លោក សម រង្ស៊ី បន្តសុំក្រុមប្រឹក្សាធម្មនុញ្ញដើម្បីមានសិទ្ធិឈរឈ្មោះបោះឆ្នោត
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតទៅប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សុំធ្វើនិយតកម្ម ឬសុំធ្វើឲ្យមានភាពត្រឹមត្រូវតាមច្បាប់ស្ថានភាពគតិយុត្តិរបស់លោក ឡើងវិញ ដើម្បីបានបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។ ការធ្វើលិខិតទៅក្រុមប្រឹក្សាធម្មនុញ្ញនេះ ក្រោយពេលលោកបានផ្ញើលិខិតលើកទី២ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៣ ខែកក្កដា សុំឲ្យសើរើផ្ដល់សិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យរូបលោក។ នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃ ទី២៤ ខែកក្កដា លោក សម រង្ស៊ី បានលើកឡើងថា ដោយសាររូបលោកបានទទួលការលើកលែងទោសពីសំណាក់ព្រះមហាក្សត្ររួចហើយ នោះ និងដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នេះ ប្រព្រឹត្តទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួមនោះ រូបលោកសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញចេញសេចក្ដីសម្រេចធ្វើ និយតកម្ម ឬសុំធ្វើឲ្យមានភាពត្រឹមត្រូវតាមច្បាប់ លើករណីលោកដើម្បីបានបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត។ ការផ្ញើលិខិតទៅក្រុមប្រឹក្សាធម្មនុញ្ញនេះ បានកើតឡើងក្រោយពីលិខិតលើកទី២របស់ លោក សម រង្ស៊ី ផ្ញើទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនទាន់បានទទួលចម្លើយ។ លោក ទេព នីថា អគ្គលេខាធិការរបស់ គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី២៤ កក្កដា ថា គ.ជ.ប មិនទាន់បានពិនិត្យលិខិតលើកទី២ របស់ លោក សម រង្ស៊ី ទាក់ទងសិទ្ធិបោះឆ្នោត និងការឈរឈ្មោះឲ្យគេបោះឆ្នោតនៅឡើយទេ នៅថ្ងៃទី២៤ កក្កដា៖ «គ.ជ.ប អត់ទាន់មានពេលពិនិត្យឯកសារនោះទេ។ ចាំមើលល្ងាច ឬស្អែក គ.ជ.ប នឹងសម្រេចហើយ ពីព្រោះយើងមានការងារច្រើននៅធ្វើ»។ នៅក្នុងលិខិតផ្ញើទៅកាន់ គ.ជ.ប ទី២របស់ខ្លួន លោក សម រង្ស៊ី បានទាមទារឲ្យ គ.ជ.ប អនុវត្តករណីរបស់លោកតាមមាត្រា ១៦ថ្មី នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ខ្លឹមសារសំខាន់នៅក្នុងមាត្រា ១៦ ទាក់ទងជាមួយករណី លោក សម រង្ស៊ី គឺ គ.ជ.ប មានសិទ្ធិដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬផ្ដល់សិទ្ធិបោះឆ្នោតឡើងវិញ។ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ឬលុបចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ។ លុបបេក្ខភាពរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ឬទទួលស្គាល់បេក្ខភាពឈរឈ្មោះឡើងវិញ។ លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងលិខិតផ្ញើទៅកាន់ គ.ជ.ប លើកទី២ ថា លោកមិនមែនសុំចុះឈ្មោះបោះឆ្នោតជាថ្មីឡើងវិញទេ គឺលោកធ្លាប់មានឈ្មោះរួចទៅហើយ។ លោកសុំឲ្យ គ.ជ.ប ទទួលស្គាល់បេក្ខភាពឈរឈ្មោះបោះឆ្នោតឡើងវិញ ក្រោយពេលព្រះមហាក្សត្របានលើកលែងទោសឲ្យរូបលោក កាលពីថ្ងៃទី១២ កក្កដា។ ដូច្នេះ ការដែល គ.ជ.ប ប្រើមាត្រា ៤៩ថ្មី នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រលើករណីរបស់លោក គឺមិនត្រឹមត្រូវទេ។…