ក្រុមការងារអូឌីស៊ីបានចូលរួមព្រឹត្តិការណ៍បារខែមអាស៊ាន ២០១៧
បារខែមអាស៊ាន ២០១៧នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ២១-២២ ខែតុលា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះ មានគោលបំណង ដើម្បីផ្ដល់ការចែករំលែកចំណេះដឹង និងកសាងទំនាក់ទំនង រវាងអ្នកចូលរួមទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ អំពីការចាប់ផ្ដើមជំនួញ ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការសិក្សា ការងារ និងទំនាក់ទំនង ព្រមទាំងចំណេះដឹងផ្សេងៗ ដូចជា ជ្រើសគំនិតអាជីវកម្ម ការស្វែងយល់ពីការបង្កើតគំរូអាជីវកម្ម ស្វែងយល់អំពីអតិថិជន ការផលិតផលិតផលនិងសេវាកម្ម ផ្សព្វផ្សាយនិម្មិត្តសញ្ញាអាជីវកម្ម ទីផ្សារ និងការរៀបចំគម្រោង ចំណាយចាប់ផ្ដើមអាជីវកម្ម ជាដើម។
ក្រៅពីនេះ នៅមានការតាំងពិព័រណ៍របស់ Startups និង ផលិតផល ឬសេវាកម្មបច្ចេកវិទ្យាថ្មីៗ ដែលមានការចូលរួមប្រមាណ ៦៥ស្តង់។ អ្នកចូលរួមទាំងអស់នឹងមានឱកាសជួបពិភាក្សាដោយផ្ទាល់ជាមួយបុគ្គលដែលមានបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យា និងអាជីវកម្ម អ្នកច្នៃប្រឌិត សាស្ត្រាចារ្យ សិស្សនិស្សិត នៅក្នុងរាជធានីភ្នំពេញ និងតំបន់អាស៊ាន មកធ្វើការផ្លាស់ប្ដូរចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលទាក់ទងនឹងបច្ចេកវិទ្យាអាជីវកម្ម ការច្នៃប្រឌិតបង្កើតថ្មី សហគ្រិនភាព និងការវិវឌ្ឍនៃការងារ។ លើសពីនេះ អ្នកចូលរួមអាចស្វែងរកប្រធានបទដែលខ្លួនពេញចិត្ត ដើម្បីចូលរួមស្ដាប់តាមបន្ទប់ តាមម៉ោង និងប្រធានបទនីមួយៗ ដោយអាចមើលនៅលើផ្ទាំង តារាងប្រធានបទ ដែលអ្នករៀបចំកម្មវិធីបានបិត ក្នុងបរិវេណកម្មវិធី ឬអាចចូលទៅវេបសាយ បារខែមអាស៊ាន ដើម្បីមើលប្រធានបទ។

តារាងប្រធានបទ ដែលអ្នកចូលរួមអាចស្វែងរកព័ត៌មានអំពីប្រធានបទដែលពួកគេចាប់អារម្មណ៍ រួមជាមួយនឹងពេលវេលាធ្វើបទបង្ហាញ និងលេខបន្ទប់។
ក្រុមការងារអូឌីស៊ី ពិតជាមានមោទនភាពដែលបានចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ។ ពួកយើងបានធ្វើបទបង្ហាញអំពីគេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងអត្ថប្រយោជន៍របស់វា សម្រាប់និស្សិត អ្នកស្រាវជ្រាវ អ្នកវិនិយោគ និងសង្គមទាំងមូល រួមទាំងការធ្វើបទបង្ហាញស្តីអំពីការធ្វើឱ្យសេវាសាធារណៈបានប្រសើរឡើងតាមរយៈទិន្នន័យបើកទូលាយផងដែរ ដោយក្នុងនោះ យើងមានអ្នកចូលរួមជាច្រើន ដែលភាគច្រើនពួកគាត់ជា សិស្សវិទ្យាល័យអនុវិទ្យាល័យ និស្សិតមកពីសាកលវិទ្យារដ្ឋ និងឯកជននានាដូចជា៖ សាកលវិទ្យាភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច,សាកលវិទ្យាល័យកម្ពុជា, សាកលវិទ្យាល័យន័រតុន, សាកលវិទ្យាល័យមេគង្គកម្ពុជា, សាកលវិទ្យាល័យបៀលប្រាយ, សាកលវិទ្យាល័យជាតិគ្រប់គ្រង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, វិទ្យាស្ថានជាតិប្រៃសនីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រួមទាំងអ្នកបម្រើការងារនៅតាមស្ថាប័នវិស័យឯកជន ក៏ដូចជាអង្គការនានាផងដែរ។

ផ្ទាំងរូបភាពបង្ហាញពីប្រធានបទ និងរូបភាពក្រុមការងារពណ្ណាធីការ-អ្នកស្រាវជ្រាវនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដែលបានរចនាឡើងដោយក្រុមការងារបារខែម។

ការធ្វើបទបង្ហាញដោយក្រុមការងារពណ្ណាធីការ-អ្នកស្រាវជ្រាវនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ រូបភាពបានមកពីបារខែម។

ក្រុមការងារពណ្ណាធីការ-អ្នកស្រាវជ្រាវ នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កំពុងបង្ហាញកម្រងឯកសារជាច្រើន ដែលស្ថាប័នជាតិ និងអន្តរជាតិ បានទាញយកទិន្នន័យនៅលើគេហទំព័រអូឌីស៊ី យកទៅប្រើប្រាស់សម្រាប់កិច្ចការស្រាវជ្រាវ ឬឯកសារចេញផ្សាយផ្សេងៗ។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានរៀបចំស្តង់ ដើម្បីស្វាគមន៍ និងផ្តល់ឱកាសដល់អ្នកចូលរួមទទួលបានការយល់ដឹងអំពីគេហទំព័ររបស់អូឌីស៊ី និង Site Demo ដោយអនុញ្ញាតឱ្យពួកគេលើកជាសំណួរផ្សេងៗ។ ក្រុមការងារ ក៏បានផ្តល់សម្ភារៈផ្សព្វផ្សាយមួយចំនួន ដូចជា សៀវភៅ ស្លាក និងអាវយឺតអូឌីស៊ីដល់អ្នកចូលរួមផងដែរ។
តាមរយៈការធ្វើបទបង្ហាញអំពីសេវាលើមធ្យោបាយដឹកជញ្ជូននៃទំព័រព័ត៌មានទិន្នន័យការទទួលបានសេវាសាធារណៈនៅស្តង់ពិព័ណ៌របស់អូឌីស៊ី លោក ហេង សុធាយុទ្ធ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងសេវាសាធារណៈ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន មានការពេញចិត្តនឹងព័ត៌មានទិន្នន័យដែលអូឌីស៊ីបានធ្វើ ហើយលោកបានផ្តល់នូវខិតប័ណ្ណ និងប័ណ្ណព័ត៌មានមួយចំនួន ស្តីពីប្រព័ន្ធស្វ័យប្រវត្តិកម្ម ការចុះបញ្ជីយានជំនិះ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ការផ្តល់បណ្ណបើកបរយានយន្ត និងកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរស័ព្ទ ដែលនេះ គឺជាការខិតខំប្រឹងប្រែងរបស់ក្រសួង ដើម្បីការផ្តល់សេវាសាធារណៈនានាលើមធ្យោបាយដឹកជញ្ជូន ដល់ប្រជាពលរដ្ឋបានប្រសើរឡើង មានភាពងាយស្រួល និងមានតម្លាភាព ស្របពេលដែលការនិយមប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាកំពុងតែមានការកើនឡើងនៅក្នុងប្រទេសកម្ពុជា។