លទ្ធផលបឋមគណបក្សប្រជាជនទទួលបាន៦៨អាសនៈរីឯសង្គ្រោះជាតិ៥៥
ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា បានថយចុះអាសនៈចំនួន ២២ ដែលនេះគឺជាលើកទី ១ ហើយចាប់តាំងពីការបោះឆ្នោតជាតិបានចាប់ផ្តើម កាលពីឆ្នាំ ១៩៩៣ មក ហើយការធ្លាក់ចុះនេះ ធ្វើឲ្យគណបក្សប្រជាជន ទទួលបាននូវអាសនៈចំនួន ៦៨ ខណៈគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែង បានកើនអាសនៈដល់ទៅចំនួន ៥៥។ នេះបើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលបានថ្លែងប្រាប់ បណ្តាញសារព័ត៌មានកាលពីយប់មិញ។
ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ជាច្រើនថា ការបោះឆ្នោតកាលពីម្សិលមិញ ពោរពេញទៅដោយភាពមិនប្រក្រតី។
អ្នកឃ្លាំមើលបានព្រមានកាលពីយប់មិញថា ឈ្មោះប្រជាជនជាច្រើននាក់ ត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត ខណៈដែលការភាន់ច្រឡំ លើអត្តសញ្ញាណប័ណ្ណ បានធ្វើឲ្យអ្នកបោះឆ្នោតជាច្រើននាក់បាត់បង់សិទិ្ធបោះឆ្នោត។
ក្នុងសង្កាត់ ស្ទឹងមានជ័យ រាជធានី ភ្នំពេញ បាតុកម្មបានផ្ទុះឡើង នៅរសៀលម្សិលមិញខណៈដែលអ្នកបោះឆ្នោត ដែលត្រូវលុបឈ្មោះពីបញ្ជីបោះឆ្នោត បានអះអាងថា មន្រ្តីបានអនុញ្ញាតឲ្យវៀតណាមបោះឆ្នោត ដោយខុសច្បាប់។ នគរបាលប្រហែល ១០០ នាក់ បានចូលមកក្នុងវត្ត ហើយជួបនឹងអ្នកធ្វើបាតុកម្ម ដែលគប់ដុំថ្ម ហើយបានឡើងរថយន្តកងរាជអាវុធហត្ថពីរគ្រឿងបន្ទាប់មកបានដុតរថយន្តទាំងពីរនោះ។ …
គេអាចមើលឃើញនូវវត្តមានរបស់មន្រ្តីនគរបាលកងរាជអាវុធហត្ថ និងយោធាជាច្រើននាក់នៅទូទាំងប្រទេស។ បន្ទាប់ពីការបោះឆ្នោតបានបិទ កម្លាំងប្រដាប់អាវុធ ត្រូវបានដាក់ពង្រាយ នៅទូទាំងរាជធានីភ្នំពេញ និងនៅតាមផ្លូវនានាក្បែរភូមិគ្រឹះ លោក ហ៊ុន សែន និងទីស្នាក់ការគណបក្សប្រជាជន ធ្វើឲ្យមនុស្សជាច្រើននាក់ភ័យខ្លាច ហើយរត់ទៅទិញម្ហូបអាហារ និងដកប្រាក់ពីម៉ាស៊ីន ATM ជុំវិញរាជធានី ខណៈដែលអ្នកផ្សេងទៀតបានយករថយន្តនិងម៉ូតូជាច្រើនសម្រុកទៅចាក់សាំង។ …
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការ តម្លាភាពកម្ពុជា បានថ្លែងនៅក្នុងសន្និសីទមួយ ដែលប្រារព្ធធ្វើពីយប់មិញថា៖«ដោយផ្អែកតាមប្រទេសដែល មានស្តង់ដារប្រជាធិបតេយ្យជាងនេះ និងគោលការណ៍ប្រជាធិបតេយ្យទូទាំងពិភពលោក ដើម្បីឲ្យបំពេញបានតាមស្តង់ដារបោះឆ្នោតនោះ ការបោះឆ្នោតរបស់ប្រទេសកម្ពុជានៅមិនទាន់បំពេញបានតាមស្តង់ដារ នោះនៅឡើយទេ»។
លោកបន្តថា៖«បរិយាកាសយុទ្ធនាការបោះឆ្នោតនៅឆ្នាំនេះ គឺប្រសើរជាង កាលពីឆ្នាំ ២០០៨ ទាក់ទងនឹងអំពើហិង្សា ប៉ុន្តែនៅពេលអ្នកក្រឡេកមើលនូវអ្វី ដែលបានកើតឡើងនៅថ្ងៃនេះ (ម្សិលមិញ) ពាក់ព័ន្ធនឹងការបោះឆ្នោត និងចលាចលនៅកន្លែងបោះឆ្នោត នោះការបោះឆ្នោតនៅឆ្នាំនេះ គឺអាក្រក់ជាងលើកមុន»។ …
នៅសន្និសីទកាសែតមួយ ធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ភ្លាមៗ បន្ទាប់ពីសន្លឹកឆ្នោតត្រូវបានរាប់រួច ប្រធាន គ.ជ.ប លោក អ៊ឹម សួស្តី បានបដិសេធរបាយការណ៍ដែលថា មានបញ្ហាភាពមិនប្រក្រតីទ្រង់ទ្រាយធំបានកើតឡើង។ ជាជាងបញ្ហាជាមួយបញ្ជីឈ្មោះអ្នកបោះឆ្នោត ឬបញ្ហាចុះឈ្មោះ លោក អ៊ឹម សួស្តី ផ្ទុយទៅវិញ បានថ្លែងថា បញ្ហាអាយុរបស់អ្នកបោះឆ្នោត គឺជារឿងដែលត្រូវបន្ទោស។ …
ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/national/1-national-news/101486-2013-07-29-03-46-25