សិក្ខាសាលាស្តីពី ការបើកទូលាយទិន្នន័យឧស្សាហកម្មនិស្សារណកម្ម និងបរិស្ថាន ដើម្បីសេដ្ឋកិច្ចកាន់តែប្រសើរ
នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដោយមានកិច្ចសហការជាមួយអង្គការដៃគូ អង្គការជនជាតិដើមភាគតិចកម្ពុជា សមាគមនារីជនជាតិដើមភាគតិចកម្ពុជា និងសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា ព្រមទាំងអង្គការក្នុងស្រុកពាក់ព័ន្ធមួយចំនួនទៀត និងមានការគាំទ្រថវិកាពីមូលនិធិហេនរេចបូល បានរៀបចំសិក្ខាសាលាស្តីពី ការបើកទូលាយទិន្នន័យឧស្សាហកម្មនិស្សារណកម្ម និងបរិស្ថាន ដើម្បីសេដ្ឋកិច្ចកាន់តែប្រសើរ។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយអំពីការរីកចម្រើននៃឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាននៃឧស្សាហកម្មនិស្សារណកម្មចំពោះសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិចតាមរយៈទិន្នន័យបើកទូលាយ។ សិក្ខាសាលានេះមានគោលបំណងសំខាន់ៗចំនួនប្រាំ គឺ (១) លើកកម្ពស់ការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ន នៃការបើកទូលាយទិន្នន័យឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា និងដំណើរការនៃគម្រោងថ្មីៗ (២) ពិភាក្សា និងចែករំលែកទិន្នន័យ ស្តីពីហេតុប៉ះពាល់វិជ្ជមាន និងអវិជ្ជមានសេដ្ឋកិច្ច នៃសកម្មភាពទាញយករ៉ែលើសហគមន៍មូលដ្ឋាន និងក្រុមជនជាតិដើមភាគតិច (៣) គាំទ្រសហគមន៍មូលដ្ឋាន និងក្រុមជនជាតិដើមភាគតិច ក្នុងការស្វែងរកទិន្នន័យពាក់ព័ន្ធ ជាពិសេសរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម របស់គម្រោងឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា (៤) អំពាវនាវឱ្យមានការសហការបន្ថែម រវាងភាគីពាក់ព័ន្ធ រួមទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការចែករំលែករបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម និង (៥) ធ្វើកំណត់ហេតុ និងគោលការណ៍សង្ខេប នៃព្រឹត្តិការណ៍សំខាន់ៗសម្រាប់ការប្រើប្រាស់នាពេលអនាគត។

សិក្ខាសាលាស្តីពី ការបើកទូលាយទិន្នន័យឧស្សាហកម្មនិស្សារណកម្ម និងបរិស្ថាន ដើម្បីសេដ្ឋកិច្ចកាន់តែប្រសើរ។
ដើម្បីលើកកម្ពស់ការយល់ដឹងនៃការបើកទូលាយទិន្នន័យឧស្សាហកម្មនិស្សារណកម្ម និងបរិស្ថាន ដើម្បីសេដ្ឋកិច្ចកាន់តែប្រសើរ សិក្ខាសាលានេះត្រូវបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ អេរ៉ា និងតាមរយៈប្រព័ន្ធអនឡាញ ដែលមានភ្ញៀវកិត្តិយសចូលរួមពីម្ចាស់ជំនួយ អង្គការដៃគូរ អ្នកសារព័ត៌មាន សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិតរស់នៅខេត្តមណ្ឌលគិរី និងរតនៈគិរី។
