ក្រុម​ការងារ​អូឌីស៊ី​បាន​ចូលរួម​ព្រឹត្តិការណ៍​បារខែម​អាស៊ាន​ ២០១៧

បារ​ខែ​ម​អាស៊ាន​ ២០១៧​នេះ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២១-២២​  ខែតុលា​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (​សាលា​តិច​ណូ​)​ ក្នុង​រាជធានី​ភ្នំពេញ​។​ កម្មវិធី​នេះ​ មាន​គោលបំណង​ ដើម្បី​ផ្ដល់​ការ​ចែករំលែក​ចំណេះដឹង​ និង​កសាង​ទំនាក់ទំនង​ រវាង​អ្នកចូលរួម​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ក្នុង​តំបន់​ អំពី​ការ​ចាប់ផ្ដើម​ជំនួញ​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ សម្រាប់​ការ​សិក្សា​ ការងារ​ និង​ទំនាក់ទំនង​ ព្រមទាំង​ចំណេះដឹង​ផ្សេងៗ​ ដូច​ជា​ ជ្រើស​គំនិត​អាជីវកម្ម​ ការ​ស្វែង​យល់​ពី​ការ​បង្កើត​គំរូ​អាជីវកម្ម​ ស្វែង​យល់​អំពី​អតិថិជន​ ការ​ផលិត​ផលិតផល​និង​សេវាកម្ម​ ផ្សព្វផ្សាយ​និម្មិត្តសញ្ញា​អាជីវកម្ម​ ទីផ្សារ​ និង​ការ​រៀបចំ​គម្រោង​ ចំណាយ​ចាប់ផ្ដើម​អាជីវកម្ម​ ជាដើម​។​

Cover BarCamp ASEAN 2017

បដារផ្សព្វផ្សាយកម្មវិធីបារខែមអាស៊ាន ២០១៧។

​ក្រៅពី​នេះ​ នៅ​មានការ​តាំងពិព័រណ៍​របស់​ Startups​ និង​ ផលិតផល​ ឬ​សេវាកម្ម​បច្ចេកវិទ្យា​ថ្មីៗ​ ដែល​មានការ​ចូលរួម​ប្រមាណ​ ៦៥​ស្តង់​។​ អ្នកចូលរួម​ទាំងអស់​នឹង​មានឱកាស​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​បុគ្គល​ដែល​មានបទពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា​ និង​អាជីវកម្ម​ អ្នក​ច្នៃប្រឌិត​ សាស្ត្រាចារ្យ​ សិស្ស​និស្សិត​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​តំបន់​អាស៊ាន​ មក​ធ្វើការ​ផ្លាស់​ប្ដូរ​ចំណេះដឹង​ ជំនាញ​ និង​បទ​ពិសោធន៍​ ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​អាជីវកម្ម​ ការ​ច្នៃប្រឌិត​បង្កើត​ថ្មី​ សហគ្រិនភាព​ និង​កា​រវិ​វ​ឌ្ឍ​នៃ​ការងារ​។​ លើស​ពី​នេះ​ អ្នកចូលរួម​អាច​ស្វែងរក​ប្រធានបទ​ដែល​ខ្លួន​ពេញចិត្ត​ ដើម្បី​ចូលរួម​ស្ដាប់​តាម​បន្ទប់​ តាម​ម៉ោង​ និង​ប្រធានបទ​នីមួយៗ​ ដោយ​អាច​មើល​នៅ​លើ​ផ្ទាំង​ តារាង​ប្រធានបទ​ ដែល​អ្នក​រៀបចំ​កម្មវិធី​បាន​បិត​ ក្នុង​បរិវេណ​កម្មវិធី​ ឬ​អាច​ចូល​ទៅ​វេ​ប​សាយ​ បារ​ខែ​ម​អាស៊ាន​ ដើម្បី​មើល​ប្រធានបទ​។

IMG_0648

តារាងប្រធានបទ ដែលអ្នកចូលរួមអាចស្វែងរកព័ត៌មានអំពីប្រធានបទដែលពួកគេចាប់អារម្មណ៍ រួមជាមួយនឹងពេលវេលាធ្វើបទបង្ហាញ និងលេខបន្ទប់។

