វេទិកាអាយស៊ីធី និងឌីជីថលកម្ពុជា លើកទី៦៖ ការរួមបញ្ចូលគ្នានូវគំនិត និងភាពច្នៃប្រឌិត

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វេទិកា​អាយ​ស៊ី​ធី​ និង​ឌី​ជី​ផល​កម្ពុជា​ លើក​ទី​៦​ (CamIDF)​ នៅ​ថ្ងៃ​ទី​២៦​ និង​២៧​ ខែមីនា​ ឆ្នាំ​២០២៤​ នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​ (CADT)​។​ នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​កិត្យានុភាព​នេះ​ គឺ​បាន​ប្រមូលផ្តុំ​នូវ​ក្រុម​អ្នកជំនាញ​ អ្នក​ចូល​ចិត្ត​ និង​អ្នកមាន​ទស្សនៈវិស័យ​ផ្សេងៗ​គ្នា​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​ និង​ស្វែង​យល់​ពី​ទិដ្ឋភាព​ឌី​ជី​ថ​ល​នៅ​ប្រទេស​កម្ពុជា​ រួម​ទាំង​កត្តា​ដទៃ​លើស​ពី​នេះ​ទៀត​ផង​ដែរ​។​

រូបថតជាក្រុមនាថ្ងៃទី១ ក្នុងវេទិកាអាយស៊ីធី និងឌីជីថលកម្ពុជា លើកទី៦

​ថ្ងៃ​ទី​១:​ ថ្ងៃ​នៃ​ការ​សន្ទនា​ដ៏​ស៊ីជម្រៅ​

​វេទិកា​នេះ​ចាប់ផ្តើម​ដោយ​ការ​បើក​សុន្ទរកថា​ដ៏​ស៊ីជម្រៅ​មួយ​ដោយ​លោក​ Eric​ LOU​ ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​របស់​ CamIDF​ ដែល​លោក​បាន​បង្ហាញ​ពី​ភាព​ជាក់លាក់​ សម្រាប់​របៀបវារៈ​នៃ​គោលដៅ​គិត​ឆ្ពោះទៅ​មុខ​របស់​ព្រឹត្តិការណ៍​នេះ​ និង​បង្ហាញ​ពី​ឥទ្ធិពល​វិជ្ជមាន​របស់​ CamIDF​ រួម​ទាំង​សារៈសំខាន់​នៃ​វេទិកា​នេះ​ផង​ដែរ​។​ ក្នុង​នោះ​ក៏​មានការ​ថ្លែង​សុន្ទរកថា​គន្លឹះ​ដោយ​ លោក​ Norbert​ KLEIN​ ដែល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ដើម​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ដោយ​លោក​បាន​លើកយក​ប្រធានបទ​សំខាន់​នៃ​ «​ សន្តិសុខ​តាម​អ៊ីនធឺណិត​សម្រាប់​មនុស្ស​គ្រប់​គ្នា​ » ​ មក​ធ្វើ​បទ​បង្ហាញ​ដោយ​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​ការ​ការពារ​ខ្លួន​យើង​ រួម​ទាំង​កូនៗ​របស់​យើង​នៅ​ក្នុង​ពិភព​អន​ឡាញ​ផង​ដែរ​។​ 

​នៅ​ក្នុង​ថ្ងៃ​នោះ​ផង​ដែរ​ កម្មវិធី​នេះ​បាន​បន្ត​ជាមួយនឹង​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោកស្រី​បណ្ឌិត​ Elisa​ OREGLIA​ អំពី​លំហូរ​បច្ចេកវិទ្យា​របស់​ចិន​ និង​លោក​ខាងលិច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជំរុញ​ឱ្យ​មានការ​គិត​ ការ​វិភាគ​ រួម​ទាំង​បាន​ផ្តល់​នូវ​ការ​យល់​ដឹង​ពី​ភាព​ខុស​គ្នា​នៃ​ប្រព័ន្ធ​អេកូ​ឌី​ជី​ថ​ល​របស់​ប្រទេស​ផង​ដែរ​។​ លោក​ Poren​ CHIANG​ សមាជិក​ម្នាក់​ទៀត​នៃ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​របស់​ CamIDF​ ក៏​បាន​ផ្តល់​ដំណោះស្រាយ​លើ​បញ្ហា​ស្មុគស្មាញ​ជុំវិញ​ការ​គ្រប់គ្រង​ និង​ការ​ត្រួតពិនិត្យ​លើ​បណ្តាញ​អ៊ីនធឺណិត​ ដែល​បណ្តាល​ឱ្យ​មានការ​ជជែក​ដេញដោល​យ៉ាង​សកម្ម​ក្នុង​ចំណោម​អ្នកចូលរួម​ទៀត​ផង។

