សិក្ខាសាលារួមសម្រាប់អ្នកសារព័ត៌មានប្រជាពលរដ្ឋស្តីពី “ការសេរសេរព័ត៌មាន ពីសេវាសាធារណៈ”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានសហការគ្នារៀបចំសិក្ខាសាលាមួយ ដែលមានរយៈពេល ២ ថ្ងៃ នៅខេត្តសៀមរាប។ នៅថ្ងៃទី ២៨ ខែកុម្ភៈ និងថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៨ សិក្ខាកាមដែលជាអ្នកសារព័ត៌មានប្រជាពលរដ្ឋចំនួន ១៦ នាក់ មកពីបណ្ដាខេត្តនានាទូទាំងប្រទេស បានសិក្សាពីរបៀបសរសេរព័ត៌មានដែលផ្តោតលើសេវាសាធារណៈនៅតាមសហគមន៍របស់ពួកគាត់។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញការសរសេរព័ត៌មានឱ្យមានប្រសិទ្ធិភាព ព្រមទាំងបង្ហាញរបៀបទាញយក និងប្រើប្រាស់គេហទំព័រអូឌីស៊ី សម្រាប់សរសេរព័ត៌មានពិស្តារ។ សិក្ខាសាលានេះរៀបចំឡើងក្រោមគម្រោង “ការធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា” ដែលឧបត្ថម្ភថវិកាដោយកម្មវិធី SPIDER។
“តើអ្នកសារព័ត៌មានប្រជាពលរដ្ឋអាចធ្វើអ្វីខ្លះ ដើម្បីឱ្យសេវាសាធារណៈបានល្អប្រសើរ?” និង “តើពួកគេអាចនាំពាក្យពីសហគហមន៍ដោយរបៀបណា?” ទាំងនេះ គឺជាសំណួរគោល ដែលអ្នកចូលរួមបានធ្វើការស្វែងយល់ នៅក្នុងសិក្ខាសាលារយៈពេល ២ ថ្ងៃនេះ។ អ្នកសារព័ត៌មានប្រជាពលរដ្ឋ ១៦ នាក់ ដែលបានចូលរួមសិក្ខាសាលានេះ បានយល់ដឹងពី បញ្ហាសាធារណៈ និងរបៀបសរសេរព័ត៌មានពីបញ្ហាទាំងនោះ។
ដើម្បីផ្តល់ជំនាញដល់អ្នកចូលរួម នៅថ្ងៃទី ១ នៃវគ្គបណ្ដុះបណ្ដាល លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយក នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍបានផ្តល់មតិស្វាគមន៍ និងការណែនាំអំពីគម្រោងនេះ ព្រមទាំងណែនាំតួនាទីរបស់គេហទំព័រអូឌីស៊ីជារួម។ គេហទំព័រនេះ មានសារៈសំខាន់ណាស់ សម្រាប់ការស្វែងរកព័ត៌មានដែលទាក់ទងនឹង “ការទទួលបានសេវាសាធារណៈ” ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា។ ឯកសារយោង មានសារៈសំខាន់ណាស់ សម្រាប់អ្នកសារព័ត៌មានប្រជាពលរដ្ឋ ក្នុងការជ្រើសរើសប្រធានបទ ក្នុងការសរសេរព័ត៌មាន ក៏ដូចជាក្នុងការស៊ើបអង្កេតស្ថានភាពជាក់ស្តែង។ តាមរយៈផែនទីអន្តរកម្ម ដែលមានលើគេហទំព័រអូឌីស៊ី អ្នកប្រើប្រាស់អាចមើលដឹងពីទីតាំង សេវាសុខាភិបាល សេវាអប់រំ និងប្រធានបទផ្សេងៗទៀត នៅលើគេហទំព័រតែមួយ។ អ្នកសារព័ត៌មានមិនត្រឹមតែអាចប្រើប្រាស់ព័ត៌មាន សម្រាប់ការស្រាវជ្រាវរបស់ពួកគេនោះទេ ពួកគេអាចប្រើប្រាស់ផែនទីដើម្បីធ្វើឱ្យអត្ថបទដែលសរសេរនោះអាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកអានទៀតផង។
