ការ​លើកកម្ពស់​ការ​ស្រាវជ្រាវ​តាម​រយៈ​បញ្ញា​សិប្បនិម្មិត​៖​ វគ្គ​បណ្តុះបណ្តាល​រយៈពេល​ ៣​ ថ្ងៃ​ ស្តី​ពី​ការ​ណែនាំ​អំពី​ការ​ស្រាវជ្រាវ​ដោយ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​

អូ​ឌី​ស៊ី​ និង​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋានក្នុងវគ្គ​បណ្តុះបណ្តាលស្តីពីការស្រាវជ្រាវ

​បញ្ញា​សិប្បនិម្មិត​ (AI)​ កំពុង​ត្រូវ​បាន​យក​មក​អនុវត្ត​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​រាជរដ្ឋាភិបាល​បាន​ណែនាំ​ដល់​គ្រប់​ក្រសួង​ និង​ស្ថាប័ន​ទាំងអស់​ ឱ្យ​ជំរុញ​ការ​ស្រាវជ្រាវ​បន្ថែម​ ព្រមទាំង​អភិវឌ្ឍ​ និង​ប្រើប្រាស់​ AI​ ឱ្យ​ស្រប​តាម​វិស័យ​ការងារ​រៀងៗ​ខ្លួន​។​ ទោះបីជា​ AI​ អាច​ជួយ​ឱ្យ​ការ​ស្រាវជ្រាវ​ប្រព្រឹត្ត​ទៅ​បាន​ឆាប់រហ័ស​ និង​ងាយស្រួល​យ៉ាងណា​ក៏​ដោយ​ ក៏​បច្ចេកវិទ្យា​នេះ​មិន​អាច​ជំនួស​ការ​ទទួលខុសត្រូវ​របស់​អ្នក​ស្រាវជ្រាវ​ ក្នុង​ការ​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​ សីលធម៌​ និង​ស្ដង់ដារ​វិទ្យាសាស្ត្រ​បាន​ឡើយ​។​ ការ​ផ្ទៀងផ្ទាត់​ឡើង​វិញ​ និង​ការ​គ្រប់គ្រង​ដោយ​មនុស្ស​ នៅ​តែ​ជា​កត្តាចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​។​

​កាលពី​ថ្ងៃ​ទី​០៦-០៨​ ខែតុលា​ ឆ្នាំ​២០២៦​ កន្លង​ទៅ​ ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ កញ្ញា​ គួ​ច​ ឡាយ​ហេង​ ដែល​ជា​បណ្ណាធិការ​-​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​/​ប្រធាន​គ្រប់គ្រង​ និង​លោក​ សំ​អាន​ ម៉ារ​ឌី​ ដែល​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា​ និង​គេហទំព័រ​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ដឹកនាំ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ ៣​ ថ្ងៃ​ ស្តី​ពី​ការ​ណែនាំ​អំពី​ការ​ស្រាវជ្រាវ​ដោយ​ប្រើប្រាស់​ AI​ ជូន​ដល់​មន្ត្រីរាជការ​នៃ​ក្រសួងមហាផ្ទៃ​ នៅ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ មាន​មន្ត្រីរាជការ​ចូលរួម​ចំនួន​ ៤០​ រូប​ (​ស្ត្រី​ ០៧​ រូប​)​ ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ជំនាញ​វិភាគ​ការ​ស្រាវជ្រាវ​ និង​ការ​ប្រើប្រាស់​ទិន្នន័យ​ តាម​រយៈ​ការ​រំលឹក​ឡើង​វិញ​នូវ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ស្រាវជ្រាវ​ ការ​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​ AI​ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ និង​ការ​អនុវត្ត​ផ្ទាល់​ជាមួយ​ឧបករណ៍​ជំនួយ​ AI​ ក្នុង​ដំណាក់កាល​ផ្សេងៗ​នៃ​ដំណើរការ​ស្រាវជ្រាវ​។​

