សិក្ខា​សាលាដំបូង​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​ជំហាន​ទី​២៖​ អង្គការ​អូ​ឌី​ស៊ី​ចែករំលែក​បទ​ពិសោធន៍​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​

​នៅ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២៥​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ និង​ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​សិក្ខា​សាលាដំបូង​ស្តី​ពី​ការ​អភិវឌ្ឍ​សមត្ថភាព​លើ​ការ​ពង្រឹង​ដំណើរការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ សម្រាប់​ជំហាន​ទី​២​ ដែល​ជា​កិច្ចសហការ​រវាង​ក្រសួងបរិស្ថាន​ និង​អង្គការ​មូលនិធិ​អាស៊ី​។​ សិក្ខាសាលា​នេះ​មាន​អ្នកចូលរួម​ប្រមាណ​ ៤០​នាក់​មក​ពី​ក្រសួងបរិស្ថាន​ ក្រសួង​រ៉ែ​ និង​ថាមពល​ ក្រសួងទេសចរណ៍​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក្រសួង​សេដ្ឋកិច្ច​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្រសួងផែនការ​ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ វិទ្យាស្ថាន​កំណើន​បៃតង​សកល​ កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​ និង​ស្ថានទូត​អូស្ត្រាលី​។​

សិក្ខាសាលា​នេះ​មាន​គោលបំណង​ (១)​ កំណត់​ពី​ឱកាស​ និង​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​ (២)​ បំផុសគំនិត​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​អនុក្រឹត្យ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ដែល​មាន​ចែង​ក្នុង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​ឆ្នាំ​២០២៣​ ដើម្បី​គាំទ្រ​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ (៣)​ ពង្រីក​ឱកាស​កសាង​សមត្ថភាព​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​មន្ត្រី​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​

នៅ​ឆ្នាំ​២០២៥​ ក្រសួងបរិស្ថាន​ និង​អង្គការ​មូលនិធិ​អាស៊ី​បាន​សហការ​គ្នា​ដើម្បី​បន្ត​គំនិត​ផ្តួចផ្តើម​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ដោយ​ចាប់ផ្តើម​ពី​កិច្ចប្រជុំ​ក្នុង​ចំណោម​ថ្នាក់​គ្រប់គ្រង​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​ និង​ជំរុញ​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​បន្ថែម​ទៀត​។​ កិច្ចការ​ដំបូង​ គឺ​ការ​បង្កើត​ និង​ជំរុញ​ការ​រួម​បញ្ចូល​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ទៅ​ក្នុង​គោលនយោបាយ​ ផែនការ​យុទ្ធសាស្ត្រ​ និង​កម្មវិធី​នៅ​ក្នុង​សកម្មភាព​របស់​វិស័យ​ពាក់ព័ន្ធ​។​ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​មាន​គោលបំណង​ចូលរួម​ចំណែក​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​គាំទ្រ​ដល់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួម​បញ្ចូល​បញ្ហា​បរិស្ថាន​ទៅ​ក្នុង​ការ​រៀបចំ​គោលនយោបាយ​ ផែនការ​យុទ្ធសាស្ត្រ​ និង​កម្មវិធី​នៅ​ក្នុង​សកម្មភាព​របស់​វិស័យ​សំខាន់ៗ​ដែល​មាន​ចែង​ក្នុង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​។​

​ឯកឧត្តម​ ជួប​ ប៉ា​រី​ស៍​ រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន​ បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​។​ ក្នុង​ឱកាស​នោះ​ ឯកឧត្តម​បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា​ ការ​អនុវត្ត​សកម្មភាព​សម្រាប់​ដំណាក់កាល​ទី​២​នេះ​គឺជា​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​លើ​ការ​រៀបចំ​ឯកសារ​សម្រាប់​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ដែល​គ្របដណ្តប់​លើ​វិស័យ​អាទិភាព​ទាំង​ ៧​ ដូច​មាន​កំណត់​ក្នុង​ឯកសារ​ NDC​ ៣.០​ (Nationally​ Determined​ Contributions​ 3.0)​ ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ដោយ​ផ្តោត​លើស​រសរ​ស្តម្ភ​ទាំង​បី​រួម​មាន​៖​ សេដ្ឋកិច្ច​ សង្គម​ និង​បរិស្ថាន​។​ ការ​រៀបចំ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្រសួង​ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដើម្បី​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​តាម​វិស័យ​របស់​ខ្លួន​ក្នុង​គោលដៅ​រួម​គ្នា​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​ធានា​បាន​នូវ​បរិស្ថាន​ល្អ​ដែល​មានការ​គិតគូរ​ដល់​ភាព​ស្អាត​។​ ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់​បន្ថែម​ដោយ​ឱ្យ​អង្គ​សិក្ខាសាលា​គិតគូរ​លើ​ការ​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ដែល​មាន​ចែង​ក្នុង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​ដូច​ជា​ អនុក្រឹត្យ​ ឬ​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​តាម​វិស័យ​នីមួយៗ​។​ គួរ​រំលឹក​ផង​ដែរ​ថា​ កិច្ចសហការ​សម្រាប់​ដំណាក់កាល​ទី​១​ បាន​សម្រេច​លទ្ធផល​ជា​វិជ្ជមាន​ រួម​មានការ​បញ្ចប់​ការ​សិក្សា​ពី​វិសាលភាព​នៃ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​ ការ​កសាង​សមត្ថភាព​សម្រាប់​មន្ត្រីរាជការ​ និង​ការ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ផ្នែក​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​។​

