សិក្ខាសាលាស្ដីពីការចែករំលែកចំណេះដឹងដល់អ្នកពាក់ព័ន្ធ
នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលាមួយ ដើម្បីចែករំលែកលទ្ធផលនៃគម្រោង «ការប្រើ Google Earth Engine ដើម្បីដើរតួនាទីក្នុងសមភាពយេនឌ័រ និងការអប់រំនៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់»។សិក្ខាសាលានេះទទួល បានការគាំទ្រផ្នែកហិរញ្ញវត្ថុពីកម្មវិធី ស៊ឿវៀ មេគង្គ (SERVIR-Mekong) ដែលជាកម្មវិធីទទួលបានការគាំទ្រពី USAID និងអង្គការណាសា។
អ្នកចូលរួមសរុបចំនួន ១៦នាក់ ត្រូវបានអញ្ជើញមកពីសហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកសារព័ត៌មានប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប អង្គការមិនមែនរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ និងអ្នកតំណាងរដ្ឋាភិបាល ដែលធ្វើការពាក់ព័ន្ធទៅនឹងតំបន់បឹងទន្លេសាប។ អ្នកចូលរួម រួមមានអ្នកសារព័ត៌មានប្រជាពលរដ្ឋចំនួន ៥នាក់ និស្សិត ៥នាក់ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បុគ្គលិកមកពីអង្គការ Wonder of Mekong មន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម រួមទាំងសមាជិកសហគមន៍មូលដ្ឋានចំនួន ៤នាក់ មកពីខេត្តបាត់ដំបង និងខេត្តសៀមរាប។
គោលបំណងនៃសិក្ខាសាលានេះគឺ ១) ដើម្បីចែករំលែកលទ្ធផលនៃគម្រោងរបស់អង្គការ អូឌីស៊ី (ODC-SERVIR) ស្ដីពី«ការប្រើ Google Earth Engine ដើម្បីដើរតួនាទីក្នុងសមភាពយេនឌ័រ និងការអប់រំនៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់» និង ២) ដើម្បីទទួលយកនូវមតិយោបល់កែលម្អ ដើម្បីធ្វើការកែលម្អលទ្ធផលរបស់គម្រោង និងធ្វើទំនើបកម្មនៃគេហទំព័រអូឌីស៊ី ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់។
លោក ព្រំ ពន់វឌ្ឍន៍ អ្នកស្រាវជ្រាវទិន្នន័យ និងមន្ត្រីផ្នែក GIS នៅអូឌីស៊ី បានធ្វើបទបង្ហាញអំពីគម្រោងនេះ។ លោកបានចាប់ផ្តើមបទបង្ហាញរបស់លោក ដោយណែនាំអ្នកចូលរួមឱ្យទទួលបានព័ត៌មានអំពីគេហទំព័រ អូឌីស៊ី គម្រោងនានា និងទិន្នន័យរបស់អូឌីស៊ី មុននឹងផ្តល់ព័ត៌មានលំអិតលើប្រធានបទសំខាន់។ លោក ពន់វឌ្ឍន៍ បានពន្យល់អ្នកចូលរួមថា លទ្ធផល និងគោលបំណងនៃគម្រោងនេះ គឺដើម្បីប្រើប្រាស់ GEE ក្នុងការកំណត់តំបន់រងគ្រោះដោយទឹកជំនន់ នៅជុំវិញបឹងទន្លេសាប ជាពិសេសខេត្តបាត់ដំបង កំពង់ធំ ពោធិ៍សាត់ និងសៀមរាប ហើយនឹងប្រើប្រាស់ GEE ដើម្បីប្រមូល និងរៀបចំទិន្នន័យនៃព័ត៌មាន និងទីតាំងសាលារៀន និងប្រើប្រាស់ GEE ដើម្បីបង្កើតផែនទីនៃតំបន់ទឹកជំនន់។ កំឡុងពេលអនុវត្តគម្រោង អូឌីស៊ីបានផលិតស្រទាប់ផែនទីចំនួន ២១ សំណុំទិន្នន័យចំនួន ៣ សម្រាប់តំបន់ដែលរងគ្រោះដោយទឹកជំនន់ និងព័ត៌មានជាមូលដ្ឋានអំពីសាលារៀន។