​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ស្រាវជ្រាវ​៖​ វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ចាប់ផ្តើម​ដោយ​ការ​រំលឹក​ឡើង​វិញ​នូវ​ទស្សនទាន​ និង​គោលការណ៍​សំខាន់ៗ​នៃ​ការ​ស្រាវជ្រាវ​ ដើម្បី​ធានា​ថា​អ្នកចូលរួម​ទាំងអស់​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ទម្រង់​រចនាសម្ព័ន្ធ​នៃ​ការ​ស្រាវជ្រាវ​។​ មេរៀន​បាន​ពន្យល់​ស៊ីជម្រៅ​លើស​មាស​ភាគ​ផ្សេងៗ​នៃ​ការ​ស្រាវជ្រាវ​ ដូច​ជា​ សេចក្តី​ផ្តើម​ ការ​រំលឹក​ទ្រឹស្តី​ ឬ​ឯកសារ​ពាក់ព័ន្ធ​ វិធីសាស្ត្រ​ស្រាវជ្រាវ​ លទ្ធផល​ ការ​ពិភាក្សា​ និង​សេចក្តីសន្និដ្ឋាន​ ក៏​ដូច​ជា​រំលេច​អំពី​ភាព​ខុស​គ្នា​សំខាន់ៗ​រវាង​វិធីសាស្ត្រ​ស្រាវជ្រាវ​បែប​គុណ​វិស័យ​ បរិមាណ​វិស័យ​ និង​វិធីសាស្ត្រ​ចម្រុះ​ ដែល​ជួយ​ឱ្យ​អ្នកចូលរួម​អាច​ជ្រើសរើស​វិធីសាស្ត្រ​បាន​សម​ស្រប​ទៅ​តាម​គោលបំណង​ស្រាវជ្រាវ​របស់​ពួក​គេ​។​ អ្នកចូលរួម​ទាំងអស់​ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​ស្គាល់​ពី​តួនាទី​របស់​ AI​ ព្រមទាំង​សារសំខាន់​ និង​កម្រិត​កំណត់​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ផង​ដែរ​។​ តាម​រយៈ​ការ​គាំទ្រ​ពី​ឧបករណ៍​ AI​ អ្នកចូលរួម​អាច​កំណត់​ប្រធានបទ​ស្រាវជ្រាវ​ រៀបចំ​សំណួរ​ស្រាវជ្រាវ​ និង​ទម្រង់​វិធីសាស្ត្រ​សម​ស្រប​តាម​ក្រុម​នីមួយៗ​បាន​យ៉ាង​រហ័ស​។​

​ការ​ណែនាំ​អំពី​ទិន្នន័យ​ និង​ការ​ស្រាវជ្រាវ​បែប​បរិមាណ​វិស័យ​៖​ បន្ទាប់​ពី​បាន​សិក្សា​លើ​ទម្រង់​រចនាសម្ព័ន្ធ​នៃ​ការ​ស្រាវជ្រាវ​រួច​មក​ ការ​បណ្តុះបណ្តាល​នៅ​ថ្ងៃ​ទី​ពីរ​បាន​ផ្តោត​លើ​តួនាទី​នៃ​ទិន្នន័យ​ ដែល​ជា​ធាតុ​ផ្សំ​គ្រឹះ​នៅ​ក្នុង​វិធីសាស្ត្រ​ស្រាវជ្រាវ​បែប​បរិមាណ​វិស័យ​។​ អ្នកចូលរួម​បាន​រៀនសូត្រ​អំពី​របៀប​ដែល​ទិន្នន័យ​មាន​រចនាសម្ព័ន្ធ​រៀបរយ​ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ពណ៌នា​លក្ខណៈ​ ពិនិត្យ​ប្រៀបធៀប​លទ្ធផល​ និង​សិក្សា​ទំនាក់ទំនង​រវាង​អថេរ​ផ្សេងៗ​។​ វគ្គ​នេះ​ក៏​បាន​ចង្អុលបង្ហាញ​ជាក់ស្តែង​ថា​ តើ​ឧបករណ៍​ AI​ និង​សំណួរ​បញ្ជា​ណាខ្លះ​ដែល​ស័ក្តិសម​បំផុត​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរការ​នីមួយៗ​ រាប់​ចាប់ពី​ការ​បង្កើត​កម្រង​សំណួរ​ ការ​ប្រមូល​ទិន្នន័យ​ ការ​សម្អាត​ទិន្នន័យ​ ការ​វិភាគ​ រហូត​ដល់​ការ​បកស្រាយ​ទិន្នន័យ​។​ តាម​រយៈ​ការ​អនុវត្ត​ផ្ទាល់​ អ្នកចូលរួម​ទទួល​បានការ​យល់​ដឹង​កាន់តែ​ច្បាស់លាស់​ក្នុង​ការ​ប្រើប្រាស់​ AI​ និង​ទិន្នន័យ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ និង​មាន​មូលដ្ឋាន​ព័ត៌មាន​រឹង​មាំ​ នៅ​ក្នុង​ការ​ស្រាវជ្រាវ​បែប​បរិមាណ​វិស័យ​។​