លោកស្រីបណ្ឌិត Elisa OREGLIA ធ្វើបទបង្ហាញ “ការសិក្សាលំហូរបច្ចេកវិទ្យាចិន និងបស្ចិមប្រទេសនៅកម្ពុជា”

​ចំណុច​សំខាន់​មួយទៀត​ក្នុងថ្ងៃនេះ​ផង​ដែរ​ គឺ​កម្មវិធី​ Hackathon​ ស្តី​អំពី​ការ​ការពារ​កុមារ​តាម​អ៊ីនធឺណិត​ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ក្មេង​ជំទង់​ ដែល​សម្របសម្រួល​ដោយ​លោក​ ហាង​ វិសិដ្ឋ​ និង​ដឹកនាំ​ដោយ​ក្រុម​វាគ្មិន​កិត្តិយស​រួម​មាន​ដូច​ជា​ Hyeri​ HYUN,​ Dixon​ SIU,​ លោកគ្រូ​ Yoneda​ KENZO​ និង​Paula​ BELLO​។​ ជាមួយនឹង​ជំនាញ​របស់​គាត់​ទាំងអស់​គ្នា​ គឺ​គាត់​បាន​ផ្តល់​ជា​ការ​យល់​ដឹង​ដ៏​មាន​តម្លៃ​ក្នុង​ការ​ការពារ​សុខុមាលភាព​ឌី​ជី​ថ​ល​របស់​ក្មេង​ជំនាន់​ក្រោយ​ផង​ដែរ​។​

ក្នុង​នោះ​ក៏​រួម​មានការ​ធ្វើ​បទ​បង្ហាញ​របស់​លោកស្រី​បណ្ឌិត​ Velislava​ HILLMAN​ ស្តី​ពី​ការ​គ្រប់គ្រង​ទិន្នន័យ​ និង​ការ​បង្កើន​ឯកជន​ភាព​ទិន្នន័យ​ ដោយ​បំភ្លឺ​បង្ហាញ​ពី​ភាព​ចាំបាច់​នៃ​ការ​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​ និង​ទិន្នន័យ​អប់រំ​នៅ​ក្នុង​ពិភពលោក​ដែល​កំពុង​តែ​មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ខ្លាំង​ឡើង​ផង​ដែរ​។​ ដោយ​កម្មវិធី​ថ្ងៃនេះ​ ក៏​បាន​បញ្ចប់​ជាមួយនឹង​ការ​បកស្រាយ​បង្ហាញ​របស់​លោក​ កា​ រ៉ូ​ហា​ស៊ី​ម​ អំពី​វឌ្ឍនភាព​របស់​ CamIDF​ និង​ដំណើរកា​រវិ​វត្ត​ចុង​ក្រោយ​បំផុត​របស់​គម្រោង​ «​ការ​បៀតបៀន​តាម​អ៊ីនធឺណិត​»​ ដោយ​ក្រុម​គម្រោង​ Kapeer​ផង​ដែរ​។​ គម្រោង​ Kapeer​ ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស​ទាក់ទង​នឹង​សកម្មភាព​អន​ឡាញ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ ដោយ​ពួក​គេ​បាន​បង្កើត​ឧបករណ៍​ស្វែងរក​ការ​បៀតបៀន​តាម​អ៊ីនធឺណិត​ ដើម្បី​តាមដាន​ និង​វិភាគ​ឧប្បត្តិហេតុ​នានា​ដូច​ជា​ការ​ប្រើ​ភាសា​មិន​សមរម្យ​ សារ​គំរាមកំហែង​ ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត​ និង​ការ​បៀតបៀន​ផ្លូវភេទ​ជាដើម​។​ លោក​ ង៉ែត​ ម៉ូ​សេ​ ដែល​ជាទី​ប្រឹក្សា​សន្តិសុខ​ឌី​ជី​ថ​ល​ក៏​បាន​ធ្វើការ​ពិភាក្សា​ក្រុម​មួយទៀត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​ ដែល​អនុញ្ញាត​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល​ និង​ក្រុម​សិទ្ធិ​មនុស្ស​ចូលរួម​បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​សេចក្តី​អះអាង​ ដែល​អាច​នឹង​រឹត​បន្តឹង​ដល់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ការ​លើក​ឡើង​ពី​បញ្ហា​គោលនយោបាយ​ និង​ការ​ប្រមូល​ទិន្នន័យ​ផង​ដែរ​។​ 

