ខុមហ្វ្រែលបង្ហាញរបាយការណ៍សង្កេតការណ៍ទី២ពីការបោះឆ្នោត
ស្របគ្នានេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលជាង ៣០ស្ថាប័ន និងតំណាងគណបក្សនយោបាយចំនួនពីរ ដែលចូលរួមក្នុងកិច្ចពិភាក្សានៅពេលបង្ហាញរបាយការណ៍ នៅតែបន្តទាមទារអោយគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ដោះស្រាយបញ្ហាចម្បងៗនៅក្នុងការបោះឆ្នោត ដើម្បីអោយពលរដ្ឋ និងអ្នកសង្កេតការណ៍ទាំងអស់បានអស់ចិត្ត។
ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងតំណាងគណបក្សនយោបាយមួយចំនួន ចង់អោយមានដំណោះស្រាយភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោតឲ្យ បានត្រឹមត្រូវ ច្បាស់លាស់ ដ្បិតពួកគេនៅតែអះអាងថា ភាពមិនប្រក្រតីបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលឆ្នោត។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាសន្និដ្ឋានពីដំណើរក្នុងការបោះ ឆ្នោត គឺស្របពេលដែលអង្គការ ខុមហ្រ្វែល បានបង្ហាញរបាយការណ៍ថ្មីមួយលម្អិតពីភាពមិនប្រក្រតី ដែលខ្លួនបានរកឃើញ។ ក្នុងនោះ ខុមហ្រ្វែល ក៏បានរកឃើញមណ្ឌលបោះឆ្នោតចំនួន៥ ដែលភាពមិនប្រក្រតីបានធ្វើអោយមានផលប៉ះពាល់ខ្លាំងទៅលើលទ្ធផល ឆ្នោត គឺមណ្ឌលភ្នំពេញ កណ្ដាល ក្រចេះ សៀមរាប និងបាត់ដំបង។
នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ការផ្ទៀងផ្ទាត់លទ្ធផល ឬអាចឈានដល់ការបោះឆ្នោតឡើងវិញ នៅតាមការិយាល័យមួយចំនួន គឺជាវិធានការដែលអាចដោះស្រាយ ដើម្បីផ្ដល់ទំនុកចិត្តដល់អ្នកបោះឆ្នោត។…