ក្រុមការងារ​អូ​ឌី​ស៊ី​ ពិតជា​មាន​មោទនភាព​ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​នេះ​។​ ពួក​យើង​បាន​ធ្វើ​បទ​បង្ហាញ​អំពី​គេហទំព័រ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​អត្ថប្រយោជន៍​របស់​វា​ សម្រាប់​និស្សិត​ អ្នក​ស្រាវជ្រាវ​ អ្នក​វិនិយោគ​ និង​សង្គម​ទាំងមូល​ រួម​ទាំង​ការ​ធ្វើ​បទ​បង្ហាញ​ស្តី​អំពី​ការ​ធ្វើ​ឱ្យ​សេវា​សាធារណៈ​បាន​ប្រសើរ​ឡើង​តាម​រយៈ​ទិន្នន័យ​បើក​ទូលាយ​ផង​ដែរ​ ដោយ​ក្នុង​នោះ​ យើង​មាន​អ្នកចូលរួម​ជា​ច្រើន​ ដែល​ភាគច្រើន​ពួក​គាត់​ជា​ សិស្ស​វិទ្យាល័យ​អនុ​វិទ្យាល័យ​ និស្សិត​មក​ពីសា​កល​វិទ្យា​រដ្ឋ​ និង​ឯកជន​នានា​ដូច​ជា​៖​ សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ​,​ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​,​សាកលវិទ្យាល័យ​កម្ពុជា​,​ សាកលវិទ្យាល័យ​ន័​រ​តុ​ន​,​ សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​,​ សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​,​ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​,​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​,​ វិទ្យាស្ថាន​ជាតិ​ប្រៃសនីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ រួម​ទាំង​អ្នកបម្រើ​ការងារ​នៅ​តាម​ស្ថាប័ន​វិស័យ​ឯកជន​ ក៏​ដូច​ជា​អង្គការ​នានា​ផង​ដែរ​។​   

Speakers

ផ្ទាំងរូបភាពបង្ហាញពីប្រធានបទ និងរូបភាពក្រុមការងារពណ្ណាធីការ-អ្នកស្រាវជ្រាវនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដែលបានរចនាឡើងដោយក្រុមការងារបារខែម។

presentation

ការធ្វើបទបង្ហាញដោយក្រុមការងារពណ្ណាធីការ-អ្នកស្រាវជ្រាវនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។​ រូបភាពបានមកពីបារខែម។

IMG_0631

ក្រុមការងារពណ្ណាធីការ-អ្នកស្រាវជ្រាវ នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កំពុងបង្ហាញកម្រងឯកសារជាច្រើន ដែលស្ថាប័នជាតិ និងអន្តរជាតិ បានទាញយកទិន្នន័យនៅលើគេហទំព័រអូឌីស៊ី យកទៅប្រើប្រាស់សម្រាប់កិច្ចការស្រាវជ្រាវ ឬឯកសារចេញផ្សាយផ្សេងៗ។

​ជាមួយ​គ្នា​នេះ​ដែរ​ ក្រុមការងារ​ក៏​បាន​រៀបចំ​ស្តង់​ ដើម្បី​ស្វាគមន៍​ និង​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម​ទទួល​បានការ​យល់​ដឹង​អំពី​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ និង​ Site​ Demo​ ដោយ​អនុញ្ញាត​ឱ្យ​ពួក​គេ​លើក​ជា​សំណួរ​ផ្សេងៗ​។​ ក្រុមការងារ​ ក៏​បាន​ផ្តល់​សម្ភារៈ​ផ្សព្វផ្សាយ​មួយ​ចំនួន​ ដូច​ជា​ សៀវភៅ​ ស្លាក​ និង​អាវយឺត​អូ​ឌី​ស៊ី​ដល់​អ្នកចូលរួម​ផង​ដែរ​។​

Booth BarCamp 2017

អ្នកចូលរួមកម្មវិធីបាខែម កំពុងចូលទស្សនា និងសួរសំនួរមកកាន់ក្រុមការងារអូឌីស៊ី។

Booth BarCamp 2017_1

អ្នកចូលរួមកម្មវិធីបាខែម កំពុងចូលទស្សនា និងសួរសំនួរមកកាន់ក្រុមការងារអូឌីស៊ី។

តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​អំពី​សេវា​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​នៃ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ការ​ទទួល​បាន​សេវា​សាធារណៈ​នៅ​ស្តង់​ពិ​ព័ណ៌​របស់​អូ​ឌី​ស៊ី​ លោក​ ហេង​ សុធា​យុទ្ធ​ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ និង​សេវា​សាធារណៈ​ នៃ​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ មានការ​ពេញចិត្ត​នឹង​ព័ត៌មាន​ទិន្នន័យ​ដែល​អូ​ឌី​ស៊ី​បាន​ធ្វើ​ ហើយ​លោក​បាន​ផ្តល់​នូវ​ខិតប័ណ្ណ​ និង​ប័ណ្ណ​ព័ត៌មាន​មួយ​ចំនួន​ ស្តី​ពី​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ ការ​ចុះបញ្ជី​យានជំនិះ​ ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​ ការ​ផ្តល់​បណ្ណ​បើកបរ​យានយន្ត​ និង​កម្មវិធី​យល់​ដឹង​អំពី​ទ្រឹស្តី​នៃ​ការ​បើកបរ​លើ​ទូរស័ព្ទ​ ដែល​នេះ​ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ ដើម្បី​ការ​ផ្តល់​សេវា​សាធារណៈ​នានា​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ ដល់​ប្រជាពលរដ្ឋ​បាន​ប្រសើរ​ឡើង​ មាន​ភាព​ងាយស្រួល​ និង​មាន​តម្លាភាព​ ស្រប​ពេល​ដែល​ការ​និយម​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​កំពុង​តែ​មានការ​កើនឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

Ministry public work

ក្រុមការងារអូឌីស៊ី និងលោក ហេង សុធាយុទ្ធ កំពុងកាន់ខិតបណ្ណព័ត៌មានអំពីប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។