​សិក្ខាសាលា ​ស្តី​ពី​ សិទ្ធិ​អំណាច​ក្នុង​ការ​គ្រប់​គ្រង់​ និង​កាន់​កាប់​ទិន្ន​ន័យ​​ជន​ជាតិ​ដើម​ភាគតិច​

​នៅ​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២១​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ សហការ​ជាមួយ​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ (CIPO)​ បាន​ធ្វើ​សិក្ខាសាលា​អន​ឡាញ​មួយ​ដែល​មាន​រយៈពេល​កន្លះ​ថ្ងៃ​ស្តី​ពី​ “​សិទ្ធិ​អំណាច​ក្នុង​ការ​គ្រប់​គ្រង់​ និង​កាន់​កាប់​​ទិន្នន័យ​ជនជាតិ​ដើម​ភាគតិច​”​។​ សិក្ខាសាលា​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​កំពុង​តែ​ដំណើរការ​ ដែល​សម្របសម្រួល​ដោយ​ Open​ Development​ Mekong​ និង​ដៃគូ​ថ្នាក់​ជាតិ​នានា​ មាន​គោលបំណង​អភិវឌ្ឍ​ការ​ប្រ​មួល​ទិន្នន័យ​ និង​ជំនាញ​អក្ខរកម្ម​ទិន្នន័យ​ ដើម្បី​បង្កើត​ឃ្លាំង​ទិន្នន័យ​ម​ជ្ឃិ​ម​មួយ​សម្រាប់​ថ្នាក់​តំបន់​។​ សិក្ខាសាលា​នេះ​ទទួល​បានការ​ឧបត្ថម្ភ​ពី​មូលនិធិ​ McKnight​ តាម​រយៈ​វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​-​ប​ស្ចឹ​ម​ (EWM)​។​

​សិក្ខាសាលា​នេះ​ បាន​ប្រារព្ធ​ឡើង​ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ ១៥​ នាក់​ដែល​ធ្វើការ​ទាក់ទង​ទៅ​នឹង​សុខុមាលភាព​របស់​ជនជាតិ​ដើម​ភាគតិច​ (IP)​ រួម​ទាំង​ពី​សំណាក់​ក្រុម​ដែល​មាន​ពាក់ព័ន្ធ​ពិសេស​ដូច​ជា​ក្រុម​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ ក៏​ដូច​ជា​តំណាង​អង្គការមិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ មក​ពី​ខេត្ត​រតនគីរី​ ខេត្ត​មណ្ឌល​គី​រី​ ខេត្តក្រចេះ​ និង​ខេត្តពោធិ៍សាត់​ ព្រមទាំង​អង្គការ​អន្តរជាតិ​ផ្សេង​ទៀត​ដូច​ជា​អង្គការ​អុក​ហ្វា​ម​រតនៈគីរី​ និង​ OHCHR​ នៃ​អង្គការសហប្រជាជាតិ​ជាដើម​។​

​សិក្ខាសាលា​នេះ​ មាន​គោលបំណង​សំខាន់​ចំនួន​បី​។​ ទី​មួយ​ គឺ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​គោលការណ៍ ​ឃែ​រ​ (CARE​ Principles)​ ទៅ​កាន់​អ្នក​ពាក់ព័ន្ធ​ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។​ ទី​ពីរ​ លើកទឹកចិត្ត​ឱ្យ​ក្រុម​សហគមន៍​ជនជាតិ​ដើម​មានការ​ចាប់អារម្មណ៍​លើ​ទិន្នន័យ​ និង​មាន​ភាព​ជា​ម្ចាស់​នៃ​ទិន្នន័យ​របស់​ពួក​គេ​ ក្ន​ង​នាម​បុគ្គល​មាន​អាទិភាព​ក្នុង​ការ​ទទួល​បាន​ផលប្រយោជន៍​ ដើម្បី​ឱ្យ​យល់​កាន់តែ​ច្បាស់​នូវ​សិទ្ធិ​សមូហភាព​របស់​ពួក​គេ​។​ ទី​បី​ ផ្សព្វផ្សាយ​គោលការណ៍​ ឃែ​រ​ (CARE​ Principles)​ ដែល​បាន​បក​ប្រែជា​ភាសា​ខ្មែរ​ ដោយ​ក្រុមការងារ​អូ​ឌី​ស៊ី​ សហការ​ជាមួយ​ CIPO​ និង​អង្គការ​ជនជាតិ​ភាគ​ដើម​ដទៃ​ទៀត​ ទៅ​ដល់​សិក្ខាកាម​ក្នុង​គោលបំណង​ដើម្បី​ងាយស្រួល​ក្នុង​ការ​ឱ្យ​ពួក​គេ​ទទួល​បាន​ និង​ផ្សព្វផ្សាយ​គោលការណ៍​ទាំងនេះ​នៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។​