លោក ធី ទ្រី នាយកប្រតិបត្តិអង្គការអូឌីស៊ី បានឡើងធ្វើសុន្ទរកថាស្វាគមន៍។ លោកបានគោរពស្វាគមន៍អ្នកចូលរួមទាំងអស់ដែលមានវត្តមាននៅទីនេះ ក៏ដូចជានៅតាមប្រព័ន្ធអនឡាញ។ លោកបានធ្វើការឆ្លុះបញ្ចាំងពីសិក្ខាសាលា ព្រមទាំងបង្ហាញពីគោលបំណងនៃសិក្ខាសាលានេះ ហើយលោកបានសង្កត់ធ្ងន់ពី ឧស្សាហកម្មរ៉ែមាសដំបូងគេនៅកម្ពុជាត្រូវបានប្រកាស។ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd បានដាក់ដំណើរការជាផ្លូវការនូវឧស្សាហកម្មផលិតមាសរបស់ខ្លួននៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលត្រូវបានគេរំពឹងថានឹងផលិតមាសសុទ្ធចំនួន ៣ តោនជាមធ្យមប្រចាំឆ្នាំ ក្នុងរយៈពេល ៨ ឆ្នាំដំបូងនៃប្រតិបត្តិការនេះ។ ការពង្រីកវិស័យរ៉ែ រួមបញ្ជូលទាំងការវិនិយោគធំៗនៅក្នុងប្រទេស ជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI) និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ លើសពីនេះ ការកើនឡើងមូលនិធិសាធារណៈ បានមកពីការកើនឡើងវិស័យរ៉ែ អាចនាំមកនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចយ៉ាងច្រើនដល់ប្រជាជនកម្ពុជា ប្រសិនមានការវិនិយោគគ្រប់គ្រាន់។
កញ្ញា ឌុច សុធាវីន អ្នកសម្របសម្រួលកម្មវិធីអភិបាលកិច្ចធនធាន នៃមូលនិធិហេនរេចបូល (HBS) បានធ្វើសុន្ទរកថាបើកកម្មវិធី ដោយកញ្ញាបានលើកឡើងថា ការអភិវឌ្ឍប្រទេសមួយដែលប្រកបដោយនិរន្តរភាព គឺទាមទារឱ្យមានការសម្រេចចិត្ត ដែលមានចូលរួមពីសំណាកស្ថាប័នពាក់ព័ន្ធនានា រួមមានស្ថាប័នរដ្ឋាភិបាល ឯកជន ដៃគូរអភិវឌ្ឍន៍ និងប្រជាពលរដ្ឋមូលដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជាក៏បានទទួលស្គាល់នូវសារៈសំខាន់នេះ ហើយបានអនុម័តឱ្យមានការចូលរួមជាសាធារណៈ នៅក្នុងដំណើរការ ធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ កញ្ញាជឿជាក់ថា កិច្ចសហការនេះនឹងនាំមកនូវជម្រើសដ៏ប្រសើរសម្រាប់គម្រោងអភិវឌ្ឍន៍ ដោយផ្តល់នូវផលចំនេញទាំងសេដ្ឋកិច្ច បរិស្ថាន និងសហគមន៍នៅក្នុងតំបន់គម្រោង។
ផ្អែកទៅតាមរបៀបវារៈ កញ្ញា គឹម ឈួនវួច បណ្ណាធិការ - អ្នកស្រាវជ្រាវផ្នែកធនធានធម្មជាតិ និងដីធ្លី នៃអង្គការអូឌីស៊ី បានធ្វើបទបង្ហាញស្តីពីព័ត៌មានទិន្នន័យការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសម្បទានរ៉ែ ហើយស្នើរសុំឱ្យមានធាតុចូល និងមតិយោបល់ពីអ្នកចូលរួមទាំងអស់ ដើម្បីធ្វើឱ្យព័ត៌មានទិន្នន័យទាំងនេះកាន់តែប្រសើរឡើង។ នៅលើគេហទំព័ររបស់អូឌីស៊ីមាន របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (ពង្រាង) ចំនួន ២៩ ហើយកិច្ចព្រមព្រៀងសម្បទានរ៉ែចំនួន ២៩៧។ អ្នកចូលរួមដោយផ្ទាល់ក៏ដូចជានៅតាមប្រព័ន្ធអនឡាញបានលើកឡើងនូវមតិយោបល់ ព្រមទាំងសំណួរទាក់ទងនឹងព័ត៌មានទិន្នន័យ ដែលធ្វើឱ្យសិក្ខាសាលានេះមានភាពរស់រវើក។

