ភាពជោគជ័យនៃវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃ QGIS ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម
កម្មវិធីបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃ QGIS ត្រូវបានរៀបចំឡើង នៅមន្ទីរពិសោធន៍ព័ត៌មានវិទ្យាភូមិសាស្ត្រ (GIS) នៃមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ នៅក្នុងកម្មវិធីនេះ ការគ្រប់គ្រងដីធ្លី និងបរិស្ថានត្រូវបានគេចាត់ទុកថាជា ប្រធានបទសំខាន់។ អ្នកចូលរួមត្រូវបានបណ្តុះបណ្តាលលើគោលការណ៍ជីអាយអេស និងអនុវត្តលើកម្មវិធី QGIS សម្រាប់វិធីសាស្ត្របង្ហាញទិន្នន័យផែនទី ការគ្រប់គ្រងទិន្នន័យព័ត៌មានភូមិសាស្ត្រ ប្រព័ន្ធទិន្នន័យបើកទូលាយ វិធីសាស្ត្រប្រមូលទិន្នន័យព័ត៌មានភូមិសាស្ដ្រ តាមរយៈការធ្វើ Georeferencing និងការប្តូរទិន្នន័យទៅជាទម្រង់ឌីជីថល និងការវិភាគទិន្នន័យព័ត៌មានភូមិសាស្ត្រ ដោយប្រអប់ឧបករណ៍ Geoprocessing។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដោយក្រុមផែនទីនិងទិន្នន័យនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ក្រោមការសហការជាមួយមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
កម្មវិធីនេះត្រូវបានរៀបចំចំនួនពីរលើក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ និងថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ដោយសារចំនួននៃអ្នកចុះឈ្មោះ និងកៅអីមានកំណត់ក្នុងមន្ទីរពិសោធន៍។ អ្នកចូលរួមសុទ្ធសឹងជានិស្សិតនៃមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី ហើយមានចំនួនសរុប ៤៨ នាក់ ក្នុងនោះមាន ១៦ នាក់ជានិស្សិតស្រី។ និស្សិត ៦ នាក់ មកពីវគ្គបណ្តុះបណ្តាលដំបូង បានក្លាយខ្លួនជាសហអ្នកសម្របសម្រួល នៅក្នុងវគ្គបណ្ដុះបណ្ដាលលើកទីពីរ។
ការគ្រប់គ្រងថ្នាក់បែបអន្តរកម្មត្រូវបានប្រើក្នុងវគ្គបណ្តុះបណ្តាលនេះ តាមរយៈការបង្រៀន ការអនុវត្តជំនាញដែលបានសិក្សា លើគម្រោងខ្នាតតូចដោយការអនុវត្តតាមកុំព្យូទ័រជាលក្ខណៈបុគ្គល និងជាក្រុម។ ក្នុងអំឡុងពេល ៣ ថ្ងៃចុងក្រោយនៃវគ្គបណ្តុះបណ្តាលនីមួយៗ និស្សិតត្រូវប្រឡងលក្ខណៈជាក្រុម ដែលក្នុងមួយក្រុម មានសមាជិកចំនួន ៥ នាក់ ក្រោមប្រធានបទ “ការគូសផែនទីអំពីការប្រើប្រាស់ដីធ្លីរបស់សាកលវិទ្យាល័យ” ។ ពួកគាត់បានប្រើប្រាស់ចំណេះដឹង ដែលទទួលបានពីថ្ងៃដំបូង ដើម្បីបំពេញភារកិច្ចនេះដោយជោគជ័យដូចជា ការធ្វើ georeferencing លើរូបភាព ការគ្រប់គ្រងទិន្នន័យព័ត៌មានភូមិសាស្ត្រ ការបង្ហាញទិន្នន័យផែនទី និងការរចនាផែនទី។ បន្ទាប់មក តំណាងក្រុមនីមួយៗបានធ្វើបទបង្ហាញអំពីលទ្ធផលរបស់ពួកគេ។
អ្នកចូលរួមបានបំពេញទម្រង់វាយតម្លៃនៃកម្មវិធីបណ្ដុះបណ្ដាល ដើម្បីធ្វើការវិភាគសកម្មភាព និងបញ្ហានានានៃវគ្គបណ្ដុះបណ្ដាល ដើម្បីកែលម្អគុណភាពនៃកម្មវិធីនាពេលអនាគត និងផ្តល់ការបណ្តុះបណ្តាលដែលឆ្លើយតបនឹងបទដ្ឋានគុណភាពខ្ពស់។
សរុបមក ការបណ្ដុះបណ្ដាលនេះបានបញ្ចប់ដោយជោគជ័យ ដោយមានការពេញចិត្តខ្ពស់ពីនិស្សិត ដោយផ្អែកលើទម្រង់វាយតម្លៃពីអ្នកចូលរួមចំនួន ៣៥ នាក់។ និស្សិតទាំងអស់បានបង្ហាញថា ការរំពឹងទុករបស់ពួកគាត់ត្រូវបានបំពេញ។ ពួកគាត់មានការពេញចិត្តទាំងលើមាតិកានៃកម្មវិធីបណ្ដុះបណ្ដាល និងគ្រូបង្ហាត់ ហើយនឹងណែនាំវគ្គនេះទៅដល់មិត្តភក្តិ សិស្សប្អូន និងនិស្សិតដទៃទៀត។
នៅថ្ងៃទី ១២ ខែវិច្ឆិកា ក្រុមការងាររបស់អង្គការអូឌីស៊ីសហការជាមួយមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី (FLMLA) បានរៀបចំពិធីប្រគល់វិញ្ញាបនប័ត្រសម្រាប់និស្សិតដែលទទួលបានជោគជ័យ។ នៅក្នុងពិធីនោះ មានផែនទីមួយចំនួនត្រូវបានជ្រើសរើស និងដាក់បង្ហាញ។ ផែនទីដែលល្អត្រូវបានបោះពុម្ព និងព្យួរនៅក្នុងវិចិត្រសាលនៃមហាវិទ្យាល័យ។ លោក ហោ សាណារ៉ា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី បានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែងដែលអូឌីស៊ីបានផ្តល់ដល់សាកលវិទ្យាល័យហើយគាត់ក៏បានស្នើសុំឱ្យអង្គការអូឌីស៊ីបង្កើតវគ្គបណ្ដុះបណ្ដាលជីអាយអេសនេះទៀត សម្រាប់និស្សិតជំនាន់ក្រោយ។