វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការអាន និងការប្រើប្រាស់ផែនទី

នៅ​ថ្ងៃ​ទី​០៥​ និង​ ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៩​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ សហការ​ជាមួយ​ នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​រៀបចំ​ វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ស្តី​ពី​ ការ​អាន​ និង​ការ​ប្រើប្រាស់​ផែនទី​ នៅ​ខេត្តកំពង់ឆ្នាំង​ ប្រកប​ដោយ​​ជោគជ័យ​ ។​ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គ្រូ​បង្គោល​ចូលរួម​ចំនួន​ ២៦​រូប​ មក​ពី​វិទ្យាល័យ​ចំនួន​ 13​ នៅ​បណ្តាល​ ១១​ខេត្ត​ក្រុង​។​

អ្នកតំណាង អូឌីស៊ី និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ជាមួយ​លោកគ្រូ​អ្នកគ្រូ​វិទ្យាល័យ​ ដែល​បង្រៀន​មុខ​វិជ្ជា​ដូច​ជា​ ព័ត៌មានវិទ្យា​ ភូមិវិទ្យា​ និង​ផែនដីវិទ្យា​។​ គោលបំណង​នៃ​ វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​ ដើម្បី​ផ្តល់​ជូន​​លោកគ្រូ​អ្នកគ្រូ​បង្រៀន​​ព័ត៌មានវិទ្យា​នៅ​ថ្នាក់​វិទ្យាល័យ​នូវ​ចំណេះដឹង​ក្នុង​ការ​អាន​​ និង​ប្រើប្រាស់​ផែនទី​ទាំង​នៅ​លើ​អ៊ីនធឺណិត​ និង​នៅ​លើ​ក្រដាស​។​ ទន្ទឹម​នឹង​នេះ ​​លោកគ្រូ​អ្នកគ្រូ​ក៏​ទទួល​ការ​​​បណ្តុះបណ្តាល​ដើម្បី​អាច​បង្រៀន​មេរៀន​អាន​ផែនទី​ដល់​សិស្ស​របស់​ពួក​គាត់​ក្នុង​ម៉ោង​សិក្សា​។​

​កម្មវិធី​បង្រៀន​ដែល​បាន​បង្កើតឡើង​​ មាន​​ចំ​នួន​សរុប​ ១៧​ជំពូក​ ដែល​រៀបរាប់​លម្អិត​ពី​ផែនទី​ និង​ធាតុ​នៃ​ផែនទី​ ក៏​ដូច​ជា​លំ​ហាត់​សម្រាប់​អនុវត្ត​។​ ក្រៅពី​កម្មវិធី​បង្រៀន​ សម្ភារៈ​ឧបទ្ទេស​ផ្សេងៗ​ទៀត​ក៏​កំពុង​ត្រូវ​បាន​ផលិត​ ដើម្បី​ឱ្យ​កូនសិស្ស​មាន​សម្ភារៈ​ផ្សេងៗ​សម្រាប់​រៀន​ក្រៅពី​អត្ថបទ​សរសេរ​ និង​រូបភាព​មួយ​ចំនួន​នៅ​ក្នុង​សៀវភៅ​។​ ពួក​គេ​ក៏​អាច​រៀន​ជាមួយ​សម្ភារៈ​ដែល​គេ​អាច​អនុវត្ត​ មើល​ ស្តាប់​ និង​ប៉ះ​បាន​។​ សម្ភារៈ​ទាំងនោះ​រួម​មាន​ ផែនទី​ក្រដាស​ និង​វី​ឌី​អូ​បង្រៀន​ (​៤ ​វី​ឌី​អូ​សម្រាប់​មួយ​ជំពូក​)​។​