កញ្ញា គឹម ឈួនវួច កំពុងធ្វើបទបង្ហាញស្តីពីព័ត៌មានទិន្នន័យការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងសម្បទានរ៉ែ។
ចំណុចសំខាន់នៅក្នុងសិក្ខាសាលានេះ គឺកិច្ចពិភាក្សាដែលសម្របសម្រួលដោយ លោក ធី ទ្រី ហើយមានវាគ្មិនពីររូបចូលរួមគឺ លោក ណុប វី នាយកប្រតិបត្តិសារព័ត៌មានខាមបូចា និងលោក សុខ ឃីម អ្នកគ្រប់គ្រងកម្មវិធីអភិបាលកិច្ចធនធានធម្មជាតិ នៃអង្គការអុកស្វាម។ កិច្ចពិភាក្សានេះបានផ្តោតសំខាន់ទៅលើចំណុចចំនួនបីដូចជា (១) ស្ថានភាពទិន្នន័យឧស្សាហកម្មរ៉ែនៅកម្ពុជានាពេលបច្ចុប្បន្ន (២) ឧស្សាហកម្មនិស្សារណកម្ម៖ តើអ្វីជាអត្ថប្រយោជន៍សេដ្ឋកិច្ច? តើសហគមន៍ជនជាតិដើមភាគតិចនឹងត្រូវប្រឈមយ៉ាងដូចម្តេច? និង (៣) តើអ្នកសារព័ត៌មានមានតួនាទីអ្វីក្នុងការត្រួតពិនិត្យ និងរាយការណ៍អំពីសកម្មភាពទាញយករ៉ែ? កិច្ចពិភាក្សាបានដំណើរការយ៉ាងរលូន និងជោគជ័យ ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសំណាកអ្នកចូលរួម។ យើងទទួលបានសំណួរជាច្រើន ព្រមទាំងកិច្ចសហការគ្នាពីដៃគូរពាក់ព័ន្ធ និងអ្នកចូលរួម។

កិច្ចពិភាក្សាដែលមានលោក ធី ទ្រី ជាអ្នកសម្របសម្រួល ហើយនឹងវាគ្មិនពីររូបគឺ លោក ណុប វី និងលោក សុខ ឃីម។ តាមដានកិច្ចពិភាក្សាទាំងស្រុង តាម YouTube។
ជាទីបញ្ចប់នៃសិក្ខាសាលានេះ អ្នកស្រី ស៊ីវ វឌ្ឍនា ប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រនៃអូឌីស៊ី បានធ្វើការសង្ខេប និងប្រកាសពីភាពជោគជ័យនៃសិក្ខាសាលានេះ។ អូឌីស៊ី ក៏ដូចជាសិក្ខាកាមទាំងអស់ជឿជាក់យ៉ាងមុតមាំថា ការចូលរួមដែលមានការជូនដំណឹងបានគ្រប់ជ្រុងជ្រោយ និងមានបរិយាប័ន្ននៅក្នុងដំណើរការនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គមនៅក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម នឹងនាំឱ្យទំនាក់ទំនង និងការស្វែងយល់អំពីគ្នា រវាងរដ្ឋាភិបាល ប្រជាពលរដ្ឋ និងវិស័យឯកជនកាន់តែសកម្ម និងប្រសើរជាងមុន ហើយជាលទ្ធផលវានឹងនាំទៅដល់ការវិនិយោគលើវិស័យរ៉ែកាន់តែមានតម្លាភាពនយោបាយ និងគណនេយ្យភាព និងអភិបាលកិច្ចបរិស្ថានដែលគិតគូរទាំងអំពីអត្ថប្រយោជន៍សង្គម និងកំណើនសេដ្ឋកិច្ចជាតិ។