​សិក្ខាសាលា​នេះ​ បាន​ចាប់ផ្តើម​ដោយ​សុន្ទរកថា​របស់​ លោក​ ធី​ ទ្រី​ ជានា​យក​ប្រតិបត្តិ​អង្គការ​អូ​ឌី​ស៊ី​។​ លោក​បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ស្វាគមន៍​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​អន​ឡាញ​ (Online)​ ហើយ​ក៏​មានការ​សោកស្តាយ​ផង​ដែរ​ ដែល​សិក្ខា​សិលា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​វិញ​ ដោយសារ​តែ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ លើស​ពី​នេះ​ទៅ​ទៀត​ នៅ​ក្នុង​សុន្ទរកថា​ លោក​ ទ្រី​ ក៏​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​យល់​ដឹង​អំពី​និយម​ន័យ​នៃ​សិទ្ធិ​អំណាច​ក្នុង​ការ​គ្រប់​គ្រង់​ និង​កាន់​កាប់​​​ទិន្នន័យ​ជនជាតិ​ដើម​ភាគតិច​ ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ​ផ្សេងៗ​ ទៅ​លើ​គំនិត​ស្នូលរ​បស់ពាក្យ​មួយ​នេះ​។​ បន្ទាប់​មក​ សិក្ខាកាម​ទាំងឡាយ​បាន​ធ្វើការ​ណែនាំ​ដោយ​សង្ខេប​អំពី​ឈ្មោះ​ និង​ប្រវត្តិ​ការងារ​របស់​ពួក​គេ​។​

​បន្ទាប់​មក​ លោក​ ទ្រី​ បាន​ប្រគល់​តួនាទី​ទៅ​ដល់​ កញ្ញា​ អ៊ួ​ន​ វិមល​ មន្ត្រី​កម្មវិធី​ និង​ភាព​ជា​ដៃគូ​នៃ​អូ​ឌី​ស៊ី​ ដើម្បី​ចាប់ផ្តើម​វគ្គ​ដំបូង​ជា​ផ្លូវការ​។​ កញ្ញា​ វិមល​ បាន​បង្ហាញ​ពី​គំនិត​ស្នូល​នៃ​ទិន្នន័យ​បើក​ទូលាយ​ (Open​ Data)​។​ នៅ​ក្នុង​បទ​បង្ហាញ​ កញ្ញា​បាន​ផ្តល់​និយម​ន័យ​នៃ​ទិន្នន័យ​ និង​ការ​យល់​ដឹង​អំពី​របៀប​ដែល​អាជ្ញាប័ណ្ណ​ទិន្នន័យ​បើក​ទូលាយ​ (Open​ Data​ license)​ ដំណើរការ​ទៅ​កាន់​អ្នកចូលរួម​។​ ក្នុងអំឡុងពេល​ធ្វើ​បទ​បង្ហាញ​ កញ្ញា​ក៏​បាន​បង្ហាញ​ឧទាហរណ៍​ខ្លី​មួយ​ចំនួន​សម្រាប់​សិក្ខាកាម​ដើម្បី​កំណត់ចំណាំ​នូវ​និមិត្តសញ្ញា​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ប្រភេទ​អាជ្ញាប័ណ្ណ​ផ្សេងៗ​គ្នា​ ក្នុង​គោលបំណង​ឱ្យ​សិក្ខាកាម​ដឹង​កាន់តែ​ច្បាស់​អំពី​អាជ្ញាប័ណ្ណ​ទិន្នន័យ​បើក​ទូលាយ​ និង​ដើម្បី​ការពារ​កុំឱ្យ​មានការ​ភ័ន្ត​ច្រឡំ​ដែល​នាំ​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​។​