​ថ្ងៃ​ទី​២៖​ ការ​ពិភាក្សា​ស៊ីជម្រៅ​ និង​ការ​សន្ទនា​ប្រកបដោយ​ថាមវន្ត​

​នា​ថ្ងៃ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍​ CamIDF​ លើក​ទី​៦​ បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​សង្ខេប​ឡើង​វិញ​នៃ​សកម្មភាព​នៅ​ថ្ងៃ​ទី​១​។​ ក្នុង​នោះ​កញ្ញា​ Rawon​ JANG​ ដែល​អញ្ជើញ​មក​ពី​ទីភ្នាក់ងារ​សង្គម​ព័ត៌មាន​ជាតិ​ (NIA)​ បាន​បើក​ថ្ងៃ​នៃ​កម្មវិធី​ជាមួយនឹង​ការ​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​គោលនយោបាយ​ទិន្នន័យ​រដ្ឋាភិបាល​បើកចំហ​របស់​ប្រទេស​កូរ៉េ​ និង​វិ​ប​ផត​ថ​ល​ទិន្នន័យ​ (data.go.kr)​ ដោយ​បង្ហាញ​ពី​ការ​បោះ​ជំហាន​ទៅ​មុខ​ ធ្វើ​ឡើង​នៅ​ក្នុង​លទ្ធភាព​ដែល​អាច​ប្រើប្រាស់​បាន​នូវ​ទិន្នន័យ​សាធារណៈ​ និង​តម្លាភាព​។​

​បន្ទាប់​មក​ទៀត​ វេទិកា​នេះ​ក៏​បាន​បង្វែរ​ចំណាប់អារម្មណ៍​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ចំនុចប្រសព្វ​នៃ​ទិន្នន័យ​ផ្ទាល់ខ្លួន​ និង​បច្ចេកវិទ្យា​វិញ​ ដោយ​លោក​ Dixon​ SIU​ លោក​ សុង​ ម៉េ​ង​ថុ​ង​ និង​លោក​ ឡី​ កំ​ថូ​ង​ ដោយ​ការ​ធ្វើ​បទ​បង្ហាញ​ទៅ​លើ​ MyData,​ CheckinMe​ និង​ CamDX​ ផង​ដែរ​។​ ការ​ផ្ដល់​នូវ​ចំណេះដឹង​របស់​វាគ្មិន​ទាំង​ ៣​ អំពី​ភាព​ជា​ម្ចាស់​នៃ​ទិន្នន័យ​ និង​សន្តិសុខ​តាម​អ៊ីនធឺណិត​ មិន​ត្រឹមតែ​ធ្វើ​ឡើង​ឋិត​ក្នុង​ពេលវេលា​ដ៏​សម​ស្រប​មួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ចំណុច​សំខាន់​សម្រាប់​ទិដ្ឋភាព​ឌី​ជី​ថ​ល​កម្ពុជា​ឥឡូវនេះ​ផង​ដែរ​។​

លោក សុង ម៉េងថុង និងលោក ឡី កំថូង បានធ្វើការបង្ហាញពី CamDX និង CheckinMe

លោក សុង ម៉េងថុង និងលោក ឡី កំថូង បានធ្វើការបង្ហាញពី CamDX និង CheckinMe

​ទស្សនវិស័យ​របស់​យុវជន​ត្រូវ​បាន​យក​មក​បង្ហាញ​ជាមួយនឹង​ការ​ធ្វើ​បទ​បង្ហាញ​លើ​វេទិកា​អភិបាលកិច្ច​អ៊ី​ន​ ធឺ​ណិ​ត​សម្រាប់​យុវជន​ ឆ្នាំ​២០២៤​ និង​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ដោយ​សមាជិក​គណៈកម្មាធិការ​រៀបចំ​ YIGF​ រួម​មាន​លោក​ ហេង​ សុខ​ឡាយ​ កញ្ញា​ សុខា​ច័ន្ទ​ សុជាតា​ និង​លោក​ សុខ​ ហាំ​ង​ឃាង​។​ ដោយ​ការ​ចូលរួម​របស់​ពួក​គេ​ក៏​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​វេទិកា​ក្នុង​ការ​អប់រំ​អ្នកដឹកនាំ​ឌី​ជី​ថ​ល​ជំនាន់​ក្រោយ​ផង​ដែរ​។​

