​សិក្ខា​សាល​បណ្តុះបណ្តាល​មួយ​ស្តី​ពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ក្រោម​គម្រោង​ “​ការ​លើកកម្ពស់​អភិបាលកិច្ច​គ្រប់គ្រង​ធនធានធម្មជាតិ​តាម​រយៈ​វិធីសាស្ត្រ​ដែល​ជំរុញ​ដោយ​ទិន្នន័យ​”​ នៅ​ខេត្តមណ្ឌលគិរី​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​របស់​សហគមន៍​ និង​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទង​នឹង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ជំរុញ​ការ​សម្រេចចិត្ត​ផ្អែក​លើ​ទិន្នន័យ​និង​ព័ត៌មាន​ និង​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​អភិបាលកិច្ច​បរិស្ថាន​។​ សិក្ខាសាលា​នេះ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ៦០​ នាក់​ រួម​មាន​តំណាង​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ នៃ​ក្រសួងបរិស្ថាន​ រដ្ឋបាល​ខេត្តមណ្ឌលគិរី​ មន្ទីរ​បរិស្ថាន​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ អាជ្ញាធរ​មូលដ្ឋាន​ និង​សមាជិក​សហគមន៍​។​ ទោះបីជា​មានការ​បង្ហាញ​អំពី​លក្ខណៈ​បច្ចេកទេស​នៃ​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ក៏​ដោយ​ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​ក៏​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ចូលរួម​របស់​សហគមន៍​នៅ​ក្នុង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ផង​ដែរ​។​

សុន្ទរកថា​ស្វាគមន៍​ដោយ​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អូ​ឌី​ស៊ី​

លោក​ ធី​ ទ្រី​ បាន​បើក​កម្មវិធី​ដោយ​លើក​ឡើង​ពី​ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​សិក្ខាសាលា​នេះ​ជាមួយនឹង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​ ដែល​កំណត់​អំពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​។​ លោក​បាន​លើក​ឡើង​ពី​តួនាទី​សំខាន់​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ និង​លើកទឹកចិត្ត​អ្នកចូលរួម​ទាំងអស់​ឱ្យ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ពិភាក្សា​ សួរ​សំណួរ​ដើម្បី​បង្កើន​ការ​យល់​ដឹង​ និង​បង្ហាញ​ក្តី​បារម្ភ​។​ លោក​ក៏​បាន​ណែនាំ​ផង​ដែរ​អំពី​ព័ត៌មាន​ទិន្នន័យ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ការ​វិនិយោគ​បរទេស​នៅ​ប្រទេស​កម្ពុជា​ នៅ​លើ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ ដែល​រំពឹង​ថា​នឹង​បង្កើន​ការ​ចូល​ប្រើប្រាស់​ទិន្នន័យ​សាធារណៈ​។​

​សុន្ទរកថា​បើក​ដោយ​លោក​ ងិ​ន​ សុ​វិមាន​ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​

​លោក​ ងិ​ន​ សុ​វិមាន​ បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​អ្នកចូលរួម​ និង​អ្នក​រៀបចំ​ ជា​ពិសេស​បាន​ទទួលស្គាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​អូ​ឌី​ស៊ី​ និង​អង្គការ​ភូមិ​ខ្ញុំ​ ដែល​បាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​ឡើង​។​ លោក​បាន​លើក​ឡើង​ពី​សមិទ្ធិ​ផល​នៃ​ការ​អភិវឌ្ឍ​របស់​ខេត្តមណ្ឌលគិរី​ លើ​វិស័យ​អប់រំ​ សុខាភិបាល​ ទេសចរណ៍​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​កសិកម្ម​ ដោយ​យកចិត្តទុកដាក់​លើ​កត្តាចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ លោក​ សុ​វិមាន​ បាន​សង្កត់ធ្ងន់​លើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខេត្តមណ្ឌលគិរី​ក្នុង​ការ​អនុវត្ត​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​ការ​សម្រេចចិត្ត​ដោយ​ផ្អែក​លើ​ទិន្នន័យ​និង​ព័ត៌មាន​។​

​បទ​បង្ហាញ​លម្អិត​អំពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ក្របខ័ណ្ឌ​ច្បាប់​ ដោយ​លោក​ ជា​ ឡេ​ង​

លោក​ ជា​ ឡេ​ង​ អនុប្រធាន​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ក្របខ័ណ្ឌ​ច្បាប់​ពាក់ព័ន្ធ​។​ លោក​បាន​សម្របសម្រួល​កិច្ច​ពិភាក្សា​ ដែល​លើកទឹកចិត្ត​អ្នកចូលរួម​ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍​ និង​បញ្ហា​ប្រឈម​របស់​ពួក​គេ​ទាក់ទង​នឹង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ កិច្ច​ពិភាក្សា​បាន​បង្ហាញ​ពី​កម្រិត​នៃ​ការ​យល់​ដឹង​ផ្សេងៗ​គ្នា​របស់​អ្នកចូលរួម​អំពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ អ្នកចូលរួម​មួយ​ចំនួន​ទទួល​បាន​ព័ត៌មាន​ និង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ខណៈ​អ្នកចូលរួម​មួយ​ចំនួន​ទៀត​មិន​បាន​ទទួល​ព័ត៌មាន​។​ កិច្ច​ពិភាក្សា​នេះ​បាន​បង្ហាញ​ពី​តម្រូវការ​សម្រាប់​វគ្គ​បណ្តុះបណ្តាល​ជា​បន្តបន្ទាប់​ និង​ការ​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើង​ទាក់ទង​នឹង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ជា​ពិសេស​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​។​

