បក្សប្រឆាំង​គំរាម​ធ្វើ​បាតុកម្ម​មុន​ប្រកាស​លទ្ធផល​ផ្លូវការ ​បើ​ការ​ ដោះស្រាយ​មិន​ត្រឹម​ត្រូវ

ភ្នំពេញៈ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​គំរាម​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល ​នៃ​ការ​បោះឆ្នោត​ មុន​ពេល​គណៈ​កម្មា​ធិ​កា​រ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) ​ប្រកាស​លទ្ធ​ផល​ចុង​ក្រោយ នៅ​ថ្ងៃ​ទី៨ ខែ​កញ្ញា ដរាប​ណា​ភាព​មិន​ប្រក្រ​តី​​​នៃ​​ការ​បោះ​ឆ្នោត​ មិន​ត្រូវ​បាន​ដោះ​ស្រាយ​​​ឲ្យ​​ត្រឹម​ត្រូវ​​នោះ។ ថ្លែង​ទៅ​កាន់​មនុស្ស​ប្រហែល ២ ម៉ឺននាក់​ នៅ​ទី​លាន​ប្រជា​ ធិបតេយ្យ កាល​ពីម្សិលមិញ ​​លោក សម រង្ស៊ី​ ជា​ប្រធាន​និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​​ បាន​ប្រកាស​ជាថ្មី​ម្តង​ទៀត​ថា ​មហា​បាតុកម្ម​នឹង​ធ្វើ​ឡើង​នៅ​មុន​ការ​ប្រកាស​​ល​ទ្ធផល​ជា​ផ្លូវ​ការ​នៅ​ខែ ​ក្រោយ​។ ​ការ​បញ្ជាក់​នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​នឹង​ប្រជា​ជន​ដែល​បាន​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​​នោះ ​ដែល​បាន​សួរ​អំពី​ថ្ងៃ​ជាក់​លាក់​  ក្នុ​ង​ការ​ធ្វើ​មហា​បាតុកម្ម។ លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «យើង​នឹង​ធ្វើ​មហា​បាតុកម្ម​ មុន​ពេល​ប្រកាស​លទ្ធ​ផល​ផ្លូវ​ការ​។ ប៉ុន្តែ​ យើង​ជំរុញ​ឲ្យ​បង្កើត​គណៈ​កម្មការ​ឯក​រាជ្យ ដើម្បី​ស្វែង​រក​ការ​ពិត ផ្តល់​យុត្តិ​ធម៌​។ ប្រសិន​បើ​មាន​គណៈកម្មការនេះ ​​យើង​​នឹង​មិន​ធ្វើ​មហា​បាតុ​កម្ម​​ទេ ប៉ុន្តែ​ គណៈកម្មការ​នេះ​​មិន​ចេញ​ទេ ​ហើយ​គេ​រាំង​ស្ទះ​មិន​ឲ្យ​ចេញ ហើយ​គេ​ត្រៀម​ប្រកាស​លទ្ធ​ផល​​ផ្លូវ​ការ នៅ​ពេល​​នោះ​នឹង​មាន​បាតុកម្ម​»។ លោក កឹម សុខា បាន​ប្រាប់​អ្នក​ចូល​រួម​ថា បាតុកម្ម​ដំបូង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ៗនៅភ្នំពេញ ហើយ​បន្ទាប់​មក​ទៀត​គឺនៅ​ទូទាំង​ប្រទេស​។ លោក កឹម សុខា បាន​បន្ថែម​ថា ៖ «​​មហា​បាតុកម្ម​នោះ​ គឺ​ជា​មហា​បាតុកម្ម​អហិង្សាក្នុង​គោល​បំណង​ទាម​ទារ​យុតិ្ត​ធម៌​​ ដោយ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ ដែល​មាន​​អង្គការ​ជាតិនិង​អន្តរ​ជាតិ និង​ក៏​មាន​អង្គ​ការ​សហ​ប្រជា​ជាតិ​ជា​អ្នក​សង្កេត​ការណ៍​ ហើយ​ប្រសិន​បើ​​​គេ​នៅ​តែ​មិន​បង្កើត ​មហា​បាតុកម្ម​នឹង​កើត​មាន​ជា​ទូទៅ​។​ នេះ​​គឺជា​សេចក្តី​សម្រេច​​របស់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រជា​ជន​បាន​រង់​ចាំ​ជា​យូរ​មក​ហើយ​»។…

http://www.postkhmer.com/index.php/national/1-national-news/102980-2013-08-27-02-43-11