​ក្នុង​នោះ​លោកស្រី​បណ្ឌិត​ Velislava​ HILLMAN​ និង​លោក​ Dixon​ SIU​ ក៏​បាន​ដឹកនាំ​សិក្ខាសាលា​អន្តរ​កម្ម​មួយ​ដែល​ស្តី​ពី​ឯកជន​ភាព​ទិន្នន័យ​ ចំណេះដឹង​ រួម​ទាំង​ជំនាញ​ទិន្នន័យ​ និង​ការ​រៀបចំ​ទិន្នន័យ​នៃ​ការ​អប់រំ​ ដែល​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​ជំនាញ​ និង​ចំណេះដឹង​ជាក់ស្តែង​ ដែល​ជា​ការ​ផ្តល់​សិទ្ធិ​អំណាច​ឱ្យ​ពួក​គេ​អាច​រុករក​ពី​ភាព​ស្មុគស្មាញ​នៃ​ទិន្នន័យ​ឌី​ជី​ថ​ល​ប្រកបដោយ​ទំនុកចិត្ត​ផង​ដែរ​។​

​ក្នុង​នោះ​លោក​ សំ​អាន​ ម៉ារ​ឌី​ ក៏​បាន​ណែនាំ​អ្នកចូលរួម​ឱ្យ​ចូល​ទៅ​កាន់​ Learning​ Platform​ របស់​អង្គការ​ទិន្នន័យ​យ​អំពី​ការ​អភិវឌ្ឍ​ និង​ឈ្វេងយល់​ពី​របៀប​រួមចំណែក​ផ្ដល់​ទិន្នន័យ​នៅ​ក្នុង​នោះ​ ដោយ​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ធនធាន​អប់រំ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​ជាដើម​។​ ហើយ​វេទិកា​នេះ​ក៏​បាន​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ​ពី​ Zaïda​ RIVAI​ ដែល​បាន​លើក​ឡើង​អំពី​បញ្ហា​សំខាន់​នៃ​ភាព​លំអៀង​នៃ​យេ​ន​ឌ័​រ​នៅ​ក្នុង​ Generative​ AI​ ហើយ​ក្នុង​នោះ​ Paul-Olivier​ DEHAYE​ Dehaye​ ដែល​ជានា​យក​ប្រតិបត្តិ​នៃ​ hestia.ai​ ក៏​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកចូលរួម​ជាមួយនឹង​ការ​បង្ហាញ​អំពី​របៀប​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ផង​ដែរ​។​​នៅ​ពេល​ដែល​ព្រឹត្តិការណ៍​បាន​ខិត​ជិត​ដល់ទី​បញ្ចប់​ លោក​ Poren​ CHIANG​ ក៏​បាន​ថ្លែង​សុន្ទរកថា​បិទ​កម្មវិធី​ ដោយ​បង្ហាញ​ពី​ស្មារតី​នៃ​កិច្ចសហការ​ និង​ការ​ច្នៃប្រឌិត​ ដែល​បាន​កំណត់​ក្នុង​វេទិកា​នេះ​ ហើយ​សុន្ទរកថា​របស់​លោក​ជា​ការ​បញ្ចប់​ដ៏​មាន​ន័យ​មួយ​ ដល់​ការ​ចែករំលែក​ចំណេះដឹង​ និង​ការ​បង្កើត​នូវ​សហគមន៍​មួយ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មកនេះ​។​ ឥទ្ធិពល​របស់​វេទិកា​អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​កម្ពុជា​ លើក​ទី​៦​ (CamIDF)​ បាន​លាតសន្ធឹង​លើស​ពី​ព្រឹត្តិការណ៍​រយៈពេល​ពីរ​ថ្ងៃនេះ​ទៀត​ ដោយ​វា​បាន​បង្កើត​នូវ​ចលនា​មួយ​ដ៏​មាន​ឥទ្ធិពល​ដែល​សន្យា​ថា​នឹង​ផ្លាស់​ប្តូរ​ទិដ្ឋភាព​ឌី​ជី​ថ​ល​របស់​ប្រទេស​កម្ពុជា​តាម​វិធី​ដ៏​ប្រសើរ​បំផុត​មួយ​ផង​ដែរ​។​

