សាច់ញាតិនិងសកម្មជនទាមទារឲ្យរដ្ឋាភិបាលដោះលែងបាតុករដែលជាប់ឃុំជាបន្ទាន់
កាលពីម្សិលមិញ សាច់ញាតិនិងសកម្មជនសិទ្ធិមនុស្សបានអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងមនុស្ស២៣នាក់ ដែលបានរងការវាយដំនិងចាប់ខ្លួនអំឡុងពេលប៉ះទង្គិចគ្នារវាងនគរបាលនិងកម្មករកាត់ដេរ កាលពីជាងមួយសប្ដាហ៍មុន ហើយបានលើកឡើងថា ពួកគាត់នឹងលើកឡើងថា ពួកគាត់នឹងមិនគោរពតាមបម្រាមមិនឲ្យប្រមូលផ្តុំគ្នាជាសាធារណៈឡើយ ប្រសិនបើពួកគេមិនត្រូវបានដោះលែងទេនោះ។ បាតុករ មេដឹកនាំសហជីព និងកម្មករកាត់ដេរសរុបទាំង២៣នាក់នេះត្រូវបានចាប់ខ្លួនអំឡុងបាតុកម្មហិង្សារយៈពេលពីរថ្ងៃ ទាមទារឲ្យដំឡើងប្រាក់ខែគោលទ្វេដងសម្រាប់កម្មករកម្មការិនីកាត់ដេរដល់១៦០ដុល្លារក្នុងមួយខែ ដែលបានផ្ទុះអំពើហិង្សាកាលពីថ្ងៃទី៣ ខែមករា ដោយនៅពេលនោះនគរបាលបានបាញ់ប្រហារបណ្ដាលឲ្យមនុស្សប្រាំនាក់បាត់បង់ជីវិតនិងរាប់សិបនាក់ផ្សេងទៀតរងរបួស។ មនុស្សទាំង២៣នាក់នេះត្រូវបានចោទប្រកាន់តាំងពីពេលនោះមកពីបទបង្កអំពើហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ យោងតាមអង្គការសិទ្ធិមនុស្សអាដហុក និង លីកាដូ ដែលបានចូលសួរសុខទុក្ខអ្នកជាប់ឃុំទាំងនេះមណ្ឌលកែប្រែ៣ ក្នុងខេត្តកំពង់ចាមកាលពីសប្ដាហ៍មុនបានឲ្យដឹងថា មនុស្សទាំង២៣នាក់នេះត្រូវបានវាយដំទាំងមុននិងក្រោយការចាប់ខ្លួន។ អង្គការលីកាដូ ដែលបានបញ្ជូនក្រុមគ្រូពេទ្យមួយក្រុមបានលើកឡើងថា ស្ថានភាពរបស់លោក វ៉ន ពៅ គឺធ្ងន់ធ្ងរជាងគេបំផុតដោយសារតែគាត់ទើបតែវះកាត់ក្នុងពេលថ្មីៗនេះ។
ម៉ិច ដារា
http://www.cambodiadailykhmer.com/news/9292/