សិក្ខាសាលា​នេះ​បាន​បង្ហាញ​ស្តី​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​រួម​មាន​ សាវតារ​នៃ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​ បច្ចុប្បន្នភាព​ ព្រមទាំង​ផែនការ​បន្ត​សម្រាប់​ឆ្នាំ​២០២៥-២០២៧​។​ បច្ចុប្បន្ន​នេះ​ ក្រសួងបរិស្ថាន​កំពុង​តែ​រៀបចំ​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​រ៉ែ​ខ្សាច់​ទន្លេ​ក្នុង​ប្រទេស​កម្ពុជា​។​ នៅ​កំឡុង​ឆ្នាំ​២០២៥-២០២៧​ ក្រសួងបរិស្ថាន​នឹង​រៀបចំ​អនុក្រឹត្យ​ស្តី​ពី​នីតិវិធី​នៃ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ការ​វិភាគ​ក្រប​ខណ្ឌ​នៃ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​បណ្តុះបណ្តាល​គ្រូ​បង្គោល​។​

លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​ និង​និពន្ធ​នាយក​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ក៏​ដូច​ជា​របាយការណ៍​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ដែល​ធ្លាប់​មាន​កន្លង​មក​។​ ស្រប​ពេល​គ្នា​នេះ​ដែរ​ លោក​ក៏​បាន​បង្ហាញ​ពី​ការងារ​ដែល​អូ​ឌី​ស៊ី​ធ្លាប់​បាន​ធ្វើ​ទាក់ទង​នឹង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​ដូច​ជា​ រ​គ្គ​បណ្តុះបណ្តាល​ សិក្ខាសាលា​ កិច្ចប្រជុំ​ផ្តល់​យោបល់​ សន្និសីទ​ និង​ការ​ផ្តល់​ធាតុ​ចូល​ក្នុង​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​រ៉ែ​ខ្សាច់​ទន្លេ​ក្នុង​ប្រទេស​កម្ពុជា​។​ អូ​ឌី​ស៊ី​បាន​ចាប់ផ្តើម​ធ្វើការ​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​តាំងពី​ឆ្នាំ​២០២០​ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​។​ នៅ​អំឡុង​ឆ្នាំ​២០២០​ អូ​ឌី​ស៊ី​ បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ និង​អង្គការ​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អនុ​ផល​ព្រៃឈើ​ ដែល​គាំទ្រ​ដោយ​គណៈកម្មាធិការ​ហូ​ឡង់​សម្រាប់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ​ រៀបចំ​វគ្គ​បណ្តុះបណ្តាល​ចំនួន​ ២​លើក​ ដែល​មាន​អ្នកចូលរួម​ប្រមាណ​ ៦១​នាក់​ មក​ពី​មន្ទីរ​ពាក់ព័ន្ធ​ និង​សង្គម​ស៊ី​វិល​។​ អូ​ឌី​ស៊ី​ ក៏​បាន​ចូលរួម​សន្និសីទ​ចំនួន​ ២​ដង​នៅ​ក្រៅប្រទេស​ និង​ធ្វើ​កិច្ច​ពិភាក្សា​ទាក់ទង​នឹង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​ក្នុង​តំបន់​មេគង្គ​ផង​ដែរ​។​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ឱ្យ​កាន់តែ​ទូលាយ​ អូ​ឌី​ស៊ី​ បាន​រៀបចំ​សិក្ខាសាលា​ចំនួន​ ៣​ដង​ ដែល​មាន​អ្នកចូលរួម​សរុប​ប្រមាណ​ ១២០​នាក់​ ពី​តំណាង​ក្រសួង​ពាក់ព័ន្ធ​ សង្គម​ស៊ី​វិល​ អ្នកការ​សែត​ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដែល​គាំទ្រ​ដោយ​មូលនិធិ​ហេ​ន​រេច​បូល​ និង​ FHI360-CSS​។​ អូ​ឌី​ស៊ី​ បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​អ្នកជំនាញ​បរទេស​ក្នុង​ការ​ផ្តល់​ធាតុ​ចូល​ដល់​ សេចក្តី​ព្រាង​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​រ៉ែ​ខ្សាច់​ទន្លេ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អូ​ឌី​ស៊ី​ ប្តេជ្ញា​ក្នុង​ការ​សហការ​ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​នានា​ទាក់ទង​នឹង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​។​