ការ​ផ្តល់​អំណាច​ដល់​បុគ្គល​ និង​សហគមន៍​

នៅកម្រិតបុគ្គល CamIDF បានផ្តល់ឱ្យអ្នកចូលរួមជាមួយនឹងចំណេះដឹង និងជំនាញដែលមានសារៈសំខាន់ក្នុងយុគសម័យឌីជីថល និងការពិភាក្សាអំពីសុវត្ថិភាពតាមអ៊ីនធឺណិត ឯកជនភាពទិន្នន័យ និងការគ្រប់គ្រងអ៊ីនធឺណិត ដែលបានផ្តល់ឱ្យពួកគេនូវឧបករណ៍ដើម្បីការពារអត្តសញ្ញាណឌីជីថលរបស់ពួកគេ និងធ្វើឱ្យការរុករកទៅក្នុងពិភពអនឡាញកាន់តែមានសុវត្ថិភាព និងទំនុកចិត្ត។

ជំរុញការច្នៃប្រឌិត និងកិច្ចសហការ   

វេទិកានេះក៏បានជំរុញស្មារតីនៃការច្នៃប្រឌិត និងកិច្ចសហការផងដែរ។ ដោយកម្មវិធី Hackathon ស្តីពីការការពារកុមារតាមអ៊ីនធឺណិត និងការផ្តល់សិទ្ធិអំណាចដល់ក្មេងជំទង់ គឺជាឧទាហរណ៍ដ៏សំខាន់មួយអំពីរបៀបប្រមូលផ្តុំនូវគំនិតចម្រុះ ដែលអាចនាំទៅរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់បញ្ហាស្មុគស្មាញបាន ហើយកិច្ចខិតខំប្រឹងប្រែងរួមគ្នាបែបនេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការជំរុញវឌ្ឍនភាពក្នុងវិស័យអាយស៊ីធី។

ឥទ្ធិពលលើគោលនយោបាយ និងអភិបាលកិច្ច

ការយល់ដឹងដែលចែករំលែកនៅ CamIDF ទំនងជាមានឥទ្ធិពលលើគោលនយោបាយ និងអភិបាលកិច្ចទាក់ទងនឹងអាយស៊ីធីនៅកម្ពុជាក្នុងទ្រង់ទ្រាយធំ។ បទបង្ហាញស្តីពីគោលនយោបាយទិន្នន័យបើកចំហរបស់រដ្ឋាភិបាល និងគំនិតផ្តួចផ្តើម MyData បានផ្តល់ជាគម្រោងចម្បងសម្រាប់តម្លាភាព និងអភិបាលកិច្ចផ្តោតលើពលរដ្ឋ ដែលអាចអនុម័តបានដោយអ្នកបង្កើតគោលនយោបាយ។

ការផ្សារភ្ជាប់គម្លាតយេនឌ័រ

CamIDF ក៏​បាន​បោះជំហាន​ទៅមុខ​ក្នុង​ការ​ផ្សារភ្ជាប់​គម្លាត​យេនឌ័រ​ក្នុង​វិស័យអាយស៊ីធីផងដែរ។ តាមរយៈការធានាឱ្យមានការចូលរួមរបស់ស្ត្រី និងការដោះស្រាយបញ្ហាដូចជាភាពលំអៀងយេនឌ័រនៅក្នុងបញ្ញាសិប្បនិម្មិត។ វេទិកានេះក៏បានលើកឡើងពីសារៈសំខាន់នៃបរិយាបន្ននៅក្នុងបច្ចេកវិទ្យាផងដែរ។

វឌ្ឍនភាពនៃការអប់រំ

សេចក្តីណែនាំនៃ Learing Platform របស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងការរួមចំណែកទិន្នន័យ បកស្រាយដោយ លោក សំអាន ម៉ារឌី គឺជាជំហានឆ្ពោះទៅរកការលើកកម្ពស់ការអប់រំតាមរយៈបច្ចេកវិទ្យា។ Learning Platform នេះអាចក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាដោយខ្លួនឯង និងការអភិវឌ្ឍជំនាញសម្រាប់ប្រជាជនកម្ពុជាជាច្រើនផងដែរ។