​បន្ទាប់​មក​ទៀត​ លោកស្រី​ Pyrou​ Chung​ ដែល​ជានា​យក​នៃ​កិច្ច​ផ្តួចផ្តើម​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​ការ​អភិវឌ្ឍ​ (ODI)​ បាន​ចូលរួម​សិក្ខាសាលា​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដើម្បី​ធ្វើ​បទ​បង្ហាញ​ផង​ដែរ​។​ លោកស្រី​ បាន​ណែនាំ​វិធីសាស្ត្រ​អន្តរ​សកម្ម​សម្រាប់​អ្នកចូលរួម​ ដើម្បី​ពិភាក្សា​ដោយ​ប្រើ​កម្មវិធី​មី​រ៉ូ​ (Miro)​ ដែល​ជា​កម្មវិធី​សម្រាប់​ការងារ​ជា​ក្រុម​។​ លោកស្រី​បាន​ផ្តល់​សំណួរ​សំខាន់ៗ​ចំនួន​បី​សម្រាប់​អ្នកចូលរួម​ ដើម្បី​ពិភាក្សា​ និង​បង្ហាញ​ចម្លើយ​របស់​ពួក​គេ​រួម​មាន​ ១)​ តើ​ពួក​គេ​មានចំណេះ​ដឹង​អ្វីខ្លះ​អំពី​សហគមន៍​ដែល​ពូក​គេ​រស់នៅ​?​ ២)​ តើ​សមាជិក​ណា​ក្នុង​សហគមន៍​ដែល​មានចំណេះ​ដឹង​ទាំងនោះ​ ហើយ​ចំណេះដឹង​នោះ​ត្រូវ​បាន​បញ្ជូន​ និង​ចែករំលែក​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​តាម​វិធី​ណា​?​ ៣)​ តើ​អ្នក​កត់ត្រា​ចំណេះដឹង​ទាំង​អស់នេះ​យ៉ាងដូចម្តេច​?​ លោកស្រី​ Chung​ បាន​មាន​ប្រសាសន៍​ថា​ ចម្លើយ​របស់​សិក្ខាកាម​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​លោកស្រី​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ និង​យល់​ដឹង​ពី​ចំណេះដឹង​ដែល​សិក្ខាកាម​មាន​អំពី​ជនជាតិ​ដើម​ភាគតិច​ព្រោះ​វា​ជា​ទិន្នន័យ​។​ លោកស្រី​ក៏​បាន​ពន្យល់​បន្ថែម​ទៀត​អំពី​និយម​ន័យ​ផ្សេងៗ​គ្នា​នៃ​គោលការណ៍អធិបតេយ្យភាព​​​​ និង​ភាព​ខុស​គ្នា​រវាង​សិទ្ធិ​អំណាច​ក្នុង​ការ​គ្រប់​គ្រង់​ និង​កាន់​កាប់​​​ទិន្នន័យ​ជនជាតិ​ដើម​ (IDS)​ និង​អភិបាលកិច្ច​ទិន្នន័យ​ជនជាតិ​ដើម​ភាគតិច​ (IDG)​។​ អធិបតេយ្យភាព​មាន​អត្ថន័យ​ផ្សេងៗ​គ្នា​។​ លោកស្រី​ Chung​ បាន​មាន​ប្រសាសន៍​ថា​ “​នៅ​កម្រិត​ថ្នាក់​មូលដ្ឋាន​ អធិបតេយ្យភាព​មាន​ន័យ​ថា​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​សហគមន៍​របស់​ពួក​គេ​ដោយ​ខ្លួនឯង​ ដែល​ទាក់ទង​នឹង​ប្រពៃណី​ ទំនៀមទម្លាប់​ និង​ជំនឿ​របស់​ពួក​គេ​”​។​ លោកស្រី​ ក៏​បាន​ពន្យល់​ថែម​ទៀត​អំពី​ភាព​ខុស​គ្នា​រវាង​អាយ​ឌី​អេស​ (IDS)​ និង​អាយ​ឌី​ជី​ (IDG)​ ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នកចូលរួម​ម្នាក់​។​ លោកស្រី​បាន​ឆ្លើយ​តប​ថា​ អាយ​ឌី​អេស​ (IDS)​ គឺជា​សិទ្ធិ​ដែល​សហ​គម​ន៏​ជនជាតិ​ដើម​មាន​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ​របស់​ពួក​គេ​ដើម្បី​អភិវឌ្ឍ​សហគមន៍​របស់​ពួក​គេ​ ចំណែកឯ​អាយ​ឌី​ជី​ (IDG)​ គឺជា​ដំណើរការ​ និង​ដំណោះស្រាយ​ដែល​ទាក់ទង​ទៅ​នឹង​វិធីសាស្ត្រ​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សហគមន៍​។​

