ករណី​ជោគជ័យ​នៃ​កម្មវិធី​បណ្តុះបណ្តាល​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​៖​ កញ្ញា​ លី​ វិច្ឆិកា​​​​​​​​ ​​

ly-vichheka-minនៅ​ក្នុង​ប្រទេស​កម្ពុជា​ ការ​និទានរឿង​ផ្អែក​លើ​ទិន្នន័យ​គឺ​ស្ទើរតែ​មិន​មាន​ហើយ​នៅ​តែ​ជា​គំនិត​ថ្មី​សម្រាប់​អ្នក​សារព័ត៌មាន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ បន្ទប់​ព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ី​វិល​។​ នៅ​ក្នុង​បន្ទប់​ព័ត៌មាន​ សារព័ត៌មាន​ទិន្នន័យ​កម្រ​ត្រូវ​បាន​គេ​ផលិត​ណាស់​ ដោយសារ​តែ​អក្ខរកម្ម​ផ្នែក​ទិន្នន័យ​នូវ​មាន​កំរិត​។​

​គម្រោង​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​បណ្តុះបណ្តាល​ប្រជាជន​ក្នុង​ការ​និទានរឿង​ដែល​ផ្អែក​ទៅ​លើ​ទិន្នន័យ​។​ ខណៈ​ពេល​ដែល​លទ្ធភាព​ទទួល​បាន​ទិន្នន័យ​មាន​យ៉ាងច្រើន​ សារ​ព​ត៌​មាន​ផ្អែក​ទៅ​លើ​ទិន្នន័យ​នៅ​តែ​ជា​គំនិត​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយហេតុ​ថា​អក្ខរកម្ម​ទិន្នន័យ​មាន​កំរិត​ និង​ការ​ប្រើប្រាស់​ទិន្នន័យ​ក្នុង​ទម្រង់​ជា​រូបភាព​នៅ​មាន​ភាព​កម្រ​នៅឡើយ​។​ ក្នុង​នាម​ជា​អង្គការ​ទិន្នន័យ​បើក​ទូលាយ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ជឿជាក់​ថា​អ្នក​សារព័ត៌មាន​ និង​អ្នកធ្វើ​ការ​ក្នុង​វិស័យ​​ទំនាក់ទំនង​អាច​ភ្ជាប់​គម្លាត​រវាង​ទិន្នន័យ​ដើម​ និង​សាធារណជន​ទូទៅ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ និង​បង្ហាញ​ព័ត៌មាន​សាមញ្ញៗ​ដែល​មាន​ភាព​ងាយស្រួល​យល់​។​

​លី​ វិច្ឆិកា​ គឺជា​អ្នកចូលរួម​ម្នាក់​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តី​អំពី​អក្ខរកម្ម​ទិន្នន័យ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​ វិច្ឆិកា​បាន​បញ្ចប់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​បរិស្ថាន​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក៏​ដូច​ជា​បរិញ្ញាបត្រ​ភាសា​ និង​អក្សរសាស្ត្រ​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​កម្ពុជា​។​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ គាត់​បាន​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​គ្រួសារ​របស់​គាត់​មួយ​ ដោយ​មាន​គោលបំណង​ចង់​ធ្វើការ​ជាមួយ​សហគមន៍​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​។​ ឥឡូវនេះ​គាត់​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ និង​ធ្វើការ​តស៊ូ​មតិ​នៅ​ក្នុង​សហគមន៍​អ្នក​ក្រីក្រ​រស់នៅ​ទីប្រជុំជន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