កិច្ចសហការអន្តរជាតិ

ការចូលរួមរបស់អ្នកជំនាញអន្តរជាតិដូចជា Rawon JANG, Paul-Olivier DEHAYE និងបុគ្គលសំខាន់ផ្សេងៗទៀតជាច្រើនដោយផ្ទាល់ និងអនឡាញ បានគូសបញ្ជាក់ពីតួនាទីរបស់វេទិកាក្នុងការសម្របសម្រួលដល់កិច្ចសហការអន្តរជាតិ ហើយអន្តរកម្មនេះអាចនាំទៅរកភាពជាដៃគូអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹង ដែលជួយពង្រឹងដល់សមត្ថភាពឌីជីថលរបស់កម្ពុជាផងដែរ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា – វិទ្យាស្ថានស្រាវជ្រាវឌីជីថល និងនវានុវត្តន៍ សម្រាប់ភាពជាដៃគូដ៏រឹងមាំ។ ការប្ដេជ្ញាចិត្ត និងការសហការគ្នានេះ គឺជាចំណុចសំខាន់មួយក្នុងភាពជោគជ័យនៃការខិតខំរបស់យើងទាំងអស់គ្នាផងដែរ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាស្រាវជ្រាវរបស់សហភាពអឺរ៉ុប សម្រាប់ការគាំទ្រដ៏ពេញទំហឹងរបស់ពួកគេតាមរយៈគម្រោងស្រាវជ្រាវ Digisilk ហើយក្រោមការដឹកនាំពោរពេញដោយសមត្ថភាពរបស់លោកស្រីបណ្ឌិត Elisa OREGLIA។ គម្រោងនេះបានក្លាយជាសញ្ញានៃភាពច្នៃប្រឌិត និងឧត្តមភាព។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលសម្រាប់សហគ្រាសឯកជនអន្តរជាតិ (CIPE) សំរាប់ការផ្តល់ការណែនាំដ៏មានតម្លៃ និងជំនួយផ្សេងៗ។ រាល់ការយកចិត្តទុកដាក់របស់ CIPE ក្នុងការជំរុញសហគ្រាសអន្តរជាតិ គឺពិតជាគួរឱ្យកោតសរសើរក្រៃលែង។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Fujitsu សម្រាប់ការគាំទ្រ និងការផ្ដល់នូវជំនាញវិជ្ជាជីវៈ  ដែលការរួមចំណែករបស់ក្រុមហ៊ុន Fujitsu បានពង្រឹងនូវគុណភាព និងឥទ្ធិពលយ៉ាងខ្លាំងដល់ការងាររបស់យើង។

ជាចុងក្រោយ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការយូនីសេហ្វកម្ពុជា សម្រាប់ការគាំទ្រ និងការការពារសិទ្ធិ និងសុខុមាលភាពរបស់កុមារ។ ការចូលរួមរបស់អង្គការយូនីសេហ្វកម្ពុជាពិតជាមានសារៈសំខាន់ក្នុងការពង្រីកឥទ្ធិពលវិជ្ជមាននៃព្រឹត្តិការណ៍របស់យើងទៅកាន់សាធារណជនកាន់តែច្រើន។

ជាមួយគ្នាដែរ ភាពជាដៃគូ និងការគាំទ្រទាំងនេះមិនត្រឹមតែបានរួមចំណែកដល់ភាពជោគជ័យនៃព្រឹត្តិការណ៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងការតាំងចិត្តរបស់យើងក្នុងការបន្តបេសកកម្មឱ្យឆ្ពោះទៅមុខទៀតផងដែរ។ យើងពិតជាមានកិត្តិយសយ៉ាងខ្លាំង ដែលមានអ្នកគាំទ្រដ៏ល្អៗបែបនេះឈរនៅជាមួយយើង។

ព្រឹត្តិការណ៍ CamIDF លើកទី៦ មិនត្រឹមតែជាការប្រមូលផ្តុំនៃគំនិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរផងដែរ។ ដោយក្នុងនោះវាបានជំរុញឱ្យមានការសន្ទនាដែលនឹងបន្តមានសន្ទុះក្នុងសហគមន៍ ជំរុញសកម្មភាព និងការច្នៃប្រឌិត។ ក្នុងពេលដែលប្រទេសកម្ពុជាបន្តរុករកការផ្លាស់ប្តូរឌីជីថលរបស់ខ្លួន គោលការណ៍ និងគំនិតដែលត្រូវបានជំរុញនៅ CamIDF ប្រាកដជានឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើតអនាគតឌីជីថលដ៏រឹងមាំ ប្រកបដោយបរិយាបន្ន និងភាពរីកចម្រើន។

លោកស្រីបណ្ឌិត Velislava HILLMAN និង Norbert KLEIN កំពុងសន្ទនាគ្នាអំឡុងពេលសំរាក

រូបថតក្រុមមួយទៀតក្នុងវេទិកាអាយស៊ីធី និងឌីជីថលកម្ពុជា លើកទី៦