គណបក្សសង្គ្រោះជាតិការពារការអះអាងពីជ័យជម្នះរបស់ខ្លួននៅក្នុងការបោះឆ្នោតជាតិ
កាលពីថ្ងៃអង្គារគណបក្សសង្គ្រោះជាតិបានការពារការអះអាងរបស់ខ្លួន ដែលថា ខ្លួនទទួលបានសំឡេងភាគច្រើនយ៉ាងប្រកិតប្រកៀកគ្នានៃចំនួន អាសនៈសរុប១២៣នៃរដ្ឋសភានៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃ អាទិត្យ គឺល្មមគ្រប់គ្រាន់នឹងបង្កើតរដ្ឋាភិបាលអាណត្តិថ្មីរបស់ ប្រទេសកម្ពុជាបាន ប្រសិនបើតួលេខរបស់ខ្លួននៅដដែលនោះ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានអះអាងកាលពីយប់ថ្ងៃ អង្គារថា គណបក្សរបស់លោកទទួលបាន៦៣អាសនៈ ហើយបានអំពាវនាវឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីអំណាច។ តែទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចរបស់លោក នាយករដ្ឋមន្ត្រីរូបនេះ ក៏កំពុងអះអាងពីជ័យជម្នះរបស់ខ្លួនដែរ បន្ទាប់ពីទទួលបាន៦៨អាសនៈ។ តួលេខរបស់គណបក្សសង្គ្រោះជាតិក៏ខុសគ្នា ច្រើនដែរពីតួលេខរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយ សេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែលជាអង្គការ ឯករាជ្យដែលបានបញ្ជាក់ថា គណបក្សកាន់អំណាចទទួលបាន៦៧អាសនៈ និងជា អ្នកឈ្នះការបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. នឹងចេញផ្សាយ លទ្ធផលផ្លូវការនៅថ្ងៃទី ១០ ខែសីហា។ លោកស្រី មូរ សុខហួរ ប្រធានទទួលបន្ទុកកិច្ចការសាធារណៈនៅ គណបក្សសង្គ្រោះជាតិ មានប្រសាសន៍កាលពីម្សិលមិញថា គណបក្សរបស់ លោកស្រីគាំទ្រការអះអាងរបស់ខ្លួនដែលថា ខ្លួនទទួលបាន៦៣អាសនៈ។ លោកស្រីបានប្រសាសន៍ថា “ យើងមានលទ្ធផលទាំងអស់ បានពី គ្រប់ការិយាល័យបោះឆ្នោត”។…