ទិវាតម្លាភាព៖ អូឌីស៊ីធ្វើទស្សនកិច្ចសហគ្រាសច្នៃម៉ូតក្នុងស្រុក
មានក្រុមហ៊ុនក្នុងស្រុកតូចៗកាន់តែច្រើនឡើងៗ ព្យាយាមប្រកួតប្រជែងនឹងឧស្សាហកម្មសំលៀកបំពាក់ និងការច្នៃម៉ូតបែបប្រពៃណីនៅក្នុងប្រទេសកម្ពុជា។ ជំនួសឱ្យការផលិតសម្លៀកបំពាក់ដែលមានតម្លៃថោក ហើយផ្ដល់ប្រាក់ឈ្នួលទាប អាជីវកម្មចាប់ផ្ដើមថ្មីៗ ផ្នែកច្នៃម៉ូតនេះ ជ្រើសរើសយកផ្លូវមួយផ្សេងទៀត ដែលផ្តល់លក្ខខណ្ឌល្អប្រសើរសម្រាប់កម្មករ និយោជិក ព្រមទាំងទទួលបាននូវផលិតផលច្នៃប្រឌិត ដែលមិនផលិតនៅក្នុងរោងចក្រធំៗស្ថិតនៅខាងក្រៅទីក្រុងទេ ប៉ុន្តែផលិតនៅក្នុងសហគ្រាសតូចៗ នៅក្នុងរាជធានីរបស់ប្រទេសកម្ពុជា។ នៅថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ មានសហគ្រាសចំនួន ១០ បានបើកទ្វាររបស់ពួកគេ សម្រាប់មនុស្សគ្រប់គ្នា ដែលចង់មកមើលដំណើរការផលិតកម្ម។ ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលប្រកាន់យកនូវតម្លៃនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានឆ្លៀតឱកាស និងបានទៅធ្វើទស្សនកិច្ច សហគ្រាសចំនួនពីរកន្លែង ជាមួយបុគ្គលិកមួយចំនួន។
ការលុបបំបាត់ភាពក្រីក្រ សុខភាព និងសុខុមាលភាព ផលិតកម្មដែលមានការទទួលខុសត្រូវ និងការការពារអាកាសធាតុ គឺគ្រាន់តែជាគោលដៅអភិវឌ្ឍន៍ដោយចីរភាព មួយចំនួនប៉ុណ្ណោះ ដែលស្របគ្នានឹងការអនុវត្តផលិតកម្មរបស់សហគ្រាសសង្គមដែលមានចីរភាព។ Tonlé (ទន្លេ) គឺជាសហគ្រាសដំបូង ដែលបុគ្គលិកអង្គការអូឌីស៊ី បានទៅទស្សនកិច្ច។ សហគ្រាសនេះប្រើក្រណាត់ ដែលគេបោះចោលដោយរោងចក្រកាត់ដេរធំៗ ដោយទិញនៅលើទីផ្សារក្នុងស្រុក។ Tonlé (ទន្លេ) បានកែច្នៃផលិតផលទាំងនោះ ឱ្យក្លាយទៅជាផលិតផល ដែលមានគុណភាពខ្ពស់ ហើយអាចរកទិញបាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ កញ្ញា Severine Brault (សេវេរីន ប្រូលដ) ដែលកំពុងហាត់ការនៅ Tonlé (ទន្លេ) បាននាំបុគ្គលិកអង្គការអូឌីស៊ី ពីខ្សែសង្វាក់ផលិតកម្មទាំងមូល ដែលចាប់ផ្ដើមចេញពី ស្តុកក្រណាត់ បន្ទាប់មកទៅមើលពីដំណើរការជ្រលក់ពណ៌ក្រណាត់ បន្តទៅដល់ផ្នែកការគ្រប់គ្រងគុណភាព និងការវិចខ្ចប់ផលិតផលនៅដំណាក់កាលចុងក្រោយ។ ចីរភាព គឺជាគោលបំណងចម្បងមួយ របស់ Tonlé (ទន្លេ) ដោយអនុលោមតាមពាក្យស្លោករបស់ពួកគេគឺ “គ្រប់សរសៃអំបោះទាំងអស់ សុទ្ធតែមានតម្លៃ” ដោយពួកគេព្យាយាមបោះបង់ការចោលកាកសំណល់នៅគ្រប់ទីកន្លែង តាមតែអាចធ្វើទៅបាន ដូច្នេះហើយទើប ពួកគេប្រើប្រាស់ក្រណាត់ និងជំរៀកក្រដាស ក្នុងការបង្កើតក្រដាសផ្ទាល់ខ្លួនរបស់ពួកគេ។ អតិថិជនរបស់ Tonlé (ទន្លេ) អាចប្រាកដយ៉ាងច្បាស់ថា ពួកគេបានជៀសឆ្ងាយពីការបំភាយឧស្ម័នពុលជាច្រើន ហើយថែមទាំងអាចរៀនអំពីបុគ្គលិក ដែលផលិតទំនិញរបស់ពួកគេផងដែរ។ សម្លៀកបំពាក់ទាំងអស់ត្រូវបានដាក់ស្លាកឈ្មោះបុគ្គលិក ដែលជាប់ពាក់ព័ន្ធនឹងដំណើរការផលិតផលិតផលទាំងនោះ។
