គ.ជ.ប.៖​ការ​អះអាង​ពី​ជ័យ​ជំនះ​របស់​គណបក្ស​ធំៗ​ទាំង​ពីរ​មិនមែន​ជា​លទ្ធផល​ផ្លូវការ​ទេ

វ៉ាស៊ីនតោន — ទោះបីជា​គណបក្ស​ទាំងពីរ​បាន​អះអាង​ពី​ជ័យ​ជម្នះ​រៀងៗ​ខ្លួន​ចេញ​ពី​ការ​ បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​មែន​ តែ​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​បាន​បញ្ជាក់​ ថា ​នោះ​មិនមែន​ជា​លទ្ធផល​ផ្លូវ​ការ​ទេ។ ​ពីរដ្ឋ​ធានី​វ៉ាស៊ីនតោន ​ លោក សុខ ខេមរា​នៃ​វីអូអេបាន​រាយ​ការណ៍​ថា​ មន្ត្រី​គ.ជ.ប.​អះអាង​ថា ​ខ្លួន​ពុំ​អាច​បង្ហាញ​នៅ​ឡើយ​ទេ​ថា​នរណា​ឈ្នះ​ ឬ​ចាញ់​នោះ។​ ដោយសារ​មាន​ភាព​តានតឹង​ក្នុង​ចំណោម​ពលរដ្ឋ​អ្នក​បោះ​ឆ្នោត​និង​គណបក្ស​ នយោបាយ​ទាក់ទង​នឹង​ការ​ប្រកាស​ពី​ជ័យ​ជំន្នះ​រៀងៗខ្លួន​នោះ​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​អះអាង​ថា ​ខ្លួន​មិន​អាច​បង្ហាញ​ថា​ គណបក្ស​ណា​មួយ​ឈ្នះ​ឡើយ​ទេ។​ នេះជាការ​អះអាង​របស់​លោក​ទេព នីថា ​អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ។​ លោក​និយាយថា៖​ «លទ្ធផល​បឋម​បាន​បង្ហាញ​ច្បាស់​ហើយ​ថា​គណបក្ស​ប្រជាជន​បាន​នាំមុខ​លើ​សំឡេង​ នៅខេត្ត​ភាគច្រើន។​ ហើយ​ខេត្ត​មួយ​ចំនួន ​ជាពិសេស​ ខេត្ត​ធំៗ​ហ្នឹង ​គណបក្ស​សង្គ្រោះជាតិ​នាំ​មុខ។​ ហើយ​លទ្ធផល​ការ​បែងចែក​អាសនៈ​បែបណា​ អ្នកណា​ ជាប់​ឆ្នោត​អី​ហ្នុង​ ទាល់តែ​បាន​លទ្ធផល​ផ្លូវការ​ ទើប​គ.ជ.ប.​បែង​ចែក»។​ លទ្ធផល​ជា​ផ្លូវការ​បឋម​អាច​ត្រូវ​គ.ជ.ប.​ប្រកាស​នៅថ្ងៃ​ទី១០​ខែ​សីហា​ខាង​មុខ​បើ​គ្មាន​បណ្តឹង។​ ភ្លាមៗ​ក្រោយការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី២៨​ខែ​កក្កដា​ឆ្នាំ​២០១៣ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាសថា​ ខ្លួន​ឈ្នះ​អាសនៈ​៦៨​ក្នុង​ចំណោម​១២៣​អាសនៈ​ ហើយ​អាច​បង្កើត​រដ្ឋាភិបាល​បាន​តែ​ម្នាក់​ឯង។​គណបក្ស​នេះ​បាន​អះអាង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​តែ​៥៥​ប៉ុណ្ណោះ។​

http://khmer.voanews.com/content/nec-denied-claims-of-victories-by-cpp-and-cnrp-which-is-too-soon/1713270.html