​ក្រោយមក​ទៀត​ លោកស្រី​ សៀន​ សុខ​នី​ ជា​មន្ត្រី​អភិវឌ្ឍន៍​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៃ​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ (CIPO)​ បាន​បង្ហាញ​នូវ​ចំណុច​សំខាន់ៗ​ចំនួន​ ៣​ នោះ​គឺ​ប្រ​វ​តិ្ត​សង្ខេប​ និង​គោលបំណង​របស់​អង្គការ​ CIPO​ វិធីសាស្ត្រ​ដែល​ CIPO​ ប្រមូល​ និង​រក្សា​ទុក​ទិន្នន័យ​ ក៏​ដូច​ជា​ទិន្នន័យ​ស្ថិតិ​របស់​ជនជាតិ​ដើម​ភាគតិច​ទាក់ទង​នឹង​ប្រជាសាស្ត្រ​ និង​រដ្ឋបាល​ដីធ្លី​។​ បន្ទាប់​មក​ លោក​ ​ឡេ​ង​ វិវឌ្ឍន៍​ ជា​មន្ត្រី​កម្មវិធី​នៃ​អង្គការ​គាំទ្រ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ (ICSO)​ បាន​ធ្វើ​បទ​បង្ហាញ​ដោយ​សង្ខេប​ស្តី​ពី​គោលបំណង​ និង​បេសកកម្ម​របស់​អង្គការ​ ICSO​ និង​និយាយ​ពី​ការ​ចុះបញ្ជី​ដីធ្លី​សមូហភាព​ទាក់ទង​នឹង​ដំណើរការ​ ការ​កែ​លំអ​ បញ្ហា​ប្រឈម​ និង​ឱកាស​ដែល​កើតឡើង​ពី​បញ្ហា​ប្រឈម​ទាំងនោះ​។​ វគ្គ​ចុង​ក្រោយ​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ដោយ​លោក​ ទូច​ និមិត្ត​ ជានា​យក​ប្រតិបត្តិការ​នៃ​សហគមន៍​អភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគតិច​មណ្ឌលគិរី​ (​ស​.​អ​.​ជ​.​ម​)​ ដែល​បាន​បង្ហាញ​ពី​គោលដៅ​ និង​បេសកកម្ម​របស់​អង្គការ​ ពាក់ព័ន្ធ​នឹង​ការ​ចងក្រង​ឯកសារ​ចំណេះដឹង​ជា​ប្រពៃណី​របស់​សហគមន៍​ ពូន​ង​​។​

​ជា​ចុង​ក្រោយ​ សិក្ខាសាលា​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​លោកស្រី​ សុខ​នី​ បាន​ធ្វើ​ការ​​ថ្លែងអំណរគុណ​ដល់​អ្នកតំណាង​អង្គការ​ទាំងអស់​ដែល​បាន​ចូលរួម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​ លោកស្រី​បាន​សម្តែង​ការ​រំពឹង​ទុក​ថា​នឹង​សហ​ការណ៍​ជាមួយ​សិក្ខាកាម​ទាំងអស់​ដោយ​ជួប​មុខ​គ្នា​ផ្ទាល់​នៅ​ក្នុង​គម្រោង​ ឬ​សិក្ខាសាលា​នា​ថ្ងៃ​អនាគត​។​ លោកស្រី​ សុខ​នី​ និង​ លោក​ ទ្រី​ ក៏​បាន​ជំរុញ​ការ​ប្រើប្រាស់​គោលការណ៍​ ឃែរ​ (CARE​ Principles)​ ដែល​មាន​ជា​ភាសា​ខ្មែរ​ដើម្បី​ឱ្យ​មានការ​យល់​ដឹង​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ អំពី​សិទ្ធិ​អំណាច​ក្នុង​ការ​គ្រប់​គ្រង់​ និង​កាន់​កាប់​​ទិន្នន័យ​ជនជាតិ​ដើម​ និង​ការ​ប្រើប្រាស់​វា​។​

​សិក្ខាសាលា​ស្តី​ពី​ “​សិទ្ធិ​អំណាច​ក្នុង​ការ​គ្រប់​គ្រង់​ និង​កាន់​កាប់​​ទិន្នន័យ​ជនជាតិ​ដើម​ភាគតិច​”​ ជា​​ការ​​​សម្គាល់ថា​គម្រោង​មួយ​នេះ​​បាន​បញ្ចប់​​។​ ភាព​ជោគជ័យ​នៃ​សិក្ខាសាលា​ និង​កម្មវិធី​ពី​មុនៗ​មក​ រួម​ទាំង​ការ​ការ​ផ្សព្វផ្សាយ​នូវ​ឯកសារ​បកប្រែ​គោលការណ៍ ​ឃែ​រ​នេះ​ បាន​ជំរុញ​អូ​ឌី​ស៊ី​ និង​ដៃគូ​របស់​ខ្លួន​ឱ្យ​បន្ត​អនុវត្ត​ការងារ​នៅ​ក្នុង​វិស័យ​នេះ​ និង​ស្វែងរក​ឱកាស​ក្នុង​ការ​សហការ​បន្ថែម​ទៀត​ ដើម្បី​បង្កើន​នូវ​ការ​ប្រមូល​ និង​ការ​ប្រើប្រាស់​ទិន្នន័យ​ជនជាតិ​ដើម​ភាគតិច​។​