លោកគ្រូអ្នកគ្រូ ចូលរួមក្នុងវគ្គបណ្តុះបណ្តាល

​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​បង្រៀន​លោកគ្រូ​អ្នកគ្រូ​ អំ​ពីំ​មុខងារ​ផ្សេងៗ​នៃ​ផែនទី​ដែល​ពួក​គាត់​មិន​ធ្លាប់​ប្រើ​ពី​មុន​មក​ ជា​ពិសេស​នៅ​លើ​ផែនទី​ឌី​ជី​ថ​ល​។​ ពួក​គាត់​ក៏​ត្រូវ​បាន​ណែនាំ​អំពី​ Google​ Maps,​ Google​ Earth,​ Google​ Street​ View​ និង​ទទួល​បាន​ឱកាស​បង្កើត​ផែនទី​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ដោយ​ប្រើប្រាស់​ My​ Maps​។​ លោក​ វង​ ទង​ ដែល​ជា​គ្រូផ្នែក​​ព័ត៌មានវិទ្យា​ នៅ​វិទ្យាល័យ​នេ​ត​យ៉ង់​ ខេត្តបាត់ដំបង​ បាន​និយាយ​ថា​ គាត់​បាន​ទទួល​ចំណេះដឹង​ថ្មីៗ​ជា​ពិសេស​ទៅ​លើ​ផែនទី​ឌី​ជី​ថ​ល​ និង​ផែនទី​ក្រដាស​ដែល​គាត់​មិន​ដែល​បានដឹង​ពី​មុន​មក​។​ គាត់​បាន​បន្ថែមទៀត​​ថា​ “​ចំណេះដឹង​ក្នុង​ការ​អាន​ផែនទី​មាន​សារៈសំខាន់​ណាស់​សម្រាប់​សិស្ស​ និង​ប្រជាជន​ទូទៅ​ ពីព្រោះ​ជាមួយ​ចំណេះដឹង​នេះ​ ពួក​គេ​នឹង​អាច​ស្វែងរក​ និង​កំណត់​ទីតាំង​របស់​ខ្លួន​ទាំង​នៅ​ក្នុងស្រុក​ និង​​ក្រៅ​ស្រុក​ដោយ​មិន​វង្វេង​និង​មិន​ចាំបាច់​សួរ​អ្នក​ដទៃ​”​។​

​លោកគ្រូ​អ្នកគ្រូ​ មាន​បំណង​ចូលរួម​វគ្គ​បណ្តុះបណ្តាល​បែប​នេះ​បន្ថែម​ទៀត​ ជា​ពិសេស​វគ្គ​បណ្តុះបណ្តាល​ទៅ​លើ​ផែនទី​ និង​បច្ចេកវិទ្យា​នានា​ដែល​មាន​សារៈ​ប្រយោជន៍​ដល់​ការងារ​របស់​ពួក​គាត់​ និង​ការ​សិក្សា​របស់​សិស្សានុសិស្ស​។​ ពួក​គាត់​ក៏​ចង់​ឱ្យ​​​វគ្គ​បណ្តុះបណ្តាល​មាន​រយៈពេល​យូរ​ជាង​នេះ​ ព្រោះ​ទិដ្ឋភាព​មួយ​ចំនួន​នៃ​ផែនទី​តម្រូវ​ឱ្យ​មាន​ពេលវេលា​ច្រើន​ដើម្បី​យល់ឱ្យ​​បាន​ស៊ីជម្រៅ​។​

​កម្មវិធី​សិក្សា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ និង​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​នេះ​ នឹង​ត្រូវ​កែសម្រួល​បញ្ចប់​ និង​ចែកចាយ​ជាមួយ​គ្រូ​បង្គោល​ និង​សមាជិក​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​ទាំងអស់​។​ ពួក​គាត់​អាច​សិក្សា​ពី​សម្ភារៈ​ទាំងនេះ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ និង​បង្រៀន​មេរៀន​អាន​ផែនទី​នេះ​ទៅ​កាន់​សិស្ស​របស់​ពួក​គាត់​។​ ​ អូ​ឌី​ស៊ី​ និង​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​ នឹង​សិក្សា​​​បន្ថែម​ទៀត​អំពី​និ​តិ​វិធី​ក្នុង​ការ​ដាក់​បញ្ចូល​មេរៀន​នេះ​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​រដ្ឋ​។​

រូបថតជាក្រុមរបស់ក្រុមការងារនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន អូឌីស៊ី និងសិក្ខាកាមទាំងអស់

​អូ​ឌី​ស៊ី​ កំពុង​ស្វះ​ស្វែងរក​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ដើម្បី​ពង្រីក​គម្រោង​ទៅ​សាលារៀន​ផ្សេង​ៗ​ទៀត​នៅក្នុង​ប្រទេស​​កម្ពុជា​ ដើម្បី​ឱ្យ​លោកគ្រូ​អ្នកគ្រូ​ និង​សិស្សានុសិស្ស​កាន់តែ​ច្រើន​អាច​ទទួល​បានការ​បណ្តុះបណ្តាល​អំពី​របៀប​អាន​ផែនទី​។​ លទ្ធភាព​ក្នុង​ការ​ទទួល​ថវិកា​បន្ថែម​នឹង​ជួយ​ឱ្យ​ក្រុមការងារ​អូ​ឌី​ស៊ី​ និង​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​ អាច​ផលិត​សំភារៈ​បណ្តុះបណ្តាល​ដែល​មានគុណ​ភាព​បន្ថែម​ទៀត​សម្រាប់​លោកគ្រូ​អ្នកគ្រូ​ និង​ក្រុមការងារ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​។​