លោក ពន់វឌ្ឍន៍ បានបន្តធ្វើបទបង្ហាញ លើគ្រប់ស្រទាប់ផែនទីអន្តរកម្ម ដែលមាននៅលើគេហទំព័ររបស់អង្គការអូឌីស៊ី។ គាត់បានបង្ហាញអ្នកចូលរួម អំពីរបៀបដែលពួកគាត់អាចស្វែងរក និងទាញយកផែនទី និងទិន្នន័យពីគេហទំព័រ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពួកគាត់។ លើសពីនេះទៅទៀត លោក ពន់វឌ្ឍន៍បានប្រាប់អ្នកចូលរួមថា បញ្ហាប្រឈមដ៏ធំមួយនៅក្នុងការសិក្សានេះ គឺកង្វះខាតទិន្នន័យដែលអាចរកបាន។ ទិន្នន័យសាលារៀននៅឆ្នាំ ២០១៣ ដែលអាចរកបាន មានតែទិន្នន័យនៅថ្នាក់ខេត្ត ជំនួសឱ្យទិន្នន័យនៅកម្រិតសាលារៀននីមួយៗ។
បន្ទាប់ពីការធ្វើបទបង្ហាញអំពីផែនទី និងលទ្ធផលរបស់គម្រោងរួចមក ក្រុមការងារអូឌីស៊ីបានស្នើសុំឱ្យអ្នកចូលរួមចែករំលែកនូវទស្សនៈរបស់ពួកគាត់ ទៅលើផែនទីដែលបានបង្ហាញនៅលើគេហទំព័រអូឌីស៊ី និងលទ្ធផលជារួមនៃគម្រោង។ ជាមួយនឹងការចូលរួមយ៉ាងសកម្មរបស់អ្នកចូលរួម អូឌីស៊ីទទួលបានការស្នើសុំ និងមតិយោបល់ជាក់លាក់មួយចំនួនលើផែនទីទាំងនោះ រួមទាំងបរិយាយនៃការស្នើសុំពីអ្នកចូលរួម។ ក្រៅពីការស្នើសុំ ឬផ្ដល់មតិយោបល់ អ្នកចូលរួមក៏បានចែករំលែកគំនិតរបស់ពួកគាត់ អំពីរបៀបដែលផែនទីនឹងមានផលប្រយោជន៍ សម្រាប់ការងាររបស់ពួកគាត់ផងដែរ។ មតិយោបល់ទាំងនេះ ត្រូវបានដាក់ជាក្រុម ដោយផ្អែកលើជំនាញរបស់ពួកគាត់។
អ្នកសារព័ត៌មានប្រជាពលរដ្ឋ (CJs) បានមើលលទ្ធផលនៃគម្រោង ជាពិសេសផែនទីនៃតំបន់ដែលរងគ្រោះដោយទឹកជំនន់ និងអត្រាបោះបង់ចោលការសិក្សា ជាប្រភពព័ត៌មានដ៏សំខាន់ សម្រាប់របាយការណ៍ព័ត៌មានរបស់ពួកគាត់ បន្ថែមលើការអង្កេតរបស់ពួកគាត់នៅក្នុងសហគមន៍។ អ្នកសារព័ត៌មានប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថា ទិន្នន័យនៅលើគេហទំព័រអូឌីស៊ី ដែលអាចចូលប្រើប្រាស់ដោយសេរី អាចជួយកែលម្អ និងពង្រឹងគុណភាពនៃរបាយការណ៍ព័ត៌មាន និងផ្តល់ឱ្យអ្នកសារព័ត៌មានប្រជាពលរដ្ឋនូវព័ត៌មាន ដែលអាចទុកចិត្តបាន សម្រាប់អ្នកអាន។ អ្នកសារព័ត៌មានប្រជាពលរដ្ឋមួយរូប មានប្រសាសន៍ដោយមានមោទនភាពថា «ក្រៅពីលទ្ធផលនៃគម្រោងនេះ ធនធាននៅលើគេហទំព័រអូឌីស៊ី ជាទូទៅផ្តល់នូវសំណុំទិន្នន័យ និងព័ត៌មានសម្បូរបែប ដែលពួកគាត់អាចទាញយក និងចូលមើលបានយ៉ាងងាយស្រួល»។ គាត់ក៏បានលើកឡើងដែរថា ទិន្នន័យមួយចំនួននោះ ជាធម្មតា គឺពួកគាត់ពិបាកណាស់ ក្នុងការស្នើសុំ ឬទទួលបានធនធានទាំងនោះ ជាសេចក្ដីចម្លងពីកន្លែងផ្សេងទៀត។