ប៉ុន្តែមិនត្រឹមតែ Tonlé (ទន្លេ) ប៉ុណ្ណោះទេ ដែលអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនដឹងពីអ្នកដែលផលិតផលិតផលទាំងនោះ យើងក៏បានរកឃើញអ្នកដែលមានគំនិតដូចគ្នា នៅឯសហគ្រាសរបស់ Cambodia Creations ដែលជាកន្លែងទីពីរដែលក្រុមការងារអូឌីស៊ី បានទៅធ្វើទស្សនកិច្ចនៅទិវាតម្លាភាពនេះ។ គ្រប់រូបសត្វដែលចាក់ពីអំបោះ ដែលផលិតដោយស្ត្រីធ្វើការនៅ Cambodia Knits អ្នកក៏អាចរកឃើញឈ្មោះរបស់អ្នកចាក់ និងចំនួនថ្នេរដែលត្រូវបានចាក់។ ស្ត្រីភាគច្រើនធ្វើការនៅតាមផ្ទះ និងស្ថិតនៅតាមខេត្តផ្សេងៗគ្នាទូទាំងប្រទេស។ ប្រាក់ខែសមរម្យ ម៉ោងធ្វើការដែលអាចបត់បែនបាន សន្តិសុខសង្គម និងការឈប់សំរាកប្រចាំឆ្នាំ ជួយឱ្យជីវិតរបស់ពួកគាត់ និងគ្រួសារមានភាពធូរស្បើយ។ ដូចគ្នានេះដែរ សម្រាប់សហគ្រាសពីរផ្សេងទៀត ដែលមានទីតាំងនៅជាមួយCambodia Creations ដែលស្ថិតនៅមិនឆ្ងាយពីផ្សារទួលទំពូងទេ។ Fair Weaves មានឯកទេសខាងវាយនភ័ណ្ឌប្រពៃណី ដែលត្បាញដោយដៃ ខណៈKhmer Creations ធ្វើគ្រឿងអលង្ការម៉ូតសហសម័យ ដោយដៃ។ Cambodia Creations បញ្ចូលសហគ្រាសទាំងបី នៅក្នុងហាងតែមួយ ស្ថិតនៅក្នុងបេះដូងនៃរាជធានីភ្នំពេញ។ វិធីសាស្ត្ររបស់ពួកគេ - គោលការណ៍ការងារប្រកបដោយសីលធម៌ ការងារប្រកបដោយចីរភាព រចនាច្នៃប្រឌិតពីសិប្បករកម្ពុជា ដែលមានទេពកោសល្យ - ប្រកួតប្រជែងនឹងលក្ខខណ្ឌការងារធ្ងន់ធ្ងររបស់កម្មករកាត់ដេរកម្ពុជា នៅក្នុងឧស្សាហកម្មដ៏ធំ។
បុគ្គលិកអង្គការអូឌីស៊ី ដែលមានឱកាសទៅទស្សនកិច្ច សហគ្រាសទាំងពីរ មានភាពសប្បាយរីករាយណាស់ ចំពោះការយល់ដឹងដែលពួកគេបានទទួលពីទិវាតម្លាភាព។ ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃសប្តាហ៍បដិវត្តន៍ម៉ូត (Fashion Revolution Week) ដែលជាព្រឹត្តិការណ៍ពិភពលោកប្រចាំឆ្នាំ រៀបចំឡើងដោយចលនាពិភពលោកបដិវត្តម៉ូដ (Fashion Revolution)។ សកម្មជនមានបំណង ដើម្បីកែលម្អលក្ខខណ្ឌនៅក្នុងឧស្សាហកម្មម៉ូដ។ សប្តាហ៍បដិវត្តន៍ម៉ូត (Fashion Revolution Week) ត្រូវបានរៀបចំជាលើកដំបូង បន្ទាប់ពីការដួលរលំរោងចក្រ Rana Plaza ដែលបានសម្លាប់មនុស្ស ១១៣៨ នាក់ និងរងរបួសជាច្រើនទៀតនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៣ ហើយចាប់តាំងពីពេលនោះមក សប្តាហ៍បដិវត្តន៍ម៉ូតបានប្រារព្ធ នៅថ្ងៃខួបនៃគ្រោះមហន្តរាយនេះ។ សប្តាហ៍បដិវត្តន៍ម៉ូតឆ្នាំ ២០១៨ នៅរាជធានីភ្នំពេញ បានបញ្ចប់ជាមួយនឹងការបង្ហាញម៉ូដពេញមួយថ្ងៃ និងការបង្ហាញពីផលិតផលក្នុងស្រុក នៅថ្ងៃសៅរ៍ ទី២៨ ខែមេសា។
សម្រាប់ព័ត៌មានបន្ថែមអំពីសប្តាហ៍បដិវត្តន៍ម៉ូត និងសហគ្រាស ដែលអូឌីស៊ីបានទៅទស្សនា សូមចូលមើលតាមបណ្ដាគេហទំព័រដូចខាងក្រោម៖