គ.ជ.ប​នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​១២ សីហា

ស្រប​ពេល​ដែល​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​សម្រាប់​ស៊ើបអង្កេត​ភាព​ មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត មិន​ទាន់​កើត​មាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) គ្រោង​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៣ នេះ។
មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ឱ្យ​ដឹង​ថា ទោះ​ជា​ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ចម្រុះ សម្រាប់​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត នៅ​ខ្វែង​គំនិត​គ្នា​មិន​អាច​បង្កើត​ទៅ​រួច​ក្ដី ក៏ គ.ជ.ប នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ សម្រាប់​នីតិកាល​ទី​៥ នៅ​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៣។ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​១១ សីហា ថា ការ​ប្រកាស​លទ្ធផល​នេះ នឹង​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា វិទ្យុ​ជាតិ អេហ្វ.អឹម (FM) 96 MHz និង​វិទ្យុ​វត្ត​ភ្នំ FM 105.70 MHz។ លោក ទេព នីថា មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ពិនិត្យ​ផ្ទៀងផ្ទាត់​ហ្មត់ចត់​លើ​របាយការណ៍​ករណី​ភាព​មិន​ ប្រក្រតី​រួច​មក គ.ជ.ប សន្និដ្ឋាន​ថា បញ្ហា​ទាំង​នោះ​អាច​កើត​មាន​ឡើង​មែន ទាំង​ការ​ការ​រំខាន និង​ជះ​ឥទ្ធិពល​ដល់​អ្នក​បោះឆ្នោត ការ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ក្នុង​កម្រិត​ណា​មួយ។ ក៏​ប៉ុន្តែ លោក​ថា​មិន​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដល់​លទ្ធផល​បោះឆ្នោត​ទេ។ លោក ទេព នីថា៖ «មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន តែ​វា​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ទេ។ អ៊ីចឹង​បាន​ គ.ជ.ប សម្រេច​ថា ករណី​ហ្នឹង​គឺ​យើង​បាន​ត្រួត​ពិនិត្យ​ហើយ យើង​ទុក​ឯកសារ​ហ្នឹង​មួយ​ចំនួន ដែល​យើង​រក​ឃើញ​ហ្នឹង អាច​ថា​ជា​ឯកសារ​មេរៀន​ពិសោធន៍​សម្រាប់​ការ​បោះឆ្នោត​ទៅ​ថ្ងៃ​ក្រោយ ហើយ​អ្វី​ដែល​មិន​ប្រក្រតី​នេះ ត្រូវ​បាន​ប្ដឹង ហើយ​ត្រូវ​បាន​ដោះស្រាយ​មួយ​ចំនួន​ធំ​ហើយ​នៅ​ក្នុង​ការ​ប្ដឹង​ជា​ផ្លូវ​ការ ដែល​គេ​បាន​ធ្វើ​មក ហើយ គ.ជ.ប សម្រេច​នឹង​ប្រកាស​លទ្ធផល​ជា​បណ្ដោះអាសន្ន»។…

http://www.rfa.org/khmer/news/politics/nec-2announce-first-temporary-result-on12aug13-08112013090456.html