ដូចគ្នានេះដែរ អ្នកតំណាងមកពីបឹងទន្លេសាបបានពន្យល់ថា ផែនទីនៃតំបន់ទឹកជំនន់ នៅជុំវិញបឹងទន្លេសាប ពិតជាមានមុខងារសំខាន់ខ្លាំងណាស់ សម្រាប់ការរៀបចំផែនការត្រៀមបង្ការទឹកជំនន់នាពេលអនាគត នៅក្នុងសហគមន៍របស់ពួកគាត់។ ផែនទីទាំងនេះ បង្ហាញពីទីតាំងនៃតំបន់ដែលរងគ្រោះដោយទឹកជំនន់ ដែលអាជ្ញាធរមូលដ្ឋាន អាចនឹងយកទៅប្រើប្រាស់ដើម្បីរៀបចំផែនការនៅក្នុងសហគមន៍របស់ពួកគាត់ ជាឧទាហរណ៍ ការរៀបចំតំបន់សុវត្ថិភាព សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ ឬជូនដំណឹងដល់សហគមន៍នូវជម្រើសកសិកម្ម ដែលអាចប្រែប្រួលទៅតាមទឹកជំនន់។ អ្វីដែលសំខាន់នោះ គឺផែនទីតំបន់ទឹកជំនន់ទាំងនេះ ជាប់ទាក់ទងនឹងអត្រាបោះបង់ចោលការសិក្សា ដែលអាចផ្តល់ព័ត៌មានបានយ៉ាងល្អ ដល់អ្នកស្រាវជ្រាវ ឬអ្នកអនុវត្តគម្រោង/អ្នកផ្តល់ជំនួយនានា ដើម្បីកំណត់តម្រូវការជាក់ស្ដែង។ មន្ត្រីរបស់ក្រសួងធនធានទឹក និងឧតុនិយម ក៏បានលើកឡើងដែរថា ការធ្វើឱ្យផែនទីតំបន់ទឹកជំនន់ នៅលើគេហទំព័រ មានសារៈប្រយោជន៍ សម្រាប់គម្រោងការងាររបស់គាត់ ដែលផ្ដោតលើតំបន់ទន្លេសាប។
ជាចុងក្រោយ ក្រុមនិស្សិតស្រាវជ្រាវបានលើកឡើងថា ការចូលរួមនេះមានសារៈប្រយោជន៍ណាស់។ ការចូលរួមក្នុងសិក្ខាសាលានេះ មិនត្រឹមតែផ្តល់ឱ្យពួកគេនូវព័ត៌មានជាច្រើននៅលើគេហទំព័រ ដែលអាចចូលមើលបានសម្រាប់ការសិក្សារបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវគំនិតដល់ពួកគេ សម្រាប់គម្រោងស្រាវជ្រាវដែលពួកគេគ្រោងនឹងធ្វើទៀតផង។
សិក្ខាសាលានេះបានបញ្ចប់ដោយការសន្ទនាប្រកបដោយផ្លែផ្កា ការស្ថាបនា និងការពេញចិត្តពីអ្នកចូលរួម និងក្រុមការងាររបស់អង្គការអូឌីស៊ី។ អូឌីស៊ី មានសេចក្តីសោមនស្សរីករាយណាស់ ដែលបានឃើញលទ្ធផលរបស់គម្រោងផ្តល់សារៈប្រយោជន៍ សម្រាប់ភាគីពាក់ព័ន្ធ និងរបៀបដែលវានឹងរួមចំណែក ដល់ផែនការនាពេលអនាគត ដើម្បីដោះស្រាយផលប៉ះពាល់នៃទឹកជំនន់ និងការផ្លាស់ប្តូរនាពេលអនាគត ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៅទៀត លទ្ធផលគម្រោងក៏មានសារៈសំខាន់ផងដែរ សម្រាប់សិស្សដែលសិក្សាទាក់ទងនឹងបញ្ហាបរិស្ថាន និងសង្គម រួមទាំងការសិក្សានាពេលអនាគតរបស់ពួកគាត់ លើផលប៉ះពាល់ដែលមានសក្តានុពល ជាពិសេសលើបញ្ហាយេនឌ័រ សម្រាប់ការអប់រំកាន់តែប្រសើរឡើង និងមានសមភាព។