​មុន​ពេល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាមួយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ វិច្ឆិកា​មានបទពិសោធន៍​ខ្លះៗ​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ​ ប៉ុន្តែ​បទ​ពិសោធន៍​ទាំងនោះ​នៅ​មាន​កម្រិត​នៅឡើយ​។​ គាត់​អាច​ប្រើ​កម្មវិធី​ Excel​ បាន​ ប៉ុន្តែ​មិនដឹង​ពី​របៀប​ប្រើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ដើម្បី​ប្រាប់​រឿងរ៉ាវ​ដែល​ផ្អែក​លើ​ទិន្នន័យ​នោះ​ទេ​។​ នេះ​គឺជា​អ្វី​ដែល​ទាក់ទាញ​វិច្ឆិកា​ឲ្យ​មក​ចូលរួម​កម្មវិធី​អក្ខរកម្ម​ទិន្នន័យ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​ គាត់​ត្រូវ​បាន​មិត្តភក្តិ​របស់​គាត់​ប្រាប់​អំពី​កម្មវិធី​នេះ​តាម​រយៈ​ការ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ ហើយ​គិត​ថា​វា​អាច​ជួយ​បង្កើន​សមត្ថភាព​របស់​គាត់​ក្នុង​ការ​លើកកម្ពស់​គោលនយោបាយ​។​ គាត់​បានដឹង​យ៉ាង​ឆាប់រហ័ស​ថា​វា​ពាក់ព័ន្ធ​នឹង​តម្រូវការ​របស់​គាត់​សម្រាប់​ការ​បង្កើន​ជំនាញ​ក្នុង​ការ​បង្កើត​ទស្សនី​យ​កម្ម​ទិន្នន័យ​។​

“​តាម​រយៈ​ខ្លួន​ខ្ញុំ​ផ្ទាល់​ វគ្គ​បណ្តុះបណ្តាល​ស្តី​អំពី​អក្ខរកម្ម​ទិន្នន័យ​គឺជា​កម្មវិធី​ពិសេស​មួយ​ដែល​មានការ​បង្រៀន​ទៅ​លើ​ទិន្នន័យ​ដែល​មាន​ភាព​ជាក់លាក់​ ឧបករណ៍​បង្ហាញ​ទិន្នន័យ​ជា​រូបភាព​ និង​ការ​និទានរឿង​ផ្អែក​លើ​ទិន្នន័យ​។​ តាម​រយៈ​កម្មវិធី​នេះ​ ខ្ញុំ​មានឱកាស​សរសេរ​រឿង​មួយ​ដើម្បី​បង្ហាញ​ពី​របៀប​ដែល​ប្រជាជន​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​ខ្លាំង​នៅ​ក្នុង​សហគមន៍​ក្រីក្រ​ចំនួន​ ៤​ នៅ​ទីក្រុង​ភ្នំពេញ​។​ ជា​ពិសេស​ ការ​រៀន​ជំនាញ​ទាំងនោះ​ជួយ​ខ្ញុំ​ឱ្យ​មានចំណេះ​ដឹង​ និង​ឧបករណ៍​វិភាគ​ដើម្បី​ជួយ​បំពេញ​ការ​សិក្សា​ស្រាវជ្រាវ​របស់ខ្ញុំ​”​។​

ចាប់តាំងពី​បញ្ចប់​កម្មវិធី​វី​បណ្ដុះបណ្ដាល​នេះ​មក​ វិច្ឆិកា​បាន​អនុវត្ត​ជំនាញ​ដែល​គាត់​បាន​រៀន​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​របស់​គាត់​។​ កាលពី​ឆ្នាំ​មុន​ គាត់​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ចំនួន​ពីរ​លើក​ដើម្បី​គាំទ្រ​ និង​ត្រួតពិនិត្យ​លើ​គម្រោង​ពី​ការ​សិក្សា​លើ​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង​ដែល​គាត់​បាន​ចាប់ផ្តើម​ធ្វើការ​អំឡុង​ពេល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាមួយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​ គាត់​បាន​ប្រើ​តារាង​ជំនួយការ​ទិន្នន័យ​ Pivot​ ដើម្បី​វិភាគ​ទិន្នន័យ​ក៏​ដូច​ជា​បង្កើត​រូបភាព​ដែល​បង្ហាញ​ពី​ទិន្នន័យ​តាម​ប្រ​ព​ន្ធ័​អ៊ី​ន​ធឺ​ណែ​ត​ជាមួយនឹង​ឧបករណ៍​ដែល​គាត់​បាន​រៀន​ពី​របៀប​ប្រើប្រាស់​ក្នុង​កំឡុង​ពេល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ប្រើប្រាស់​កម្មវិធី​ Datawrapper​ និង​ Flourish​ ដើម្បី​ផលិត​ក្រា​ហ្វិ​ច​ និង​តារាង​ផ្សេងៗ​។​