​ការ​អនុវត្ត​ជាក់ស្តែង​នៃ​ឧបករណ៍​ AI​ ក្នុង​ការ​ស្រាវជ្រាវ​បែប​គុណ​វិស័យ​៖​ ថ្ងៃ​ចុង​ក្រោយ​នៃ​វគ្គ​បណ្តុះបណ្តាល​ បាន​ផ្តោត​លើ​ការ​ប្រើប្រាស់​ឧបករណ៍​ AI​ ជាក់ស្តែង​នៅ​ក្នុង​វិធីសាស្ត្រ​បែប​គុណ​វិស័យ​ ដែល​អនុញ្ញាត​ឱ្យ​អ្នកចូលរួម​ទទួល​បាន​បទ​ពិសោធន៍​ផ្ទាល់​ក្នុង​ការ​ប្រើ​ AI​ ក្នុង​ដំណើរការ​ស្រាវជ្រាវ​។​ អ្នកចូលរួម​បាន​រៀន​ពី​របៀប​ប្រើប្រាស់​ AI​ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ រាប់​ចាប់ពី​ការ​បង្កើត​សំណួរ​ភារកិច្ច​សម្ភាសន៍​ ការ​រៀបចំ​ចងក្រង​កត់ត្រា​កិច្ច​សម្ភាសន៍​ រហូត​ដល់​ការ​ស្វែងរក​គំរូ​ទិន្នន័យ​ដែល​កើតឡើង​ជាន់ៗ​គ្នា​ និង​ការ​ជួយ​ដល់​ការ​វិភាគ​តាម​ប្រធានបទ​។​ កញ្ញា​ គួ​ច​ ឡាយ​ហេង​ ក៏​បាន​គូសបញ្ជាក់​បន្ថែម​អំពី​ក្រមសីលធម៌​ក្នុង​ការ​ស្រាវជ្រាវ​ និង​ជំនួយ​យ៉ាង​សំខាន់​របស់​ AI​ ក្នុង​ការ​រៀបចំ​ទិន្នន័យ​ដែល​មាន​បរិមាណ​ច្រើន​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ វា​នៅ​តែ​ជា​ភារកិច្ច​ និង​ការ​ទទួលខុសត្រូវ​របស់​អ្នក​ស្រាវជ្រាវ​ក្នុង​ការ​ផ្ទៀងផ្ទាត់​ការ​បកស្រាយ​នោះ​ធៀប​នឹង​ទិន្នន័យ​ដើម​ ដើម្បី​ចៀសវាង​ភាព​លំអៀង​ និង​ធានា​ថា​លទ្ធផល​ដែល​ទទួល​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ត្រឹមត្រូវ​នូវ​ទស្សនវិស័យ​ អត្ថន័យ​ និង​បរិបទ​ដើម​របស់​អ្នក​ផ្តល់​បទ​សម្ភាសន៍​។​

​វគ្គ​បណ្តុះបណ្តាល​បាន​បញ្ចប់​ទៅ​ដោយ​ការ​សង្កត់ធ្ងន់​លើ​របៀប​ដែល​ AI​ អាចយ​កមក​ប្រើប្រាស់​ជា​ឧបករណ៍​ជំនួយ​ ប៉ុន្តែ​ការ​ផ្ទៀងផ្ទាត់​ដោយ​ផ្ទាល់​ពី​មនុស្ស​នៅ​តែ​ជា​កត្តាចាំបាច់​ដាច់ខាត​។​ ជាមួយ​គ្នា​នេះ​ដែរ​ លោក​ លឹ​ម​ ពុទ្ធា​រី​ ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ សូ​ មុនី​រក្សា​ នាយក​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ ក៏​បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​បិទ​វគ្គ​យ៉ាង​ស៊ីជម្រៅ​ផង​ដែរ​។​ យើងខ្ញុំ​រំពឹង​យ៉ាង​មុតមាំ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​រវាង​អូ​ឌី​ស៊ី​ និង​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​នា​ពេល​អនាគត​។​