គណបក្សប្រជាជនកម្ពុជាឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំ-សង្កាត់
គណបក្សប្រជាជនកម្ពុជានឹងឧបត្ថម្ភថវិកាចំនួន៥០០.០០០រៀលដល់ក្រុមប្រឹក្សាឃុំសង្កាត់នីមួយៗរបស់ខ្លួននៅមុនពេលពួកគេទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅខែឧសភា។ យោងតាមច្បាប់ចម្លងនៃសេចក្តីជូនដំណឹងដែលចុះហត្ថលេខាកាលពីថ្ងៃច័ន្ទ ដោយលោក សាយ ឈុំ ប្រធានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីខេត្តនឹងត្រូវជួយសម្រួលដល់ការឧបត្ថម្ភនេះ។ សេចក្តីជូនដំណឹងនេះ ណែនាំដល់ប្រធានគណៈកម្មាធិការនោះថា “កំណត់ឲ្យឧបត្ថម្ភជូនក្នុងម្នាក់ ៥០០.០០០រៀលស្មើៗគ្នានៅទូទាំងប្រទេស។ ពេលវេលាដែលត្រូវឧបត្ថម្ភគឺត្រូវជូនឲ្យបានព្រមៗគ្នាទាំងអស់នៅពេលជិតបុណ្យចូលឆ្នាំថ្មី”។ សេចក្តីជូនដំណឹងនេះលើកឡើងថា ប្រសិនបើក្រុមការងារ និងគណបក្សរាជធានី ឬខេត្តណាមានលទ្ធភាព គឺសូមម្ចាស់ការចំណាយ។ តែបើក្រុមការងារ និងគណបក្សរាជធានី ឬខេត្តណាមានលទ្ធភាពប៉ុន្មាន ហើយខ្វះប៉ុន្មានទៀត នោះថ្នាក់កណ្តាលនឹងជួយដោះស្រាយ។ …