​វគ្គ​សំណួរ​ និង​ចម្លើយ​បាន​ផ្តល់​នូវ​ការ​យល់​ដឹង​អំពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ អ្នកចូលរួម​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​អំពី​គម្រោង​ និង​ហេតុ​ប៉ះពាល់​របស់​គម្រោង​ទាំងនោះ​លើ​សហគមន៍​មូលដ្ឋាន​។​ លោក​ ជា​ ឡេ​ង​ បាន​បញ្ជាក់​ថា​ សហគមន៍​មាន​សិទ្ធិ​លើក​ឡើង​ពី​កិច្ច​បារម្ភ​ និង​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​ជា​សាធារណៈ​ក្នុង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ លោក​ក៏​បាន​លើក​ឡើង​ពី​ការ​យល់​ច្រ​លំ​អំពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ជា​ការ​ពន្យារពេល​នៃ​ការ​អភិវឌ្ឍ​ ដោយ​ពន្យល់​ពី​គោលបំណង​កាត់​បន្ថយ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​នៃ​គម្រោង​អភិវឌ្ឍន៍​។​

បញ្ហា​ប្រឈមសំខាន់ៗ​ និង​ការ​ចូលរួម​របស់​សហគមន៍​

អ្នកចូលរួម​បាន​លើក​ពី​តម្រូវការ​សម្រាប់​ការ​ទទួល​បានការ​ទំនាក់ទំនង​ច្បាស់លាស់​ និង​ទាន់​ពេលវេលា​អំពី​គម្រោង​អភិវឌ្ឍន៍​។​ ពួក​គាត់​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​របស់​សហគមន៍​ រួម​ទាំង​ការ​ទទួល​បាន​ព័ត៌មាន​មិន​ពេញលេញ​ ការ​លំបាក​ក្នុង​ការ​ចរចា​សំណង​សម្រាប់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​មាន​កម្រិត​ និង​ឧបសគ្គ​ភាសា​។​ ពួក​គាត់​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​អ៊ីនធឺណិត​ ធានា​ថា​ព័ត៌មាន​មាន​ជា​ភាសា​ក្នុងស្រុក​ ផ្តល់​ការ​ជូនដំណឹង​ដល់​កិច្ចប្រជុំ​ទាន់​ពេលវេលា​ និង​ស្នើ​សុំ​ឯកសារ​បន្ថែម​ទៀត​ពី​ម្ចាស់​គម្រោង​។​ ការ​ដោះស្រាយ​ឧបសគ្គ​ទាំងនេះ​អាច​ពង្រីក​លំហូរ​ព័ត៌មាន​ និង​ការ​ចូលរួម​របស់​សហគមន៍​ និង​ជួយ​សម្រួល​ដល់​ការ​សម្រេចចិត្ត​ និង​កាត់​បន្ថយ​ជម្លោះ​កាន់តែ​ប្រសើរ​ឡើង​។​

​បទ​បង្ហាញ​ពី​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដោយ​លោក​ បាន​ ច័ន្ទ​ផល្លា​

លោក​ បាន​ ច័ន្ទ​ផល្លា​ បាន​លើក​ឡើង​ពី​តួនាទី​របស់​អូ​ឌី​ស៊ី​ ក្នុង​ការ​លើកកម្ពស់​តម្លាភាព​ និង​ពង្រីក​វិសាលភាព​ក្នុង​ការ​ទទួល​បាន​ទិន្នន័យ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​តាម​រយៈ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ការ​វិនិយោគ​បរទេសនៅ​ប្រទេស​កម្ពុជា​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ ទំព័រ​នេះ​មាន​ព័ត៌មាន​សំខាន់ៗ​អំពី​គម្រោង​វិនិយោគ​បរទេស​ និង​របាយការណ៍​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដែល​អាច​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​ និង​ការ​ចូលរួម​ក្នុង​អភិបាលកិច្ច​បរិស្ថាន​។​

​សុន្ទរកថា​បិទ​ដោយ​លោក​ លន់​ ពេជ្រ​ដា​រ៉ា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ភូមិ​ខ្ញុំ​

​លោក​ លន់​ ពេជ្រ​ដា​រ៉ា​ បាន​បិទ​សិក្ខាសាលា​បណ្តុះបណ្តាល​ដោយ​ថ្លែងអំណរគុណ​ដល់​អ្នកចូលរួម​ និង​ដៃគូ​ទាំងអស់​។​ លោក​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​ចែករំលែក​ព័ត៌មាន​ប្រកបដោយ​តម្លាភាព​ និង​តម្រូវការ​សម្រាប់​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ និង​ការ​គាំទ្រ​សម្រាប់​សហគមន៍​មូលដ្ឋាន​។​ លោក​ ដា​រ៉ា​ បាន​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​សិក្ខាសាលា​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់ៗ​ និង​ជំរុញ​កិច្ចសហការ​ពី​ភាគី​ពាក់ព័ន្ធ​។​