ជំហានបន្ទាប់ លោក គុណ ចិន្តា បុគ្គលិកនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានបង្ហាត់បង្រៀនសិក្ខាកាមឱ្យស្វែងយល់ពីព័ត៌មាន ហើយបង្កើតជាអត្ថបទសារព័ត៌មាន។ សិក្ខាកាមស្វែងយល់បន្ថែម និងអនុវត្តលើគោលការណ៍នៃអ្នកសារព័ត៌មាន ព្រមទាំងពិភាក្សា លើលក្ខណៈនៃរបាយការណ៍ដែលល្អ ដូចជា មុំ និងការសន្និដ្ឋានរបស់អ្នកសរសេរ។
សិក្ខាកាមអាចប្រើប្រាស់ចំណេះដឹងទាំងនេះ នៅវគ្គបន្ទាប់នៃសិក្ខាសាលា ដោយពួកគេអាចអនុវត្តការសរសេរព័ត៌មាន ទាក់ទងនឹងសេវាសាធារណៈ នៅក្នុងសហគមន៍របស់ពួកគាត់ផ្ទាល់។ ជាក់ស្ដែង សិក្ខាកាមខ្លះបានលើកសំណួរទាក់ទងនឹងការសន្យានៃសម្បទានសេដ្ឋកិច្ច ក្នុងការកែលម្អរចនាសម្ព័ន្ធ ដែលមិនទាន់ឃើញមានជាលទ្ធផល។ ឯក្រុមខ្លះទៀតលើកឡើងពី ការត្អូញត្អែររបស់ប្រជាពលរដ្ឋមួយចំនួន ដែលពួកគេនៅតែត្រូវបង់ប្រាក់ចំពោះសេវាមួយចំនួន ដែលមិនតម្រូវឱ្យបង់។ ហើយក្រុមខ្លះទៀត ក៏បានលើកឡើងពីភាពប្រសើរជាងមុននៃការផ្តល់សេវាធារណៈ នៅសហគមន៍របស់គេផ្ទាល់។ ឧទាហរណ៍ទាំងនេះ បង្ហាញពីការផ្តល់អំណាច និងចំណេះដឹងដល់អ្នកសារព័ត៌មានប្រជាពលរដ្ឋ ក្នុងការជួយពាំនាំសម្លេងពីប្រជាពលរដ្ឋនៅមូលដ្ឋាន ទៅដល់អ្នកសម្រេចចិត្ត។
ក្រៅពីមតិយោបល់ល្អៗដែលអូឌីស៊ីបានទទួលពីអ្នកចូលរួម ពួកគេក៏បានស្នើរឱ្យមានការកែសម្រួលផងដែរ។ សិក្ខាកាមខ្លះបានលើកឡើងពីការមិនធ្វើបច្ចុប្បន្នភាពរបស់ទិន្នន័យខ្លះនៅលើគេហទំព័រអូឌីស៊ី តែពួកគេរីករាយនឹងចែករំលែកទិន្នន័យដែលមានមកកាន់ក្រុមការងាររបស់អូឌីស៊ី។ ម្យ៉ាងទៀត សិក្ខាកាមខ្លះបានត្អូញត្អែរពីភាពលំបាកក្នុងការប្រើប្រាស់គេហទំព័រអូឌីស៊ីតាមទូរស័ព្ទដៃ។ ពួកគាត់សង្ឃឹមថា អូឌីស៊ីនឹងកែលម្អគេហទំព័រនេះឱ្យងាយស្រួលប្រើប្រាស់តាមទូរស័ព្ទដៃ ដើម្បីសម្រួលដល់ការស្រាវជ្រាវរបស់ពួកគាត់។ អង្គការអូឌីស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការទទួលបាននូវមតិល្អៗនេះ ដើម្បីកែសម្រួលឱ្យកាន់តែប្រសើរឡើង។
សិក្ខាសាលាចំនួន ២ថ្ងៃ នៅខេត្តសៀមរាបនេះ ជាជំហានមួយដែលសម្រេចគោលដៅមួយរបស់អង្គការអូឌីស៊ី ក្នុងការចូលរួមចំណែកផ្ដល់ចំណេះដឹងក្នុងការសរសេរព័ត៌មានទៅដល់ប្រជាពលរដ្ឋ ដើម្បីឱ្យគាត់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរាយការណ៍ពីបញ្ហានៅក្នុងសហគមន៍របស់ពួកគាត់។ នេះជាបេសកម្មមួយដែលមានសារៈសំខាន់ណាស់ ដោយសារអវត្តមាននៃទំនាក់ទំនងគ្នារវាង អាជ្ញាធរមូលដ្ឋាន អ្នកផ្ដល់សេវា និងប្រជាពលរដ្ឋ នៅក្នុងស្ថានភាពខ្លះកាលពីអតីតកាល។ អង្គការអូឌីស៊ីនឹងបន្ថែមវគ្គបណ្ដុះបណ្ដាលនេះចំនួន២ បន្ថែមទៀត និងដកស្រង់យកមតិរបស់សិក្ខាកាមដើម្បីកែលម្អវគ្គបណ្ដុះបណ្ដាលក្រោយៗឱ្យកាន់តែប្រសើរឡើង។ ក្រោយពីវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់នឹងអនុវត្តចំណេះដឹងសម្រាប់ការងារជាពលរដ្ឋអ្នកសារព័ត៌មានរបស់ពួកគាត់។