​ការ​ស្រាវជ្រាវ​របស់​គាត់​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ដែល​គាត់​ធ្វើការ​ គឺ​អង្គការ​ Planète​ Enfants​ &​ Développement​ ដែល​មាន​គោលបំណង​លើកកម្ពស់​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​។​ វិច្ឆិកា​ជឿជាក់​ថា​ ការ​បន្ថែម​ទិន្នន័យ​ទៅ​ក្នុង​របាយការណ៍​របស់​អង្គការ​របស់​គាត់​បាន​បន្ថែម​ភាព​គួរ​ឱ្យ​ទុកចិត្ត​ និង​របៀបវារៈ​គោលនយោបាយ​ទៅ​លើ​របាយការណ៍​ទាំងនោះ​។​

​ការ​ស្រាវជ្រាវ​ដែល​វិច្ឆិកា​ធ្វើ​គឺ​ប្រើ​ទិន្នន័យ​ដើម្បី​បង្ហាញ​ពី​ស្ថានភាព​ក្នុង​ការ​តាំងទី​លំនៅ​របស់​ជន​ក្រីក្រ​នៅ​ទីក្រុង​ ដោយ​មាន​គោលបំណង​ផ្លាស់​ប្តូរ​គោលនយោបាយ​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​របស់​ពួក​គេ​ប្រសើរ​ឡើង​។​ “​ខ្ញុំ​អាច​និយាយ​បាន​ថា​ យើង​នាំ​យក​ព័ត៌មាន​ទាំងនេះ​មក​ពិភាក្សា​ជាមួយ​អ្នក​ធ្វើ​គោលនយោបាយ​ដើម្បី​ ​ គាំទ្រ​ពួក​គេ​នៅ​ពេល​ពួក​គេ​ធ្វើការ​សម្រេចចិត្ត​”​ ។​ ពួក​គេ​បាន​ចាប់ផ្តើម​ចែករំលែក​ការ​រក​ឃើញ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​គាត់​ធ្វើការ​ និង​ជា​ការ​រួមចំណែក​របស់​គាត់​ផង​ដែរ​នោះ​ ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ដទៃ​ និង​មន្ត្រី​របស់​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​ដើម្បី​ចាប់ផ្តើម​ពិភាក្សា​អំពី​ការ​ផ្លាស់​ប្តូ​រលើ​គោលនយោបាយ​។​

សូម​រីក​រាយ​ទស្សនា​វីឌីអូ​សង្ខេប​ស្ដីពី​ ​ការឆ្លុះ​បញ្ចាំង​អំពី​សមិទ្ធផល​របស់​សិក្ខាកាម​ក្នុង​វគ្គបណ្ដុះ​បណ្ដាល​អក្ខរកម្ម​ទិន្នន័យ​ ​របស់​អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​ ​(អូឌីស៊ី)​។​ ​ក្រោយ​ពី​បាន​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​ទាំងបី​វគ្គ​ ​សិក្ខា​កាម​បាន​យក​ចំណេះដឹង​ដែល​បាន​រៀន​ទៅ​អនុវត្ត​លើ​គម្រោង​ផ្សេងៗ​ទាំង​ជា​លក្ខណៈ​បុគ្គល​ ​និង​ស្ថាប័ន​។​ ​អូឌីស៊ី​ ​សង្ឃឹមថា​សិក្ខាកាម​ទាំង​អស់​ ​នឹង​បន្ត​ប្រើ​ប្រាស់​ចំណេះដឹង​ដែល​បាន​រៀន​សូត្រ​ ​ហើយ​ចែក​រំលែក​ចំណេះ​ផ្នែក​អក្ខរកម្ម​ទិន្នន័យ​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​។​